តំបន់ទេសចរណ៍ធម្មជាតិ ត្រៀមខ្លួនរួចដើម្បីស្វាគមន៍ភ្ញៀវនៅខែក្រោយ

រមណីដ្ឋានធម្មជាតិ​តាតៃ។

ខេត្តមួយដែលមានសក្តានុពុលលើវិស័យទេសចរណ៍ ហើយក៏ជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ជាពិសេសទៀតនោះជាខេត្តជាប់នឹងបណ្តោយឆ្នេរ សមុទ្រនោះគឺខេត្តកោះកុង។ ខេត្តកោះកុងមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន រួមទាំងមានសហគមន៍ទេសចរណ៍ ដែលបម្រើជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ក្នុងអំឡុងពេលនេះមានប្រជាពលរដ្ឋកម្ពុជាជាច្រើនបានធ្វើដំណើរកម្សាន្តនៅក្នុងផ្ទៃប្រទេស បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ ១៩យ៉ាងណាក្តី ប៉ុន្តែកម្ពុជាក៏នៅតែជំរុញចលនាទេសចរណ៍ក្នុងស្រុក ក្នុងនោះតាមតំបន់រមណីដ្ឋានទេសចរណ៍ទាំងអស់បាន ត្រៀមលក្ខណៈជាស្រេច ដើម្បីទទួលភ្ញៀវទេសចរណ៍ ការរក្សាវិធានការអនាម័យ និងការត្រៀមនូវសេវាកម្មទេសចរណ៍ផ្សេងៗជូនដល់ភ្ញៀវ។

ខេត្តកោះកុង មានរម្មណីដ្ឋានមួយដែលមានទេសភាពស្រស់ត្រកាល គ្រប់រដូវកាលនោះ គឺរមណីដ្ឋាន តាតៃ។ រមណីដ្ឋានតាតៃ ក៏ជារមណីដ្ឋានមួយដែលមានភាពទាក់ទាញ បច្ចុប្បន្ននេះ គណៈកម្មាការគ្រប់គ្រងទេសចរណ៍សហគមន៍ ធម្មជាតិទឹកជ្រោះតាតៃ បានលើកឡើងថា ពួកគាត់បានត្រៀមរួចជាស្រេចហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ ដែលមានបំណងចង់ទៅលេងនៅតំបន់ទេសចរណ៍សហគមន៍នេះ សម្រាប់ថ្ងៃឈប់សម្រាកសងនៃពិធី បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ។

បើតាមលោក ជា ចាន់សីហា ជាប្រជាសហគមន៍ទេសចរណ៍តាតៃ បានបញ្ជាក់ថា សហគមន៍របស់លោក បានត្រៀមរៀបចំធ្វើអនាម័យ បរិស្ថាន សុខភាពសង្គម​ សុវត្ថិភាព​ ការពង្រីកនូវការហូបចុក និងការដឹកជញ្ជូនភ្ញៀវទៅលេងទឹកជ្រោះ។ លោកបានបញ្ជាក់បន្ថែមថា សហគមន៍ទេសចរណ៍ ក៏មានជាម៉ាស មានជាអាល់កុល សម្រាប់ចែកជូនដល់អ្នកទេសចរណ៍ ដែលចង់ទៅលេងកម្សាន្តនៅតំបន់នោះ ដើម្បីរួមគ្នាទប់ស្កាត់ ការចំលងជំងឺកូវីដ ១៩។

លោក ជា ចាន់សីហា បាននិយាយថា «ទេសចរណ៍ធម្មជាតិ តាតៃ នឹងមានភ្ញៀវមកលេងច្រើន ប្រសិនបើមកលេងហើយ សូមភ្ញៀវមេត្តាជួយការពារ ទប់ស្កាត់ជំងឺកូវីដ ១៩ទាំងអស់គ្នា។ យើងមានជេល សម្រាប់ចែកជូនភ្ញៀវលាងសម្អាតដៃ ដើម្បីសុខភាពល្អ»។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានភ្ញៀវទេសចរណ៍ច្រើននាំគ្នាទៅលេងកម្សាន្តនៅរមណីដ្ឋាន ទេសចរណ៍ធម្មជាតិ តាតៃនេះ ក្នុងនោះរមណីដ្ឋានទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៥០០នាក់ ក្នុងមួយថ្ងៃ បន្ថែមពីនេះក៏មានសេវាកម្មទេសចរណ៍ច្រើន សម្រាប់ផ្តល់ជូនអ្នកទេសចរណ៍។

បច្ចុប្បន្ននេះ មានភ្ញៀវទេសចរណ៍ក្នុងស្រុកច្រើនបាននាំគ្នាទៅលេងនៅតំបន់ទេសចរណ៍ធម្មជាតិ តាតៃ។

លោក សំរិទ្ធ សម្បូរ ជាភ្ញៀវទេសចរណ៍ បានបង្ហាញចំណាប់អារម្មណ៍ថា «គ្រាន់តែមកដល់ភ្លាម​នោះអ្វីដែល ខ្ញុំចាប់អារម្មណ៍ជាងគេ គឺធម្មជាតិព្រៃភ្នំ និងទឹកជ្រោះ»។

ទន្ទឹមនឹងនោះផងដែរ យើងឃើញថា សម្រាប់តំបន់ទេសចរណ៍នៅតាតៃនេះ មានភ្ញៀវទេសចរណ៍ក្នុងស្រុកនាំគ្នាទៅកម្សាន្តនៅទីនោះច្រើន ក្នុងរយៈពេល៣ខែចុងក្រោយ ហើយប្រជាសហគមន៍រំពឹងទុកថានឹង មាននៅទេសចរណ៍ក្នុងស្រុកកាន់តែច្រើន បន្ថែមទៀតទៅកាន់សហគមន៍មួយនេះ។

សហគមន៍ទេសចរណ៍ធម្មជាតិតាតៃនេះ មានប្រជាពលរដ្ឋរស់នៅទីនោះប្រមាណជា ២០០គ្រួសារកំពុងតែរស់នៅ និងអាស្រ័យផលនៅទីនោះ ដើម្បីបម្រើជូននូវសេវាកម្មទេសចរណ៍ជាច្រើនជូនដល់ភ្ញៀវទេសចរណ៍៕

ដោយ សុផានិត

Add new comment

1 + 16 =