និស្សិតត្រៀមខ្លួនរួចរាល់ក្នុងការរៀន និងប្រឡងបន្ទាប់ពីបើកសាលារៀនឡើងវិញ

សិស្សានុសិស្សចូលរៀនវិញក្នុងដំណាក់កាលទី២។

វិបត្តិជំងឺកូវីដ១៩ បានធ្វើអោយប៉ះពាល់ខ្លាំងដល់វិស័យសិក្សាធិការ ក្នុងនោះយុវជន និងយុវនារី ជានិស្សិតនៅតែត្អូញត្អែរ ពីការសិក្សាតាមប្រព័ន្ធអនឡាញ។ សាលារៀនបានផ្អាកការសិក្សាមួយរយៈពេលធំ ដោយសារការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលដែលមានភាពធូរស្បើយបានមួយចំនួនធំ សាលារៀនបានចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ។

ជាក់ស្តែងក្នុងដំណាក់កាលទី២នៃការបើកដំណើរការសាលារៀនឡើងវិញនេះ បើតាមលោក សំ កម្សាន្ត ដែលជានាយកសាលារៀនជំនាន់ថ្មី សិស្សានុសិស្សបានត្រៀម និងរៀនបានរួចរាល់។

លោក សំ កម្សាន្ត បានបញ្ជាក់ថា ៖«គឺយើងបានជួលក្រុមហ៊ុនមកបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដើម្បីរក្សាអនាម័យខ្ពស់ ក្នុងបរិបទបន្ទប់រៀន និងតាមទីធ្លាក៏ដូចជាបន្ទប់ ឬក៏រៀនរស់នៅក្នុងគន្លងថ្មី សម័យកូវីដ១៩នេះ ដើម្បីអោយសិស្ស និងគ្រូបានយល់ដឹងពីគន្លងថ្មីនេះ»។

យុវនារី សុគន្ធ ទេវី ជានិស្សិតឆ្នាំទី២ ​ បានថ្លែងប្រាប់កាលពីចុងសប្តាហ៍កន្លងមកថា «បន្ទាប់ពីសាលារៀនបើកដំណើរការឡើងវិញនោះ ខ្ញុំសប្បាយចិត្តព្រោះតែការរៀនអនឡាញ វាលំបាកអ៊ីចឹងពេលដែលខ្ញុំដឹងថាខ្ញុំអាចមករៀននៅសាលារៀនបានឡើងវិញ ហើយត្រៀមខ្លួនបានល្អសម្រាប់ការប្រឡងរបស់ពួកខ្ញុំ»។

និស្សិត រូបនេះ បានបន្តថា ដំបូងបន្ទាប់ពីក្រសួងទុកពេលអោយសិស្សានុសិស្ស សិក្សាបានត្រឹមតែ៣ខែដើម្បីសិក្សាមុនការប្រឡង សិស្សអាចត្រៀមខ្លួនបានយ៉ាងល្អ ប្រសិនបើសិស្សត្រូវប្រឡងភ្លាមៗនោះសិស្សមិនអាចត្រៀមខ្លួនបាននោះទេ។

ចំណែកយុវសិស្សមួយរូបទៀត លោក ចាន់ មករា  បានបញ្ជាក់ថា «ដូចតាមដឹងអ៊ីចឹង ការរៀនតាមអនឡាញមានភាពលំបាកច្រើន ហើយក៏មិនអាចសិក្សាបានទាន់នោះទេ។ ការសិក្សាតាមអនឡាញ ពេលខ្លះអ៊ីនធឺណែតមានភាពរអាក់រអួល នៅពេលដែលយើងមកសាលារៀនវិញនោះយើងអាចរៀន តែយើងមិនភ្លេចកូវីដ១៩នោះទេ យើងនៅតែរក្សាគម្លាតពីគ្នា ការប្រើម៉ាស និងមានអាល់កុលដាក់តាមខ្លួនជានិច្ច»។

លោក ចាន់ មករា បានបន្តថា ការបើកដំណើរការសាលារៀនឡើងវិញ សម្រាប់សិស្សថា្នក់ទី១២ និងទី៩ ជាឆ្នាំប្រឡងពិតជាមានការល្អប្រសើរ ដែលអាចសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ឬក៏មិត្តភត្តិដើម្បី ផ្លាស់ប្តូរបទពិសោធ ទាក់ទងនឹងការសិក្សាពីចម្ងាយ។

ចាប់ពីថ្ងៃទី ០៧ ខែកញ្ញា ក្រសួងអប់រំ សម្រេចអនុញ្ញាត្តអោយសាលារៀនរដ្ឋ​ និងឯកជន បើកដំណើការសាលារៀន ក្នុងដំណាក់កាលទី២ សម្រាប់សិស្សថ្នាក់ទី ៩ និងទី១២។ ក្រៅពីរាជធានី ខេត្តទាំង២១ ក្នុងនោះគឺមាន៤ខេត្តទៀតអាចបើកដំណើរការសាលារៀនបាន គ្រប់កម្រិតសិក្សា។ ការបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី២នេះ ដោយសារតែស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា មានភាពធូរស្រាល៕

ដោយ សុផានិត

 

Add new comment

12 + 2 =