ផ្លូវថ្មើជើងនៅមុខ ចតុមុខ កំពុងទាក់ទាញប្រជាពលរដ្ឋ ទៅកម្សាន្ត

ផ្លូវថ្មើជើងនៅមុខ ចតុមុខ នៅមុខសាលសន្និសីទចតុមុខ។

នៅតាមផ្លូវថ្មើជើងស្របតាមមាត់ទន្លេចតុមុខ ពោលគឺនៅម្តុំសាលសន្និសីទ្ធចតុមុខ រហូតដល់ស្ពានកោះពេជ្រ ត្រូវបានមូលដ្ឋានរាជធានីភ្នំពេញ បានស្ថាបនាប្រភេទផ្លូវថ្មើជើង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ទីតាំងផ្លូវថ្មើជើងនេះបានក្លាយទៅជាកន្លែងដែលប្រជាពលរដ្ឋ ហាត់ប្រាណបានទាំងពេលព្រឹក និងពេលរសៀល។

សោភណ្ឌភាពនៃដងទន្លេមានភាពមនោរម្យនោះ ទើបបានជារដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចស្ថាបនានិងជួសជុលកែលម្អ អោយមាននូវផ្លូវថ្មើជើងនេះ ចាប់ផ្តើមពីសាលសន្និសីទចតុមុខ រហូតដល់ស្ពានកោះពេជ្រ ដើម្បីផ្តល់ជូននូវទីកន្លែងមួយ ​ដែលសមរម្យសម្រាប់ប្រជាពលរដ្ឋ មកសម្រាកលំហែ និងហាត់ប្រាណផង។

ផ្លូវថ្មើជើងនេះ មានប្រវែង៩០០ម៉ែត្រ ជារៀងរាល់ថ្ងៃកំពុងតែទាក់ទាញប្រជាពលរដ្ឋ​ មកលេងកម្សាន្តមិនដាច់នោះទេ ហើយបើតាមការសាកសួរទៅកាន់ប្រជាពលរដ្ឋដែល ធ្វើដំណើរទៅកាន់ទីនោះ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាទន្លេបួនមុខដ៏ស្រស់ស្អាត ហើយក៏ដើម្បីហាត់ប្រាណសម្រាប់សុខភាពរបស់ពួកគាត់ផងដែរ។

ជារៀងរាល់ល្ងាចប្រជាពលរដ្ឋខ្មែរ និងជនបរទេស បានចាប់អារម្មណ៍ទៅនឹងការហាត់ប្រាណ និងធ្វើដំណើរតាមផ្លូវថ្មើជើងនេះ ដោយសារតែទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ និងទេសភាពស្រស់ស្អាតនៅតាមដងទន្លេសាប។

លោក តូច គឹមហុក ជានិស្សិត បានប្រាប់ថា «ទីនេះល្អមានកន្លែងធ្វើបរិយាកាសដើរលេង មានថ្មើជើង មានកន្លែងហាត់ប្រាណ ដើរលេងជិះកង់ ដើម្បីសុខភាពដែរ។ និយាយរួមបងប្អូនយើងគាត់ ចូលចិត្តមកដើរលេងកន្លែងនេះព្រោះស្អាត នៅជិតមាត់ទន្លេ អាកាសធាតុល្អ ត្រជាក់ ងាយស្រួលសម្រាប់ពួកគាត់ (ប្រជាពលរដ្ឋ) ដើរហាត់ប្រាណ ជួយបំពេញនូវសុខភាពគាត់»។

កញ្ញា រស់ ចាន់ណា ជានិស្សិតបាននិយាយថា កញ្ញាផ្ទាល់នៅពេលបំពេញការងារប្រចាំថ្ងៃ មានភាពហត់នឿយ ហើយនៅពេលដែលបានមកកម្សាន្ត និងមើលប្រជាពលរដ្ ឋហាត់ប្រាណ មានអារម្មណ៍ស្រស់ថ្លាឡើងវិញ។

កញ្ញា រស់ ចាន់ណា បានបន្តថា «សម្រាប់ខ្ញុំនៅពេលគាត់ (សាលាក្រុង) បង្កើតកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋដូច្នេះ គឺល្អប្រសើរ តែសម្រាប់ប្រជាពលរដ្ឋដែលមកហាត់ប្រាណ សូមជួយ ថែរក្សាបរិស្ថាននៅម្តុំនេះផង សូមកុំបោះចោលសម្បកទឹក កាកសំណល់អាហារផ្តេសផ្តាស់»។

យើងឃើញថាប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាជុំវិញការធ្វើដំណើរ លើផ្លូវថ្មើជើងនេះ ដោយសារតែទីតាំងនេះធំទូលាយ និងបង្កើតបរិយាកាសស្រស់ស្រាយ។ បើទោះបីជាពេលនេះការធ្វើដំណើរលើផ្លូវថ្មើជើងនេះ មានមនុស្សច្រើនក៏ដោយ តែសម្រាប់រឿងអនាម័យវិញ ក៏យើងត្រូវចូលរួមយកចិត្តទុកដាក់៕

ដោយ សុផានិត

Add new comment

14 + 1 =