សត្វក៏មានបញ្ហាសុខភាពដូចមនុស្សដែរ

សត្វសុនក (ឆ្កែ) ពិការ ដែលត្រូវបានសង្គ្រោះ។

ក្នុងដំណើរម្តងទៅឆ្វេងម្តងទៅស្តាំ ជើងទាំងបួនកោងពិការដោយសារឡានបុកសត្វសុនខ (ឆ្កែ) សម្បុរខ្មៅមួយក្បាលនិងសុនខចំនួនពីរក្បាលផ្សេងទៀត កំពុងដេកលាងរបួសប្រដាប់ភេទ ដោយសារជំងឺមហារីក ហាក់ពិបាក តែមិនអាចរៀបរាប់ជាភាសាមនុស្សប្រាប់ទៅអ្នកដទៃទៀតបាន គឺត្រឹមតែព្រុសជាភាសាសត្វ ទៅកាន់បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលយល់ពីភាសាឈឺចាប់របស់វា។

សុនខពិការទាំងបីក្បាលដែលត្រូវបានសង្គ្រោះជីវិតនិងទទួលបានការព្យាបាល ថែទាំ ផ្តល់ចំណីអាហារ ទឹកព្រមទាំងកន្លែងស្នាក់អាស្រ័យ។

មើលពីទិដ្ឋភាពខាងក្រៅរបងផ្ទះមួយកន្លែងស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លឺតែសម្លេងព្រុសរបស់សត្វសុនខពីខាងក្នុងរបងផ្ទះ យើងហាក់គិតថា ប្រហែលជាទីនោះជាភូមិគ្រឹះបណ្តាអ្នកដែលមានបណ្តាកិត្តិយសឬទ្រព្យសម្បត្តិស្តុកស្តម្ភ តែធាតុពិតជាទីតាំងរបស់អង្គការសង្រ្គោះសត្វកម្ពុជា ដែលហៅជាភាសាអង់គ្លេសថា (Animal Rescue Cambodia)។ វីឡាមួយនេះផ្ទុកទៅដោយសត្វឆ្កែ និងឆ្មាតាំងពីជាន់ក្រោមដល់ជាន់លើ សរុបជិត៣០ក្បាល។

អ្នកស្រី ឡោម រចនា ជាបុគ្គលិកនិងជាអ្នកថែទាំសត្វពិការទាំងនេះ បានថ្លែងប្រាប់ថា ៖ «អង្គការសង្គ្រោះសត្វកម្ពុជា ព្យាយាមជួយសង្គ្រោះសត្វឆ្កែឆ្មា នៅតាមដងផ្លូវនិងជួយសត្វឆ្កែឆ្មាដែលត្រូវរបួស ពីគ្រោះថ្នាក់ចរាចរណ៍ដែលប្រមូលចេញពីវត្តអារាម ទីក្រុង និងតំបន់ងាយប្រឈមមុខនឹងគ្រោះថ្នាក់»។

អង្គការខាងលើនេះបានសង្គ្រោះសត្វជាច្រើន ដូចជាផ្តល់ចំណីអាហារ និងថែទាំសុខភាពសត្វ ដែលចំនាយថវិការផ្ទាល់ពីសប្បុរសជនដែលស្រឡាញ់សត្ វនឹងមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការថែទាំសត្វទាំងនោះ​។​ មានមតិខ្លះឆ្ងល់ថា ហេតុអ្វីបានជាសមាគមនេះចំណាយប្រាក់ ចំណាយពេលវេលាសង្គ្រោះសត្វ មិនជួយកុមារ ខណៈពេលដែលកម្ពុជាមានកុមារកំព្រា ទុរគតជន ដែលត្រូវការជំនួយមនុស្សធម៌ដូចសព្វថ្ងៃនេះ។

សម្រាប់សហការីមួយរូបនេះ យល់ថាជីវិតឆ្កែឆ្មាក៏មានសិទ្ធិរស់នៅដូចជាមនុស្សទូទៅដែរ។ សហការីរបស់សមាគមអ្នកស្រី​ឡោម រចនា បានបន្តថា ៖ «បន្ទាប់ពីសង្គ្រោះសត្វពិការទាំងនេះរួច យើង (អង្គការ) នឹងព្យា​យាមស្វែងរកម្ចាស់សម្រាប់ពួកវា។ ឧទាហរណ៍ សត្វឆ្មា ទោះបីវាមានភាពរឹងមាំ ជាពីរបួសក៏ដោយ ក៏វាមិនអាចស្វែងរកចំណីបានដោយខ្លួនវាបានទេ វាប្រៀបបាននឹងទារកម្នាក់ដូច្នោះដែរ។ ទើបយើងព្យាយាមស្វែងរកម្ចាស់ថ្មីសម្រាប់ពួកវា»។

បើនិយាយពីសត្វសុនខពិការជើងទាំងបួន សម្បុរខ្មៅដោយសារតែឡានបុកវិញ តំណាងអង្គការខាងលើ បានបញ្ជាក់ដូច្នេះថា ៖ «សត្វសុនខមួយក្បាលនេះ ត្រូវបានឡានបុកនៅម្តុំមុខវត្តសន្សំកុសល ហើយត្រូវបានសង្គ្រោះដោយអង្គការនិងព្យាបាលវា តែជាអកុសលរបួសធ្ងន់ធ្ងរពេកសុនខ (ឆ្កែ) នេះមិនអាចដើរឬឈរដូចសុនខទូទៅបាននោះទេ»។

ដោយឡែកសត្វសុនខញីពីរក្បាលផ្សេងទៀត ដែលត្រូវបានជួយសង្គ្រោះដោយអង្គការខាងលើនេះ ក៏មានបញ្ហាសុខភាព (ឈឺ) ដែលជំងឺនេះ យើងហាក់មិននឹកស្មានថា វាកើតលើសត្វនោះទេ យើងគ្រាន់តែនឹកស្មានថាមានតែនៅលើមនុស្ស។

សត្វសុនខញីទាំងពីរក្បាលនេះ មានជំងឺមហារីកប្រដាប់ភេទ ដូចគ្នា ត្រូវបានអង្គការខាងលើព្យាបាលថែទាំ ផ្តល់ចំណី និងព្យាបាលដោយថ្នាំគីមី ដូចគ្នានឹងមនុស្សដែរ។

អ្នកជំនាញថែរក្សាសត្វ​វ័យជាង៣០ឆ្នាំរូបនេះបន្តថា សត្វសុនខញីទាំងពីរក្បាលនេះមានជំងឺ (មហារីក) បើសិនជាអង្គការមិនបានឃើញ និងព្យាបាលទាន់ពេលវេលានោះទេវា ទាំងពីរក្បាលនេះនឹងត្រូវស្លាប់នៅតាម​ផ្លូវឬទីកន្លែងផ្សេងៗទៀត។

បើពិនិត្យពីទិដ្ឋភាពរស់នៅរបស់សត្វឆ្កែនិងឆ្មាអនាថាទាំងនេះ វាមានលក្ខណៈគ្រាន់បើជាងសត្វដទៃច្រើនណាស់ ព្រោះវាដេកនៅក្នុងវីឡាដ៏ស្កឹមស្កៃនិងទទួលបាន អាហារក្នុង១ថ្ងៃ៥ដង ប្រកបដោយសុវត្ថិភាព។ ក្រៅពីចិញ្ចឹមនិងថែទាំសត្វនៅក្នុងវីឡា អង្គការក៏មានអ្នកឯកទេស គ្រូពេទ្យ និងបុគ្គលិកជាច្រើន ចាំការពារនិងថែទាំសត្វឆ្កែនិងឆ្មា នៅតាមវត្តអារាមដទៃទៀតផងដែរ នៅក្នុងរាជធានីភ្នំពេញ។

ដោយឡែកអ្នកស្រី ឡោម រចនា សុំសិទ្ធិធ្វើការមិនបញ្ចេញឈ្មោះទីវត្តអារាម ដែលប្រមូលសត្វទាំងនោះទេ ដោយសារខ្លាចគេទៅលួចធ្វើបាបសត្វទាំងនោះ។

អ្នកស្រី ឡោម​​ រចនា បានបន្តថា ៖ «ជាទិសដៅទៅកាន់អនាគត អង្គការសង្រ្គោះសត្វ នឹងព្យាយាមសង្គ្រោះសត្វអនាថាទាំងនោះ ជាច្រើនបន្តទៀតតាមអ្វីដែលអាចធ្វើបាន»។

បើទោះបីជាមជ្ឍដ្ឋានទូទៅធ្វើការរិះគន់យ៉ាងណាក្តី ក៏នៅមានមនុស្សខ្លះទៀត កោតសរសើរអំពីទឹកចិត្តសប្បុរសទាំងនោះ ជាពិសេសគេគិតថាការជួយសង្គ្រោះ សត្វទាំងនោះ ស្មើនឹងការធ្វើបុណ្យឱ្យមានចិត្តមេត្តា ករុណា មនុស្ស សត្វលោកដែលកំពុងមានទុក្ខ។

តំណាងអង្គការ សង្គ្រោះសត្វកម្ពុជា បានថ្លែងថាគោលការណ៍របស់អង្គការ គឺដើម្បីជួយសង្គ្រោះសត្វ មិនមែនដើម្បីតែផលចំនេញនោះទេ មូលហេតុតែមួយ មុខគត់គឺដើម្បីសង្គ្រោះសត្វ។

យ៉ាងណាមិញក្រៅពីការសង្គ្រោះសត្វឆ្កែនិងឆ្មាអនាថា អង្គការសង្គ្រោះសត្វកម្ពុជា ក៏មានសេវាកម្មក្នុងការព្យាបាលសត្វឆ្កែ សត្វឆ្មារ ថែទាំ ផ្តល់ការចាក់វាក់សាំង និងសេវាកម្មជាច្រើនទៀតទាក់ទងនិងតំហែទាំសត្វចិញ្ចឹមទាំងនេះ៕

ដោយ P.និត

Add new comment

1 + 1 =