អគារខ្ពស់ៗបង្កើនសោភណ្ឌភាពនិងទាក់ទាញការថតរូប

អគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញ។

នៅពេលបច្ចុប្បន្នយើងកត់សម្គាល់ឃើញថា សំណង់អគារខ្ពស់ៗបានរីកដុះដាលនៅក្នុងរាជធានីភ្នំពេញ ជាក់ស្តែងជុំវិញពហុកីឡាដ្ឋានជាតិអូឡាំពិក ជាកន្លែងដែលទាក់ទាញអារម្មណ៍ប្រជាពលរដ្ឋ ដែលរស់នៅម្តុំនេះ និងរស់នៅកន្លែងឆ្ងាយពីទីនេះ ក៏បានមកស្រូបយកខ្យល់អាកាស និងមកទស្សនាក៏ដូចជាការហាត់កីឡា។

មួយវិញទៀតអ្វីដែលជាការទាក់ទាញ ចំណាប់អារម្មណ៍ក៏ដូចជាការផ្តិតយករូបភាព និងភាពស្រស់ស្អាតសម្រាប់ប្រជាពលរដ្ឋ គឺអគារខ្ពស់ៗនៅព័ទ្ធជុំវិញពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ។​ ផ្សារទំនើបអូឡាំព្យា ដែលទើបតែបង្កើតថ្មី ប្រជាពលរដ្ឋក្រៅពីការហាត់កីឡា ក៏ឆ្លៀតពេលមុនត្រឡប់ទៅផ្ទះក៏ចូលទៅផ្សារទំនើបនេះ ដើម្បីទិញរបស់របរប្រើប្រាស់។

ដោយសារតែភាពរីកចំរើននៃវិស័យសំណង់ អគារ នៅរាជធានីភ្នំពេញ យើងសង្កេតឃើញមានអគារខ្ពស់ៗនៅជាប់នឹងរបងពហុកីឡាដ្ឋានជាតិអូឡាំពិក បានបង្កើននូវសម្រស់ទាក់ទាញ សម្រាប់អោយប្រជាពលរដ្ឋទៅទស្សនាកម្សាន្ត ក៏ដូចជាការថតរូបជាដើម។ បន្ទាប់ពីការអភិវឌ្ឍអគារខ្ពស់ៗនៅក្បែរពហុកីឡាដ្ឋានជាតិអូឡាំពិក ប្រជាពលរដ្ឋជាច្រើនក៏បាននាំគា្នទៅដើរលេងកម្សាន្ត។

កញ្ញា នូ វិច្ឆិការ ជានិស្សិត បានបង្ហើបថា «វាពិតជាល្អ ព្រោះមានអគារទើបបង្កើតនៅជិតទីនេះ យើងអាចទៅលេងនៅទីនេះ អាចដើរផ្សារនៅទីនេះបាន យើងអាចមកទីនេះ បានទាំងកម្សាន្តនិងសុខភាព»។

ភាពសប្បាយរីករាយក៏ដូចជាពេលទំនេរ ដើម្បីស្រូបយកខ្យល់អាកាស និងហាត់ប្រាណដើម្បីសុខភាព។ ទន្ទឹមទៅនឹងភាពរីកចំរើនរបស់រាជធានីភ្នំពេញ ពហុកីឡាដ្ឋាន និងអគារខ្ពស់ៗទាំងនេះ ក៏អាចអោយប្រជាពលរដ្ឋបន្ធូរអារម្មណ៍ពីភាពតានតឹងក្នុងកំឡុងពេលជំងឺកូវីដ១៩នេះដែរ។

ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​​​​​ មាន​ទីតាំង​នៅ​ចំ​កណ្ដាល​ទីក្រុងភ្នំពេញ។ ពហុកីឡដ្ឋាន​មាន​លទ្ឋភាព​ទទួល​ទស្សនិកជន​បាន​ប្រមាណ​៥​ម៉ឺន​នាក់។ វា​ត្រូវ​បាន​គូរ​ប្លង់​ដោយ​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​គឺ​​លោក វណ្ណ ម៉ូលីវណ្ណ។

ការ​ស្ថាបនា​ពហុកីឡដ្ឋាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៦៣ និង​បញ្ចប់​នៅ​ឆ្នាំ​ ១៩៦៤។ ពិធី​សម្ពោធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១២ ធ្នូ ១៩៦៤ ដំនាល​គ្នា​នឹង​ បុរីកីឡា ​ដែរ ពហុកីឡដ្ឋាន​នេះ​ត្រូវ​បាន​ស្ថាបនា​ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ កីឡា​ឧបទ្វីប​អាស៊ី​អាគ្នេយ៍ (បច្ចុប្បន្ន​បាន​​ប្ដូរ​ឈ្មោះ​ជា​​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ ស៊ីហ្គេម (SEA GAME)) ឆ្នាំ ១៩៦៣ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​​​ដោយ​សារ​បញ្ហា​នយោបាយ​នៅកម្ពុជា។ ពហុកីឡដ្ឋាននេះក៏បានទទួលប្រារព្ឋការប្រកួតកីឡាហ្គានេហ្វូផងដែរ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី៦ធ្នូ ១៩៦៦ ដោយអោយឈ្មោះព្រឹត្តិការណ៍នោះថា កីឡាហ្គានេហ្វូលើកទី១។ ពហុកីឡដ្ឋាន​​ត្រូវ​បាន​ប្រើប្រាស់​​ជា​កន្លែង​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋ​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន ​ជា​កន្លែង​ប្រារព្ឋ​ពិធី​ផ្សេង​ៗ​របស់​រដ្ឋ និង​​ជា​កន្លែង​ហ្វឹកហ្វឺន​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា៕

Add new comment

10 + 10 =