ស្រ្តីនិងសរសៃសូត្រ

ស្ត្រីសិល្បៈករ កំពុងតម្បាញក្រម៉ាវែងជាងគេលើពិភពលោក

ស្នូរកីតម្បាញត្រូវបានបន្លឺឡើងស្ទើរតែគ្រប់ផ្ទះ ស្ថិតក្នុងស្រុកព្រែកលួង ខេត្តកណ្តាល។ ប្រជាជនភាគច្រើនដែលរស់នៅ ក្នុងមូលដ្ឋានខាងលើ ភាគច្រើនជាស្រ្តី ភាគច្រើនចាប់មុខរបរ ជាអ្នកតម្បាញហូលផាមួង ដែលជាមុខរបរបន្សល់ទុកតាំងពីដូនតាមក។

ស្នូរកីតម្បាញដែលបានបន្លឺឡើងពីក្នុងផ្ទះមួយដែលមានមូលដ្ឋាន ក្នុងភូមិឃុំខាងលើ មានស្ត្រីទាំងចាស់ ទាំងក្មេង កំពុងមមាញឹក ក្នុងការតម្បាញហូលផាមួង ដែលមានគោមក្បាច់ផ្កាភ្ញី យ៉ាងល្អវិចិត្រ មានភាពស្រស់ស្អាត។ ស្រ្តីខ្លះ កំពុងត្បាញ ខ្លះកំពុងចងគោម អ្នកខ្លះកំពុង ស្រាវ ជ្រលក់ នូវសរសៃសូត្រ។

ព្រែកលួង ជាឈ្មោះឃុំមួយ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល។ ឃុំកោះឧញ៉ាតីមានទំហំ ៦៧៨ ហិចតា ហ៊ុំព័ទ្ធជុំវិញដោយទឹកទន្លេមេគង្គ ទ្រទ្រង់ប្រជាពលរដ្ឋប្រមានជា ១២៣៦គ្រួសារ ឬ ៦៣៦៣នាក់ ដែលក្នុងនោះ ៥២%ជាស្ត្រី។ ប្រជាពលរដ្ឋចេញចូលឃុំដោយឆ្លងទូកដរ ឃុំនេះមាន ៥ភូមិជាចំណុះ ដោយសារភូមិសាស្រ្ត មិនអំណោយផលដល់ការងារ ដំណាំស្រូវ ទើបប្រជាពលរដ្ឋ នាំគ្នា ប្រកបមុខរបរ កសិកម្ម នឹង តម្បាញ ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

អ្នកស្រី យ៉ែម សុធី អាយុ៥៣ឆ្នាំ ដែលជាស្រ្តីម្នាក់ក្នុងចំណោមស្រ្តីដទៃទៀត ដែលចាប់មុខរបរជាអ្នកតម្បាញ ហូលផាមួងនេះ កំពុងមមាញឹកត្បាញផាមួងដែលជាមុខរបរ បន្សល់ទុកតាំងពីជីដូនជីតា អ្នកស្រីមកម្ល៉េះ។ ស្រ្តីរូបនេះ ចេះចាំយ៉ាងស្ទាត់អំពីវិធីត្បាញ។

អ្នកស្ត្រីបានបន្តថា «ដំបូងឡើយយើង បាម៉ោក បាម៉ោករួចយើង យកសូត្រមកជ្រលក់ វាហាលដាក់លប រួចត្បាញ។ ការងារនេះវា លំបាក ទំរាំបានជាសាច់សំពត់​ ហើយមើលមួយស្អាតទៀត ដែលមិនអោយប៉ះពាល់ ឬមួយតំក្រាស់តំស្តើង មិនធម្មតាទេ។ អ្នកធ្វើបោះបង់ នឹង សុទ្ធតែអ្នកធ្វើមិនម៉ត់ចត់ទេ»។​

អ្នកស្រី យ៉ែម សុធី ប្រកបរបរត្បាញសំពត់ហូលផាមួងនេះ ជាង៣០ឆ្នាំមកហើយ ដោយបានរៀនពីម្តាយរបស់គាត់ ហេតុផលដែលអ្នកស្រី ចាប់របរប្រចាំថ្ងៃនេះ ដោយសារការងារតម្បាញធ្វើនៅផ្ទះ អាចមើលថែផ្ទះសម្បែងនឹងកូនចៅបាន។

ស្ត្រីជាសិប្បកររូបនេះ មានកីតម្បាញ ២នៅផ្ទះ កីទាំង២នេះបាន ជួយអោយអ្នកស្រីសង់ផ្ទះ និង ទិញដី ព្រមទាំងអាចជួយអោយ កូន២នាក់រៀនចប់មហាវិទ្យាល័យទៀតផង ។

ដើមទុនសិប្បកម្មតម្បាញមួយកំប្លេរត្រូវចំណាយប្រាក់ ប្រមាណជា ៧០០ ដុល្លា ក្នុងនោះ រួមមានឧបករណ៏កីតម្បាញ ក្បាច់ផ្កា នឹង វត្ថុធាតុផ្សំ​ សរសៃសូត្រចាក់ សូត្រអន្ទង លក្ខ័ជ្រលក់ព័ណ៌ជាដើម។

អ្នកស្រីត្រូវការពេលយ៉ាងយូរបំផុត មួយសប្តាហ៏ដើម្បីត្បាញផាមួង មួយក្បិន ហើយក្នុងមួយក្បិនអ្នកស្រីលក់អោយឈ្មួញកណ្តាលចាប់ពី ៦៥ដុល្លា ឡើងទៅ​​ ដែលតម្លៃនេះវាអាចប្រែប្រួលទៅតាមក្បាច់ផ្កា ។

អ្នកស្រី​ សុធី បានបន្តថា «ឥលូវអោយតែមានសំពត់ អោយតែយកទៅអោយគេគឺដឹងតែពីបានប្រាក់ ដែលមិនពិបាកក្នុងការទៅអង្គុយរងចាំ គឺម៉ូយអង្គុយរងចាំ តែម្តង ប៉ុន្តែព័ណ៌គឺគេលៃអោយ យើងអ្នកត្បាញ ដែលតម្រូវអោយអ្នកត្បាញ ត្បាញពណ៌ទៅតាមការត្រូវការរបស់គេ ដែលយើងជ្រលក់ព័ណ៌ខ្លួនឯង»។

រីឯ អ្នកស្រី សំ ថារី ដែលជា អ្នកត្បាញក្រមាវិញ បានទទួលស្គាល់ថា ស្រ្តីមួយភាគធំ នៃ ស្រុកកោះឧញ៉ាតី នេះ ភាគច្រើនរកកម្រៃបាន ដោយសារការងារ តម្បាញនេះ ដែលជាមរតកតាំងពីដូនតាមក។

អ្នកស្រី សំថារី បានថ្លែងថា ស្រ្តីមួយចំនួនបានបោះបង់ចោលមុខរបរនេះ​ ដោយសារមានភាពធុនទ្រាន់ នឹង ការងារមួយនេះ គួបផ្សំនឹងតម្លៃសំពត់មានការថយតម្លៃ ប៉ុន្តែនៅពេលដែលតម្លៃសំពត់មានតម្លៃវិញ ពួកគេបានងាកមកត្បាញឡើងវិញ។

មុនពេល ទទួលបានកុងត្រាលក់ក្រមារសូត្រ មួយនៅភ្នំពេញ ស្រ្តីមេផ្ទះ ដែលអង្គុយត្បាញនៅផ្ទះជិត៣០ឆ្នាំ រូបនេះយល់ឃើញថា តម្បាញ រកប្រាក់បានលឿន ទោះបីជាមានកូនតូច ក៏អាចអង្គុយត្បាញបានដែរ។​ អ្នកស្រីអាចរកប្រាក់ចំណូលមួយខែ យ៉ាងតិច២០០ ដុល្លាពីការអង្គុយត្បាញ ក្រមារសូត្រសុទ្ធនេះ។

 អ្នកស្រីបានបន្តថា «តម្លៃក្រមារសូត្រគឺអាស្រ័យទៅលើទឹកដៃរបស់យើង ដែលអតិថិជនពេញចិត្តទៅលើទឹកដៃ របស់យើងចឹង ហើយនឹងការដាក់កុងត្រាភាគច្រើន គេ អោយយើងធ្វើអោយហើយ ក្នុងរយ:ពេលប៉ុន្មានខែចឹង អោយសំរេចអោយគេ ដល់ពេលចឹង គេនឹងទទួលរបស់យើង»។

ស្តី្រទាំងពីររូបខាងលើជាបុគ្គលទទួលបានជោគជ័យលើវិស័យ​តម្បាញនេះ អ្នកទាំងពីរបានណែនាំថា ការត្បាញផាមួង ក្រម៉ា សំពត់ សូត្រនេះ ត្រូវមានភាពអំណត់ ព្យាយាម នឹង ប្រាកដប្រជាម៉ត់ចត់ ទើបអាចទទួលបានផ្លែផ្កាពីអាជីពនេះ។

ផាមួងត្រូវបានគេដឹងលឺសឹងតែគ្រប់គ្នាថា ជាក្រណាត់ដ៏មានតម្លៃ ផលិតចេញពីសរសៃរសូត្រ តំណាងអោយវប្បធម៌​ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ។ ពលរដ្ឋខ្មែរ ទាំងបុរស នឹង ស្រ្តី ប្រើប្រាស់ ផាមួង រចនាឡើងជាសម្លៀកបំពាក់ ស្លៀកពាក់ចូលរួមក្នុងកម្មវិធី ផ្លូវការ រាប់បញ្ជូលកិច្ចប្រជុំជាតិ អន្តរជាតិ ពិធីបុណ្យប្រពៃណី នឹង មង្គលការ។ ចំណុចពិសេសនៃផាមួង គឺអាចបោកទឹកបាន កាន់តែប្រើកាន់តែទន់ នឹង ស្លៀកពាក់ត្រជាក់កាយ។

សិប្បកម្មតម្បាញសូត្រនេះ មានតាំងពីជំនាន់​​ អាណានិគមនិយមជប៉ុនមកម្ល៉េះ ក្នុងកំឡុងឆ្នាំ១៩៤៥ ដែលពីមុនអ្នកភូមិ ផលិតសូត្រដោយខ្លួនឯង ខុសពីបច្ចុប្បន្នអ្នកភូមិ ត្រូវទិញសរសៃសូត្រនាំចូលពីបរទេស។ កោះឧញ៉ាតី ល្បីខាងសិប្បកម្ម ផលិតសំពត់សូត្រ ផាមួងសូត្រ ក្រម៉ាសូត្រ តែមិនត្បាញ ហូលឡើយ៕

Add new comment

13 + 2 =