ការសិក្សាតាមប្រព័ន្ធអនឡាញផ្តល់បទពិសោធជាច្រើនដល់មាតាបិតាសិស្ស

សកម្មភាពសិក្សាតាមអនឡាញរបស់សិស្សានុសិស្ស។

វិស័យអប់រំ យុវជន និងកីឡា នៅក្នុងពេលដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងប្រឈមជាមួយនឹងវិបត្តិសុខភាពសាធារណៈ​ ឬជំងឺកូវីដ១៩ ការសិក្សាតាមរយៈប្រព័ន្ធអប់រំពីចម្ងាយ ឬការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច គឺជាជម្រើសតែមួយគត់សម្រាប់ ដែលរក្សានូវស្ថេរភាពវិស័យសិក្សាធិការ បើទោះបីជាស្ថិតនៅក្នុងកម្រិតណាក៏ដោយ ហើយក៏ជាវិញ្ញាសារយ៉ាងពិបាកមួយសម្រាស់វាស់ស្ទង់ ការព្យាយាម និងសមត្ថភាពពិតរបស់សិស្ស និងនិស្សិត។

ជំងឺកូវីដ១៩​ បានជះឥទ្ធិពលយ៉ាងធំសម្បើមជាសកល សង្គមមនុស្សជាតិ ក្រៅពីការគៀបសង្កត់លើវិបត្តិសេដ្ឋកិច្ចហើយនោះ វិស័យអប់រំ យុវជន​ និងកីឡា ក៏ជួបប្រទះវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើការកសាង និងអភិវឌ្ឍប្រទេសជាតិ ត្រូវទទួលរងផលប៉ះពាល់។ ក្នុងប្រទេសកម្ពុជា ខេត្តវប្បធម៌ ឬខេត្តសៀមរាប ត្រូវបានបិទទ្វារមុនគេ ក្នុងចំណោមបណ្តារាជធានី និងខេត្តទាំង២៥ លើសាលារៀន ទាំងសាធារណៈ និងឯកជន កាលពីកំឡុងពាក់កណ្តាលខែមីនា ឆ្នាំ២០២០កន្លងទៅ។

យ៉ាងណាក៏ដោយក្រោមការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការនោះ ហើយស្ថិតនៅក្រោមវិធានសុវត្ថិភាព ការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលនោះ ផែនការអប់រំ ពីចម្ងាយ ក៏បានបង្ហាញខ្លួនឡើងលើទឹកដីកម្ពុជា។

នាយកវិទ្យាល័យច្បារអំពៅ លោក ឃៀង សុឃៀន បានលើកឡើងថា «ការដាក់ចេញនូវវិធានការអប់រំពីចម្ងាយមាន៣ជំរើសសម្រាប់សិស្សានុសិស្ស ក្នុងនោះទី១ ការសិក្សាតាមរយៈសៀវភៅសិក្សាគោល ទី២ការជួបផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ​ តាមរយៈវីឌេអូ (Videoconference)និងទី៣ សិស្សត្រូវស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការសិក្សាតាមវីឌេអូ បង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្ទាល់»។

ជាអាណាព្យាបាលម្នាក់ លោក ជា ពិសី បានចូលរួមអបអរសាទរចំពោះការចូលរួមគ្រប់គ្នារបស់អាណាព្យាបាលសិស្សានុសិស្សទូទៅ លោកគ្រូអ្នកគ្រូ ដែលមានស្មារតីចូលរួមជួយជ្រោមជ្រែង សម្រាប់ការសិក្សាពីចម្ងាយរបស់សិស្ស និងនិស្សិត បើទោះបីជាប្រឈមនឹងការលំបាកយ៉ាងណាក្តី។ ការខិតខំសិក្សាដោយខ្លួនឯងរបស់សិស្សានុសិស្ស និស្សិត ក្នុងដំណាក់កាលឆ្លងជំងឺកូវីដ១៩ ហើយការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ជាបទពិសោធថ្មី ពុំធ្លាប់មានយ៉ាងណាក៏ដោយលើទឹកដីកម្ពុជា តែលទ្ធផលបានបង្ហាញថា ការសិក្សារបស់សិស្សបានធ្វើដំណើរ ឆ្ពោះទៅកាន់ការបញ្ចប់ការសិក្សារបស់ខ្លួននៅពេលខាងមុខដោយជោគជ័យ។

យុវនារី ប្រាក់ ដានីតា​ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យក្នុងរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ការសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិច មានទាំងឧបសគ្គនិងគុណសម្បត្តិ មិនស្នើនឹងការសិក្សាផ្ទាល់ក្នុងថ្នាក់រៀននោះទេ ប៉ុន្តែនេះគឺជាជម្រើសតែមួយមុខគត់ ប្រកបដោយសុវត្ថិភាព​ និងការសិក្សា។ ការលំបាកជាវិញ្ញាសារ សម្រាប់បង្កើតអោយទៅជាបទពិសោធ។

កញ្ញា ប្រាក់ ដានីតា បានថ្លែងថា «បទពិសោធគឺប្រសិនបើចង់បានសញ្ញាបត្រ័ ចង់ប្រឡងជាប់ ទាល់តែយើងខ្លួនឯងរៀនបន្ថែមខ្លួនឯងនៅផ្ទះ។ ជម្រើសមិនអាចរៀនអនឡាញ ស្តាប់តែលោកគ្រូ អ្នកគ្រូ មួយមុខនៅពេលជួបតាមកញ្ចក់កុំព្យូទ័រនោះទេ។ សិស្សខ្លះរៀនមិនទាន់ ឬមិនយល់នោះ យើងត្រូវខិតខំខ្លួន​​​ឯង និយាយអោយចំនោះ គឺការរៀនបន្ថែមតាមរយៈការមើលទូរទស្សន៍ជាតិ (TVK2) ដោយសារតែមានគ្រូពន្យល់តាមទូរទស្សន៍ ឬតាមហ្វេសប៊ុក (Facebook) ក្រសួង (ក្រសួងអប់រំ យុវជន និងកីឡា)។ ក្នុងការសិក្សាអនឡាញ ខ្ញុំបានបង្កើតជាក្រុមចំនួនពី៤ទៅ៥នាក់​​ តាមរយៈហ្វេសប៊ុក សម្រាប់ផ្ទេរចំណេះដឹងអោយគ្នា សួរលំហាត់គ្នាទៅវិញទៅមក សម្រាប់លំហាត់ឬមេរៀនដែលមិនយល់»។

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីណែនាំ ស្តីពីការអនុញ្ញាត្តបើកសាលារៀនដំណាក់កាលទី២ឡើងវិញ សម្រាប់សិស្សានុសិស្សថ្នាក់ទី៩ និងទី១២ ដែលជាសិស្សប្រឡងសញ្ញាប័ត្រ។ តាមរយៈសេចក្តីណែនាំនោះ ក្រសួងអប់រំ អនុញ្ញាត្តអោយផ្ទុកចំនួនសិស្សានុសិស្សក្នុងមួយថ្នាក់ចន្លោះពី១៥ ទៅ២០នាក់ សម្រាប់គោលការណ៍រក្សាគម្លាតសុវត្ថិភាពសង្គម និងបានណែនាំអោយសិស្សានុសិស្សស្វែងយល់ អំពីវិធីការពារខ្លួនពីជម្ងឺកូវីដ១៩ តាមយៈការលាងសម្អាតដៃ ជាមួយសាប៊ូ អាល់កុល ឬជេល អោយបានញឹកញាប់ ពាក់ម៉ាសការពារ។

ដោយឡែកសម្រាប់ការប្រឡងបញ្ចប់ការសិក្សារបស់សិស្សានុសិស្សថ្នាក់ទី៩ និងទី១២ នឹងត្រូវធ្វើឡើងក្នុងកំឡុងខែវិច្ឆិការ ឆ្នាំ២០២០ខាងមុខ៕

Add new comment

3 + 0 =