ប្រជាពលរដ្ឋនៅតែមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺកូវីដ១៩

ប្រជាពលរដ្ឋកម្ពុជា ពាក់ម៉ាសក្នុងពេលកូវីដ១៩។

មកដល់ពេលនេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែ​បានលើកឡើងថាស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា គឺនៅតែមានកត្តាចម្លងខ្ពស់ បើទោះបីជាកន្លងមកការរកឃើញសុទ្ធសឹងតែជាករណីនាំចូល មិនមានការចម្លងក្នុងសហគមន៍យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងរាជធានីភ្នំពេញបានអោយដឹងថា ពួកគាត់នៅតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការចម្លងជំងឺកូវីដ១៩ ពិសេសរាល់ពេលដែលពួកគាត់ ចេញទៅខាងក្រៅផ្ទះ។ អ្នកស្រី តូច​ សារុំ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានប្រាប់កាលពីចុងសប្តាហ៍កន្លងមកនេះថា ចាប់តាំងពីពិភពលោក និងប្រទេសកម្ពុជាបានប្រកាសអំពីការរាតត្បាតនៃជំងឺកូវីដ១៩ នៅពេលធ្វើដំណើរទៅកាន់ទីសាធារណៈឬទីប្រជុំជន គឺអ្នកស្រីតែងតែប្រើប្រាស់ម៉ាស និងឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល ជេល ញឹកញាប់ ហើយបច្ចុប្បន្នអ្នកស្រី បង្កើនការប្រុងប្រយ័ត្នខ្លាំងជាងមុន ខណៈដែលក្រសួងសុខាភិបាល បានប្រកាសពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩នេះ មិនទាន់អស់ពីប្រទេសកម្ពុជា និងមានអ្នកធ្វើចត្តាឡីស័កមួយចំនួន បានគេចចេញពីមណ្ឌលចត្តាឡីស័ក ហើយត្រូវបាននាំមកវិញនោះ។

អ្នកស្រី តូច សារុំ បាននិយាយថា «តាំងពីមានជំងឺនេះ អុំពាក់ (ម៉ាស) រហូត។ អុំការពារសុវត្ថិភាព ការពារជំងឺនេះ ដើម្បីអោយយើងមានសុខភាពល្អ ដើម្បីកុំអោយមានការកើតឆ្លងជំងឺនេះ»។

ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញរូបនេះ បានបន្តថា ការពារជំងឺនេះ ដោយគ្រាន់តែដើរឆ្ងាយពីមនុស្ស ហើយនៅពេលមកកាន់ទីផ្សារ នឹងត្រឡប់ទៅផ្ទះវិញ លាងដៃ លាងសម្អាតខ្លួន បាញ់ទឹកអាល់កុលក្នុងផ្ទះជាប្រចាំ។

ចំណែកអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយរូបទៀត លោក អួន សីហា បាននិយាយថា​ «យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ដូចជាពួកខ្ញុំមានអាល់កុល សម្រាប់អោយភ្ញៀវជិះកង់បីរបស់ខ្ញុំ ដើម្បីការពារទាំងអស់គ្នា»។

អ្នកប្រកបរបររត់កង់បីឥណ្ឌា រូបនេះ បានបន្តថា អ្នកជិះកង់បីទាំងអស់គួរតែប្រុងប្រយ័ត្ន ព្រោះមិនដឹងថាមានអ្នកណាកើតជំងឺនេះឬក៏អត់នោះទេ អ្នករត់កង់បីគួរតែមានអាល់កុលសម្រាប់អតិថិជនទាំងអស់គ្នា សម្រាប់លាងសម្អាតដៃ។

លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមវិធានការសំខាន់ៗរបស់ក្រសួងសុខាភិបាល។

លោកស្រី ឱ វណ្ឌឌីន បានអំពាវនាវថា «ខ្ញុំសុំអំពាវនាវ សុំបងប្អូនប្រជាពលរដ្ឋ បន្តអនុវត្តនូវវិធានការការពារខ្លួន សាមញ្ញដូចជា ការអនុវត្តនូវអនាម័យខ្លួនប្រាណ ជាពិសេស អនាម័យដៃស្អាត ដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយនឹងអាល់កុល​ ឬជេល អោយបានញឹកញាប់ជាទីបំផុត ហើយជៀសវាងការយកដៃរបស់យើងទៅប៉ះពាល់លើផ្ទៃមុខ។ រាល់ពេលធ្វើដំណើរសូមបងប្អូនប្រើប្រាស់ម៉ាស ហើយប្រើប្រាស់ម៉ាសនៅក្នុងករណីចាំបាច់ រាល់ពេលជួបជាមួយនឹង មនុស្សដទៃទៀត»៕

ដោយ សុផានិត

Add new comment

2 + 0 =