សិស្សវិទ្យាល័យប្តេជ្ញារៀនសូត្រ និងប្រឡងអោយជាប់ក្នុងឆ្នាំនេះ

សិស្សវាស់កម្តៅមុនពេលចូលថ្នាក់ក្នុងដំណាក់កាលទី២នេះ។

ក្រោយបើកដំណើរការសាលារៀនជាថ្មីនៅក្នុងដំណាក់កាលទី២ ប្រមាណជា១សប្តាហ៍កន្លងមកនេះ សិស្សវិទ្យាល័យជាច្រើនបានប្តេជ្ញាចិត្តខិតខំសិក្សា ដែលកាលពីកន្លងទៅពួកគាត់បានរៀនតាមរយៈអនឡាញតែប៉ុណ្ណោះ ហើយការរៀនតាមអនឡាញនេះជួបនូវបញ្ហាមួយចំនួន។ ក្នុងនោះសិស្សានុសិស្សក៏បានលើកឡើង​ពីវិធីសាស្ត្រការពារខ្លួន ពីជំងឺកូវីដ១៩ និងវិធីសាស្ត្រផ្សេងៗក្នុងការសិក្សានេះ។

យុវនារី សុគន្ធ ទេវី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះយុគន្ធ រាជធានីភ្នំពេញ​ បានថ្លែងប្រាប់កាលពីចុងសប្តាហ៍កន្លងមកថា «បន្ទាប់ពីសាលារៀនបើកដំណើរការឡើងវិញនោះ ខ្ញុំសប្បាយចិត្តព្រោះតែការរៀនអនឡាញ វាលំបាកអ៊ីចឹងពេលដែលខ្ញុំដឹងថាខ្ញុំអាចមករៀននៅសាលារៀនបានឡើងវិញ ហើយត្រៀមខ្លួនបានល្អសម្រាប់ការប្រឡងរបស់ពួកខ្ញុំ»។

យុវនារីសិស្សថ្នាក់ទី១២ រូបនេះ បានបន្តថា ដំបូងបន្ទាប់ពីក្រសួងទុកពេលអោយសិស្សានុសិស្ស សិក្សាបានត្រឹមតែ៣ខែដើម្បីសិក្សាមុនការប្រឡង សិស្សអាចត្រៀមខ្លួនបានយ៉ាងល្អ ប្រសិនបើសិស្សត្រូវប្រឡងភ្លាមៗនោះសិស្សមិនអាចត្រៀមខ្លួនបាននោះទេ។

ចំណែកយុវសិស្សមួយរូបទៀត លោក ចាន់ មករា ជាសិស្សថ្នាក់ទី១២ដដែល បានបញ្ជាក់ថា «ដូចតាមដឹងអ៊ីចឹង ការរៀនតាមអនឡាញមានភាពលំបាកច្រើន ហើយក៏មិនអាចសិក្សាបានទាន់នោះទេ។ ការសិក្សាតាមអនឡាញ ពេលខ្លះអ៊ីនធឺណែតមានភាពរអាក់រអួល នៅពេលដែលយើងមកសាលារៀនវិញនោះយើងអាចរៀន តែយើងមិនភ្លេចកូវីដ១៩នោះទេ យើងនៅតែរក្សាគម្លាតពីគ្នា ការប្រើម៉ាស និងមានអាល់កុលដាក់តាមខ្លួនជានិច្ច»។

យុវសិស្ស ចាន់ មករា បានបន្តថា ការបើកដំណើរការសាលារៀនឡើងវិញ សម្រាប់សិស្សថា្នក់ទី១២ និងទី៩ ជាឆ្នាំប្រឡងពិតជាមានការល្អប្រសើរ ដែលអាចសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ឬក៏មិត្តភត្តិដើម្បី ផ្លាស់ប្តូរបទពិសោធ ទាក់ទងនឹងការសិក្សាពីចម្ងាយ។

យើងមកចាប់អារម្មណ៍ទាក់ទងនិងអារម្មណ៍របស់លោកគ្រូ អ្នកគ្រូ ដែលជាអ្នកបង្រៀនផ្ទាល់វិញនោះ លោកក៏បានលើកឡើងពីវិធានការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពីវិធីសាស្ត្រការពារទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយបានលើកឡើងថា ទីតាំងសាលារៀន មានការរក្សាគម្លាតសុវត្ថិភាព នៅពេលដែលសិស្សចូលរៀននៅក្នុងថ្នាក់ និងវាស់កម្តៅនៅពេលដែលគាត់ចូល ក្នុងទីធ្លាសាលារៀន។

នាយករងវិទ្យាល័យ ព្រះយុគន្ធ លោក សំ សុម៉េត បានថ្លែងថា ៖«នៅក្នុងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាមន្ទីរ នៅក្នុងដំណាក់កាលនៃការបើកអោយចូលរៀន ដំណាក់កាលទី២ ថ្នាក់ទី៩ និង១២ សាលាបានរៀបចំទៅតាមការណែនាំរបស់ក្រសួង ដូចជាមុននិងសិស្សចូលរៀន ពេលព្រឹកយើងមានក្រុមការងារ ក៏ដូចជាយុវជនកាកបាតក្រហមកម្ពុជា និងកាយរឹទ្ធិ វាស់កម្តៅ និងបាញ់អាល់កុល ចំពោះពួកគាត់រៀបចូលរៀន យើងបានណែនាំអោយពួកគាត់អង្គុយគម្លាតគ្នា ក្នុងមួយថ្នាក់យើងរៀបចំពី១៥ ទៅ២០នាក់»។

ចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ក្រសួងអប់រំ សម្រេចអនុញ្ញាត្តអោយសាលារៀនរដ្ឋ​ និងឯកជន បើកដំណើការសាលារៀន ក្នុងដំណាក់កាលទី២ សម្រាប់សិស្សថ្នាក់ទី ៩ និងទី១២។ ក្រៅពីរាជធានី ខេត្តទាំង២១ ក្នុងនោះគឺមាន៤ខេត្តទៀតអាចបើកដំណើរការសាលារៀនបាន គ្រប់កម្រិតសិក្សា។ ការបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី២នេះ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា មានភាពធូរស្រាល៕

ដោយ សុផានិត

 

Add new comment

8 + 0 =