សិស្សជំទង់នៅតែព្យាយាមសិក្សាបើទោះបីជាមិនទាន់ដឹងពេលវេលាប្រឡងយ៉ាងណាក្តី

បើយើងក្រឡេកមើលលើវិស័យអប់រំ យុវជន និងកីឡា នៅក្នុងកំឡុងពេលវិបត្តិកូវីឌ១៩ គ្រប់កម្រិតនៃការសិក្សាទាំងអស់ ទាំងសាធារណៈ និងឯកជន គឺផ្អាកការសិក្សាទាំងអស់ ជាហេតុបច្ចុប្បន្ននេះគាត់រៀននៅតាមផ្ទះ ឬតាមប្រព័ន្ធអនឡាញ។

ងាកមកមើលសិស្សានុសិស្សថ្នាក់ទី១២ បើទោះបីជាមិនទាន់ដឹងពីការបរិច្ឆេទ ច្បាស់លាស់នៃការប្រឡងបញ្ចប់របស់ខ្លួន ឬពេលណាបើកដំណើរការសាលារៀនឡើងវិញនោះ ពួកគាត់នៅតែបន្តខិតខំស្វ័យសិក្សារៀនសូត្រនៅផ្ទះ សម្រាប់ការប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ។

បច្ចុប្បន្ននេះប្អូនៗដែលជាយុវសិស្សសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យច្បារអំពៅ បានបញ្ជាក់ប្រាប់ ដោយពួកគាត់បានបែងចែកពេលវេលាសិក្សាបានច្បាស់លាស់ ក្នុងពេលសម្រាកនៅផ្ទះមួយរយៈពេលធំនេះ។ ពួកគាត់ត្រូវសិក្សាដោយខ្លួនឯងតាមសៀវភៅគោល និងការបង្រៀនតាមអនឡាញ ហើយពេលខ្លះក៏មានការជួបជុំគ្នាជាមួយមិត្តភត្តិ តែពួកគាត់នៅតែព្យាយាមការពារ ដោយរក្សាអនាម័យ។

យុវសិស្ស កញ្ញា គួច ស៊ីវហ្គិច ជាសិស្សថ្នាក់ទី១២ បាននិយាយថា «ខ្ញុំមិនដែលមានការធ្វេសប្រហែលទេ ជាទូទៅទម្លាប់របស់ខ្ញុំបើទោះបីជាមិនទាន់មានកូរ៉ូណា ខ្ញុំនៅតែរៀន គ្រាន់តែថានៅពេលមានកូរ៉ូណា យើងអាចចំណាយពេលវេលារៀនបានច្រើន។ ប្រសិនបើយើងរៀននៅសាលា យើងមានពេលវេលាតិចតួចសម្រាប់ធ្វើលំហាត់នៅផ្ទះ ​តែតាំងពីមានកូរ៉ូណានេះមកខ្ញុំបែងចែកពេលវេលា សម្រាប់ពេលថ្ងៃខ្ញុំយកសៀវភៅ ឯកសារ សំនួរចម្លើយ មកទន្ទេញ ឬអាន ដើម្បីរំលឹកខ្លះៗកុំអោយភ្លេច នៅពេលយប់ឡើងខ្ញុំ បើកអេប (Application) ដើម្បីបន្តការរៀន និងជួនការលោកគ្រូអ្នកគ្រូ គាត់បានដាក់ លំហាត់​ ក្នុងតេឡេក្រាម អោយធ្វើ»។

យុវសិស្សមួយរូបផ្សេងទៀត កញ្ញា ជា ពិសី ជាសិស្សថ្នាក់ទី​១២ បាននិយាយថា «ខ្ញុំមិនដែរប្រហែសទោះបីនៅសាលារៀន ខ្ញុំមិនបានរៀន តែខ្ញុំនៅផ្ទះខ្ញុំរៀបកាលវិភាគថ្មី សម្រាប់សិក្សា។ ពេលដែលមានជំងឺកូវីឌ១៩ នេះ ខ្ញុំប្រឹងរៀនជាងនៅសាលារដ្ឋ បើនៅសាលាខ្ញុំរៀនតែ៤ម៉ោង តែនៅផ្ទះខ្ញុំរៀនដល់៦ម៉ោង»។

ទោះបីជាមានការលំបាកខ្លះសម្រាប់ការសិក្សា តាមប្រព័ន្ធអនឡាញយ៉ាងណាក៏ដោយ តែយុវសិស្សនៅតែអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា វិស័យឯកជន និងសាលារៀនផ្ទាល់ ដែលនៅតែព្យាយាមផ្តល់ការអប់រំដល់សិស្សានុសិស្ស គ្រប់កម្រិតក្នុងពេលមានជំងឺកូវីឌ១៩។

សម្រាប់ការប្រឡងសញ្ញាបត្រ័មធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងជម្រាបជូនអំពីការបរិច្ឆេត និងព័ត៌មានពាក់ព័ន្ធនឹងការប្រឡងនៅពេលខាងមុខ ហើយក្រសួងនៅតែបន្តសំណូមពរ សូមអោយសិស្សានុសិស្ស ខិតខំរៀនសូត្រ តាមអនឡាញ និងយកចិត្តទុកដាក់ខ្ពស់ លើវិធានការសុខាភិបាល។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារុន បានបញ្ជាក់ថា ប្រសិនបើមានការប្រឡងមែននោះ ក្រសួងមិនកំណត់និទេស A B C ឬ D ទេ «នៅពេលក្រសួងសុខាភិបាលចេញប្រកាស ថាក្រសួងអប់រំ អាចបើកសាលាបាន យើងមានវ៉ាក់សាំង យើងមានថ្នាំព្យាបាលហើយ នោះក្រសួងនឹងធ្វើការវាយតម្លៃ ឧទាហរណ៍ សិស្សត្រូវរៀនបីខែ ឬបួនខែ បន្ថែមទៀត យើងនឹងរៀបចំការប្រឡង។ ការប្រឡងមួយដែលយើងមិនអោយសិស្សរងគ្រោះ ព្រោះជំងឺនោះទេ យើងនឹងរៀបចំការប្រឡងមួយដែលមានស្តង់ដារអាចទទួលយកបាន។ សូម្បីតែប្រទេសដែលមានកម្រិតនៃការអប់រំខ្ពស់ ហើយសាលាដែលកំពូលៗ នៅសម័យកូវីឌ១៩ នេះគេលែងមាននិទេស A B C ឬ D អ្វីទៀតហើយ គឺមានតែជាប់ឬធ្លាក់បានហើយ»។

ក្រសួងនៅតែជំរុញអ្នកអាណាព្យាបាលទាំងអស់ ​ជំរុញកូនៗអោយសិក្សាតាមអនឡាញ ស្វ័យសិក្សា និងរៀនតាមសៀវភៅគោល។ ដោយឡែកសម្រាប់ថ្នាក់ឧត្តមសិក្សាវិញ តាមបណ្តាសាលានានាផ្តោតលើការសិក្សាតាមប្រព័ន្ធអនឡាញ ជាក់ស្តែងសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំការសិក្សាតាមប្រព័ន្ធអនឡាញ សឹងតែ១០០ភាគរយទៅហើយ៕

Add new comment

15 + 2 =