កម្ពុជាកំពុងរៀបចំច្បាប់ស្តីពីការការពារ និងដោះស្រាយបញ្ហារបស់កុមារ

កុមារដែលរស់នៅក្នុងខេត្តសៀមរាប។

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដែលជាថ្ងៃទិវាពិភពលោកប្រឆាំងពលកម្មកុមារអន្តរជាតិ សម្រាប់ប្រទេសកម្ពុជា កំពុងតែរៀបចំនូវច្បាប់ស្តីពី ការពារកុមារ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា របស់កុមារ ប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។

ឆ្នាំ២០២០នេះ ជាខួបលើកទី៧១ នៃទិវាកុមារអន្តរជាតិ ខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជាឆ្នាំ២០២០ លោក តូច ចន្នី ជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច​បានលើកឡើងថា កម្ពុជាកំពុងត្រៀមរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម របស់កុមារអោយកាន់តែមានប្រសិទ្ធភាព។

លោក តូច​ ចន្នី បានបញ្ជាក់ថា សព្វថ្ងៃកុមារនៅកម្ពុជា ប្រឈមបញ្ហាមួយចំនួន ដោយបញ្ហាសំខាន់រួមមានការបោះបង់ចោលកុមារ ការចំណាកស្រុករបស់ឪពុកម្តាយ និងអំពើហិង្សាដែលនៅតែកើតមានឡើង​ជាពិសេសគឺនៅតំបន់ដាច់ស្រយាល់ ដែលការអប់រំនៅមានកម្រិត។

លោក តូច ចន្នី បាននិយាយថា «យើងបាននឹងកំពុងគិតត្រៀមរៀបចំច្បាប់នេះ ច្បាប់នេះសំខាន់ណាស់ ដែលគ្របដណ្តប់លើបញ្ហាទាំងអស់ដែលពាក់ព័ន្ធនឹងបញ្ហាកុមារ។ ឧទាហរណ៍អំពើហិង្សាលើកុមារ ប្រសិនបើវាយកូន ត្រូវមានទោស​នៅពេលដែលច្បាប់ចេញ។ អ្នកដែលធ្វើអំពើហិង្សាលើក្មេងត្រូវមានទោស នេះជាយុទ្ធសាស្រ្តសម្រាប់ទៅអនាគត»។

អ្នកនាំពាក្យបានបន្ថែមថា ថ្មីៗនេះកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមអនុវត្ត មានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតសម្បទា ក្រសួងមហាផ្ទៃ រួមនឹងក្រសួងអប់រំ យុវជន និងកីឡា ជាដើម។​

ក្នុងឱកាសទិវាកុមារ ១មិថុនា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញសារលិខិត គាំទ្រចំពោះទិវានេះផងដែរ បើទោះបីជាឆ្នាំ២០២០នេះ មិនមានការរៀបចំទិវាអន្តរជាតិនេះយ៉ាងណាក្តី ដោយសារតែបញ្ហា ជំងឺកូវីដ១៩ ហើយក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានជម្រុញអោយគ្រប់ភាគីពាក់ព័ន្ធ អនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីឌ១៩នេះ មិនអោយឆ្លងដល់កុមារ និងផ្តល់សេវាអប់រំ អនាម័យ នឹងទឹកស្អាតស្មើគ្នា និងគ្រប់ភាគី ត្រូវគិតពីឧត្តមប្រយោជន៍របស់កុមារ៕

Add new comment

7 + 2 =