សិស្សថ្នាក់ទី៩ និងទី១២ បានត្រៀមខ្លួនរួចក្នុងការចូលរៀន

សកម្មភាពសិស្សថ្នាក់ទី៩ ចូលសិក្សាក្នុងថ្នាក់រៀន ដំណាក់កាលទី២។

សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសសិស្សានុសិស្សដែលស្ថិតនៅក្នុងឆ្នាំប្រឡង ថ្នាក់ទី ៩ និងទី១២នៅពេលបច្ចុប្បន្នបានត្រៀមលក្ខណៈ យ៉ាងយកចិត្ តទុកដាក់ខ្ពស់បំផុត ហើយម្យ៉ាងវិញទៀតក្រៅពីថ្នាក់ទី៩ និងទី១២ក៏មានសាលារៀនគ្រប់កម្រិត នៅក្នុងខេត្តចំនួន៤ដូចជា ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី អាចបើកដំណើរការបានគ្រប់កម្រិតសិក្សា ចាប់ពីខែកញ្ញា ឆ្នាំ២០២០នេះតទៅ។

នេះគឺជាការជំរុញវិស័យអប់រំ យុវជន​ និងកីឡា ឡើងវិញ ទៅលើដំណើរការសិក្សារបស់សិស្សានុសិស្ស ដែលកាលពីពេលកន្លងមកការសិក្សារបស់ពួកគាត់ ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺកូវីដ១៩។ សំខាន់បំផុតនោះគឺទាមទារអោយមានការចូលរួមបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស សិស្សានុសិស្សខ្លួនឯងផ្ទាល់។

ការបើកដំណើរការសិក្សាឡើងវិញនៅក្នុងដំណាក់កាលទី២នេះ ស្របតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡានេះ គឺបើកតែសម្រាប់ថ្នាក់ប្រឡង ពោលគឺថ្នាក់ទី៩ និងទី១២តែប៉ុណ្ណោះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា​ បានបញ្ជាក់ប្រាប់កាលពីពេលចុងសប្តាហ៍ថា ប្រសិនបើការបើកដំណើរការសាលារៀនឡើងវិញនេះ ស្ថិតនៅក្នុងលក្ខខណ្ឌមានសុវត្ថិភាព មិនមានការឆ្លងរាលដាល នៃជំងឺកូវីដ១៩ នឹងអាចបន្តបើកសាលារៀន ក្នុងដំណាក់កាលបន្ទាប់ទៀត។ អ្វីដែលជាការកត់សម្គាល់បន្ថែមទៀត ក្រៅពីសិស្សានុសិស្សដែលរៀននៅថ្នាក់ទី៩ និងទី១២​ កម្រិតសិក្សាផ្សេងទៀត គឺនៅតែបន្តសិក្សាតាមប្រព័ន្ធពីចម្ងាយដដែល។

សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី៩ និងទី១២ បានប្រាប់ថា ពួកគេបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរៀនឡើងវិញ ក្នុងនោះពួកគាត់បានត្រៀមទាំងសម្លៀកបំពាក់ ឯកសណ្ឋានសិស្ស ត្រៀមប៊ិច សៀវភៅ ពាក់ម៉ាស ការពារកុំអោយឆ្លងជំងឺ អ្វីដែលសំខាន់ជាងគេ គឺខិតខំរៀនសូត្រ ព្រោះពួកគេជាសិស្សដែលត្រូវត្រៀមប្រឡង។

សិស្សានុសិស្ស បន្តថា ពួកគេសប្បាយចិត្តដែលបានចូលរៀនឡើងវិញ ដោយសង្ឃឹមថាបានជួបជុំមិត្តភត្តិ លោកគ្រូ អ្នកគ្រូ។ ក្នុងនោះពួកគេ សូមអោយសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាការពារជំងឺកូវីដ១៩ ដោយត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ទាំងអស់គ្នា។

កញ្ញា រស់ វិចិ្ឆការ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យច្បារអំពៅ បាននិយាយថា «ខ្ញុំមកសាលាដើម្បីសិក្សាឡើងវិញ ខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀនដូចជា ពេលមុនកូរ៉ូណា យើងរៀបផែនការ ក៏បានដាក់ចិត្តថា ពេលចូលរៀនវិញ រៀបចំកាលវិភាគអោយបានត្រឹមត្រូវ ម៉ោងណាត្រូវញាំបាយ ម៉ោងណាត្រូវរៀន មិនអោយរញ៉េរញ៉ៃដូចមុនទេ»។

យុវសិស្ស ជា សីហា ជាសិស្សថ្នាក់ទី៩ បាននិយាយថា «យើងបានបើកសាលារៀនវិញ ពួកខ្ញុំក៏បានចូលរៀនវិញ អ៊ីចឹងខ្ញុំត្រូវតែជួយរៀបចំសាលារៀន ពាក់ម៉ាស ការពារជំងឺកូវីដ១៩។ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ដែលបានដំណើរការសាលារៀនឡើងវិញ ខ្ញុំសន្យាថា ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីត្រៀមខ្លួនប្រឡងនៅពេលខាងមុខ»។

យុវជន ជា សីហា បានបន្តថា​ នៅពេលបិទសាលារៀន សិស្សានុសិស្សមិនសូវបានរៀនប៉ុន្មាននោះទេ នៅពេលបើកដំណើរការសាលារៀន សិស្សអាចរៀនបានច្រើនជាងមុន។

នាយកវិទ្យាល័យច្បារអំពៅ លោក ឃៀង សុខេង បានបញ្ជាក់ថា សាលារៀនបានត្រៀមខ្លួនជាស្រេច មុនពេលមានសេចក្តីជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា អោយដំណើរការសាលារៀនឡើងវិញ។ ក្នុងនោះសាលារៀនបានបោសសម្អាត បន្ទប់រៀន ទីធ្លាសាលារៀន និងរៀបចំទឹកអាល់កុល ទឹក សាប៊ូ ជាពិសេសសាលារៀន បានរៀបចំគម្លាតសុវត្ថិភាព ដែលតម្រូវមានសិស្សត្រឹម១៥នាក់ប៉ុណ្ណោះក្នុង១បន្ទប់ តែសាលារៀន មិនមានលទ្ធភាពទិញម៉ាសអោយសិស្សានុសិស្ស ពាក់ទេ ដូច្នេះសូមសិស្សានុសិស្សយកម៉ាសមកប្រើដោយខ្លួនឯង។

លោក ឃៀង សុខេង បានបញ្ជាក់ថា «ក្នុងបរិបទជំងឺកូវីដ១៩នេះ ដើម្បីអោយសិស្សានុសិស្សចូលរៀនវិញ មានសុវត្ថិភាព វិទ្យាល័យច្បារអំពៅ បានត្រៀមលក្ខណៈតាមការណែនាំរបស់ក្រសួងសុខាភិបាល ពេលដែលសិស្សចូលរៀន ខ្ញុំរៀបចំនៅក្នុងថ្នាក់អោយគាត់អង្គុយគម្លាតគ្នា ពី១ម៉ែត្រកន្លះ ទៅ២ម៉ែត្រ»។

ចាប់ពីថ្ងៃទី៧​ ខែកញ្ញានេះ តទៅក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាត្តអោយបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២ គឺសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ និងការប្រឡងបញ្ចប់របស់ថ្នាក់ទី៩ និងទី១២ គឺនៅក្នុងខែវិច្ឆិកា ខាងមុខ៕

ដោយ សុផានិត

Add new comment

8 + 9 =