យុវសិស្សវាយតម្លៃការសិក្សាក្នុងដំណាក់កាលទី២ ប្រព្រឹត្តដោយរលូន

ការសិក្សារបស់សិស្សានុសិស្ស ប្រព្រឹត្តទៅបានយ៉ាងល្អក្នុងដំណាក់កាលទី២​នៃការបើកដំណើរការសាលារៀន។

ការបើកសាលារៀនក្នុងដំណាក់កាលទី២ បានប្រព្រឹត្តទៅអស់រយៈពេលជាង២សប្តាហ៍មកហើយ ក្នុងនោះមានទាំងគ្រឹះស្ថានសិក្សាឯកជននិងរដ្ឋ។ សម្រាប់គ្រឹះស្ថានសិក្សារដ្ឋវិញ ចំពោះកម្រិតថ្នាក់ទី៩ និងទី១២ គឺ​បានបើកដំណើរការឡើងវិញនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយឡែកគ្រប់កម្រិតសិក្សា គឺមានតែ៤ខេត្តប៉ុណ្ណោះ ដែលមានកម្រិតហានិភ័យទាប។

បន្ថែមលើពីនេះទៀតនោះគ្រឹះស្ថានសិក្សាឯកជន បានបើកដំណើរការឡើងវិញដែរ​ ដោយគ្រឹះស្ថានសិក្សាទាំងអស់នោះបានស្នើសុំទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ហើយក្រសួងក៏បានត្រួតពិនិត្យនិងវាយតម្លៃថាអាចបើកដំណើរការឡើងវិញបានឬអត់?

ក្នុងដំណាក់កាលទី២នេះ សាលារៀនបានទទួលស្វាគមន៍សិស្សានុសិស្សជាថ្មី ស្របពេលដែលបានផ្អាកដំណើរការអស់រយៈពេលជាង៥ខែ ដោយសារតែកម្ពុជារងនូវផលប៉ះពាល់នៃជំងឺកូវីដ១៩។ ជំងឺកូវីដ១៩នេះ ជាវិបត្តិសកលមិនមែនកើតឡើងតែកម្ពុជានោះទេ ប៉ុន្តែក្នុងនោះយើងត្រូវតែមានវិធានការការពារ ទប់ស្កាត់ការចម្លងជំងឺអោយបាន ចំពោះករណីផ្សេងៗដែលកើតមានជាយថាហេតុណាមួយ។

ទន្ទឹមនឹងនេះ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បានវាយតម្លៃថា ក្នុងរយៈកាលប៉ុន្មានសប្តាហ៍នេះ ការសិក្សា ការបង្រៀនក្នុងដំណាក់កាលទី២នេះ ប្រព្រឹត្តទៅដោយរលូន និងមានដំណើរការល្អ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសទៀតនោះ ប្រសិនបើមានភាពរលូនបែបនេះនឹងអាចឈានចូលទៅកាន់ដំ​ណាក់កាលបន្តបន្ទាប់ ក្នុងការបើកដំណើរការសាលារៀនឡើងវិញ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានផ្ញើសារចំពោះគ្រប់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ឱ្យចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការនានាដែលបានដាក់ចេញ ដោយក្រសួងអប់រំ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅក្នុងសាលារៀន។

ជាក់ស្តែងក្នុងដំណាក់កាលទី២នៃការបើកដំណើរការសាលារៀនឡើងវិញនេះ បើតាមលោក សំ កម្សាន្ត ដែលជានាយកសាលារៀនជំនាន់ថ្មី សិស្សានុសិស្សបានត្រៀម និងរៀនបានរួចរាល់ហើយ។

លោក សំ កម្សាន្ត បានបញ្ជាក់ថា ៖ «យើងបានជួលក្រុមហ៊ុនមកបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដើម្បីរក្សាអនាម័យខ្ពស់ ក្នុងបរិបទបន្ទប់រៀន និងតាមទីធ្លាក៏ដូចជាបន្ទប់ឬក៏រៀនរស់នៅក្នុងគន្លងថ្មី សម័យកូវីដ១៩នេះ ដើម្បីអោយសិស្ស និងគ្រូបានយល់ដឹងពីគន្លងថ្មីនេះ»។

យុវនារី សុគន្ធ ទេវី ជាសិស្សថ្នាក់ទី១២ ​ បានថ្លែងប្រាប់កាលពីចុងសប្តាហ៍កន្លងមកថា បន្ទាប់ពីសាលារៀនបើកដំណើរការឡើងវិញនោះ នាងសប្បាយចិត្តព្រោះតែការរៀនអនឡាញមានការលំបាក។ នាងដឹងថានាងអាចមករៀននៅសាលារៀនបានឡើងវិញបាន នាងត្រៀមខ្លួនបានល្អសម្រាប់ការប្រឡងរបស់នាង។

យុវនារី រូបនេះ បានបន្តថា ដំបូងបន្ទាប់ពីក្រសួងទុកពេលអោយសិស្សានុសិស្សសិក្សាបានត្រឹមតែ៣ខែដើម្បីសិក្សាមុនការប្រឡង សិស្សអាចត្រៀមខ្លួនបានយ៉ាងល្អ ប្រសិនបើសិស្សត្រូវប្រឡងភ្លាមៗនោះសិស្សមិនអាចត្រៀមខ្លួនបាននោះទេ។

ចំណែកយុវសិស្សមួយរូបទៀត លោក ចាន់ មករា  បានបញ្ជាក់ថា ៖ «ដូចតាមដឹងអ៊ីចឹង ការរៀនតាមអនឡាញមានភាពលំបាកច្រើន ហើយក៏មិនអាចសិក្សាបានទាន់នោះទេ។ ការសិក្សាតាមអនឡាញ ពេលខ្លះអ៊ីនធឺណែតមានភាពរអាក់រអួល នៅពេលដែលយើងមកសាលារៀនវិញនោះយើងអាចរៀន តែយើងមិនភ្លេចកូវីដ១៩នោះទេ យើងនៅតែរក្សាគម្លាតពីគ្នា ការប្រើម៉ាស និងមានអាល់កុលដាក់តាមខ្លួនជានិច្ច»។

លោក ចាន់ មករា បានបន្តថា ការបើកដំណើរការសាលារៀនឡើងវិញ សម្រាប់សិស្សថា្នក់ទី១២ និងទី៩ ជាឆ្នាំប្រឡងពិតជាមានការល្អប្រសើរ ដែលអាចសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ឬក៏មិត្តភត្តិដើម្បី ផ្លាស់ប្តូរបទពិសោធន៍ ទាក់ទងនឹងការសិក្សាពីចម្ងាយ។

ចាប់ពីថ្ងៃទី០៧ ខែកញ្ញាកន្លងមកនេះ ក្រសួងអប់រំបានសម្រេចអនុញ្ញាត្តអោយសាលារៀនរដ្ឋ​ និងឯកជន បើកដំណើការសាលារៀន ក្នុងដំណាក់កាលទី២ សម្រាប់សិស្សថ្នាក់ទី ៩ និងទី១២។ ក្រៅពីរាជធានី ខេត្តទាំង២១ ក្នុងនោះគឺមាន៤ខេត្តទៀតអាចបើកដំណើរការសាលារៀនបាន គ្រប់កម្រិតសិក្សា។ ការបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី២នេះ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា មានភាពធូរស្រាល៕

Add new comment

8 + 1 =