ក្នុងស្ថានភាពកូវីដ១៩ សាលារៀនបានពង្រឹងប្រព័ន្ធបង្រៀនតាមអនឡាញ

សិស្សានុសិស្សកម្ពុជា មុនពេលមានវិបត្តិកូវីដ១៩។

 

ចាប់តាំងពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចវិសម្សកាលតូចមុនកំណត់ តាំងពីចុងខែមីនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ សាលារៀន បានពង្រឹងការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។

លោក សុង សេងញន​ នាយករងសាលាសុវណ្ណភូមិ បានលើកឡើងថា​ «នៅពេលដែលយើងបានទទួលសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ថាសាលាទាំងអស់ត្រូវតែសម្រាក បណ្តោះអាសន្នហើយព្យាយាមជំរុញលើកទឹកចិត្ត ដល់ការបង្រៀននិងរៀន តាមប្រព័ន្ធអនឡាញ សាលារៀន បានរៀបចំអោយមានប្រព័ន្ធ E-learning សាលាបានរៀបចំក្រុមការងារបច្ចេកទេស ជាគ្រូដែលចេះពីរបៀបនៃការបង្រៀន ហើយដឹងពីវិធីសាស្រ្តនៃការប្រើប្រាស់ ហើយក៏មានសេវាដឹកជញ្ជូនសន្លឹកកិច្ចការសិស្ស»។

នៅក្នុងវិបត្តិកូវីដ១៩ សាលាបានអភិវឌ្ឍកម្មវិធីសិក្សាជាច្រើន ដើម្បីអោយសិស្សបន្តការសិក្សាជាមួយសាលា ហើយសាលាត្រូវធានានូវគុណភាព ជូនសិស្សានុសិស្ស។

រហូតមកដល់ថ្ងៃនេះ សាលាជាច្រើនបានជួយដល់សិស្ស កម្មវិធីសិក្សា និងលោកគ្រូអ្នកគ្រូ មានសមត្ថភាពគ្រប់គ្រាន់ដើម្បីអោយសិស្ស រៀនឆាប់យល់ និងងាយ ស្រួលរៀនដូចកាលរៀននៅក្នុងថ្នាក់រៀនផងដែរ។

លោក សៀន ធា ជាគ្រូភាសាខ្មែរ បានលើកឡើងថា ក្នុងសម័យកូវីដ១៩ លោកសម្លឹងឃើញថា សាលារៀន បានអភិវឌ្ឍការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ ពិតជាវិសេសវិសាលណាស់ ព្រោះថាការបង្រៀនតាមប្រព័ន្ធអនឡាញ គឺជាឱកាសល្អសម្រាប់សិស្សានុសិស្ស ដែលនៅតែបន្តការសិក្សា និងមានទំនាក់ទំនងយ៉ាងសកម្មរវាងគ្រូនិងសិស្ស ទោះបីជាសាលាបិទទ្វារជាបណ្តោះអាសន្នក៏ដោយ។

លោក សៀន ធា បានថ្លែងថា «សូម្បីតែខ្ញុំជាគ្រូ ក៏ខ្ញុំបានរីករាយបានស្គាល់ នូវអ្វីដែលថ្មីៗដូចជាប្រព័ន្ធ ការសិក្សាថ្មីៗទាក់ទងនឹង ការសិក្សាពីចម្ងាយ ដែលធ្វើអោយខ្ញុំជាគ្រូមា្នក់បានយល់ដឹងពី ការរៀនសិក្សាអំពីអ្វីដែលថ្មីៗ ដែលមាននៅក្នុងនោះ ហើយមួយវិញទៀតនោះវាជាផ្នែកមួយដែលធ្វើអោយកូនសិស្ស ទទួលបាននូវអ្វីដែលហៅថា កាន់តែងាយស្រួលបន្ថែមទៀត»។

យុវសិស្ស គង់ ស៊ីដាលីន បាននិយាយថា ការសិក្សាតាមប្រព័ន្ធអនឡាញនេះ មានសារៈសំខាន់ណាស់ ក្នុងអំឡុងពេលនៃការរីករាលដាលនេះ វីរ៉ុសកូវីដ១៩ ដែលធ្វើអោយអាចបន្តការសិក្សាពីចម្ងាយបាន ធម្មតាដូចនៅសាលារៀនដែរ៕

Add new comment

6 + 3 =