ស្រូវជាអាហារនិងជាប្រភពកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ

ស្រូវកម្ពុជា។

សហគមន៍អ្នកផលិតស្រូវកម្ពុជា និងប្រជាកសិករដាំដុះស្រូវនៅទូទាំងប្រទេស និងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមាន ការរក្សាបាននូវស្ថេរភាពតម្លៃស្រូវ គុណភាព ប្រាក់ចំណូល ការទទួលបានថ្លៃដើមផលិតទាប ជាពិសេសការផ្តល់នូវប្រភពសេដ្ឋកិច្ចមិនរីងស្ងួត។

ក្នុងជីវិតជាកសិករ អ្នកស្រី ស៊ីវ វណ្ឌី រស់នៅស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ បានលើកឡើងថា តាំងពីដើមរៀងមកជីវភាពគ្រួសាររបស់គាត់ ពឹងផ្អែកលើវិស័យកសិកម្ម ពោលគឺធ្វើស្រែសម្រាប់ការផ្គត់ផ្គង់ការហូបចុក និងសម្រាប់ការដោះដូរការចាយវាយបន្តិចបន្តួចតែប៉ុណ្ណោះ។​ ទាក់ទងនឹងរបរកសិកម្ម ការដាំដុះស្រូវនេះ ប្រជាកសិករ បានលើកឡើងស្រដៀងគ្នាថា ពីមុនមកការធ្វើស្រែចម្ការប្រជាកសិករ ធ្វើទៅតាមទម្លាប់តៗគ្នា ហើយក្នុងនោះកសិករក៏បានជួបនូវបញ្ហាជាច្រើនដូចជា ពេលដល់រដូវបង្កបង្កើនផល គ្មានទឹកធ្វើស្រែ ការជួបនឹងសត្វល្អិតបំផ្លាញ ជាពិសេសការប្រើប្រាស់ជី ការជ្រើសរើសពូជស្រូវមិនត្រូវតាមទីផ្សារ។

បញ្ហាទាំងនេះធ្វើអោយកសិករ ខាតពេលវេលាក្នុងការបង្កបង្កើនផល បាត់បង់បរិមានផលស្រូវ ការជួបប្រឈមនឹងតម្រូវការទីផ្សារខ្ពស់។

អ្នកស្រី ស៊ីវ វណ្ឌី បានថ្លែងថា «កាលពីពេលដែលខ្ញុំមិនទាន់ចូលរួមក្នុងសហគមន៍វាមានបញ្ហា ដូចជាកសិករផលិតបានវាគ្មានទីផ្សារ ហើយបច្ចេកទេសរបស់គាត់នៅមានកម្រិត»។

លោក សុង សារ៉ន​ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ជុំវិញការអភិវឌ្ឍវិស័យស្រូវអង្ករប្រកបដោយនិរន្តភាព គន្លិះដែលអាចប្រព្រឹត្តទៅបានដោយជោគជ័យ គឺមិនអាចខ្វះបានពីកិច្ចសហប្រតិបត្តិការរួមគ្នា នូវវិស័យសាធារណៈ ក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងអ្នកផលិតបាននោះឡើយ។​

ទាក់ទងនឹងវិស័យកសិកម្មនេះ លោក គង់ ភាច​ ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កាលពីមុនកម្ពុជាបានចាត់ទុកផលិតផលស្រូវ ជាសន្តិសុខស្បៀងសម្រាប់បម្រើដល់ការហូបចុកតែប៉ុណ្ណោះ។ បច្ចុប្បន្នការអភិវឌ្ឍវិស័យកសិកម្ម ដំណាំស្រូវនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ជំរុញលើកទឹកចិត្តជាខ្លាំង ដូច្នេះការអភិវឌ្ឍនៅក្នុងវិស័យនេះ មិនត្រឹមតែហូបចុកក្នុងគ្រួសារប៉ុណ្ណោះទេ គឺបានយកចិត្តទុកដាក់ខ្ពស់​ដល់បញ្ហាទីផ្សារ ជាពិសេសទីផ្សារសម្រាប់ការនាំចេញ៕

Add new comment

7 + 10 =