សម្តេចប៉ាបសរសើរប្រជាជាតិជប៉ុន និងជំរុញឲ្យបញ្ឈប់គ្រាប់បែកអាតូមិច

សម្តេចប៉ាប​និង​លោក​ស៊ីន ស៊ូអាបេ នាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងដំណើរ​ទស្សនកិច្ច​​ជា​ផ្លូវ​រដ្ឋ​របស់​លោក​នៅ ក្នុង​ប្រទេស​ជប៉ុននៅ ថ្ងៃនេះ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ ​បាន​និយាយ​ទៅកាន់​នាយក​រដ្ឋមន្ត្រី​ជប៉ុនលោក​ស៊ីន ស៊ូអាបេ (Shinzo Abe)​ ថា បិតិកភណ្ឌជាតិ​របស់​ប្រទេស​នេះមាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន និង​មានតម្លៃ​សីលធម៌​ដ៏​ខ្ពង់ខ្ពស់។ នេះ​បើ​យោង​តាម​សារពត៌មាន​វ៉ាទីកង់​។

 

សម្តេចប៉ាប​បាន​លើក​ឡើង​អំពី​ឃ្លា​មួយ​នៅ ក្នុង​លិខិត​របស់​លោក​អាឡិច​សាន់​ឌ្រូ វ៉ាលីកាណូ (Alessandro Valignano) ជា​បព្វ​ជិត​សហជីវិន​ព្រះយេស៊ូ​ដែល​បាន​សរសេរ​កាលពី​ឆ្នាំ​១៥៧៩​ថា «អស់​អ្នក​ដែល​ប្រាថ្នាចង់​ឃើញ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​មក​ដល់​មនុស្ស​ គឺ​ត្រូវ​មក​កាន់​ប្រទេស​ជប៉ុន​នឹង​ឃើញ​ច្បាស់»។

 

នៅ​ក្នុង​នោះ​ដែរ​ សម្តេចប៉ាប​ ​បាន​ជំរុញ​កុំ​ឲ្យ​មាន​សោកនាដកម្ម​ណាមួក​កើត​ឡើង​ជាថ្មីទៀត​​។ សម្តេចប៉ាបមាន​ប្រសាសន៍​ថា «ដំណើរ​ទស្សនកិច្ច​នេះ​មិន​គ្រាន់​តែ​លើក​ទឹកចិត្ត​គ្រីស្ត​បរិស័ទ​កាតូលិក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​រួម​ចំណែក​មួយ​ជាមួយ​មនុស្ស​ដែល​មាន​គតិល្អ ក្នុងការ​បញ្ឈប់​​​គ្រាប់​បែក​អាតូមិច​ដែល​បាន​បំផ្លាញ​ហ៊ីរ៉ូស៊ីម៉ា និង​ណាកាសាគី ដែល​ដាម​ជាប់​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ»។

 

សម្តេចប៉ាប​រំលឹក​ផងដែរ​អំពី​ស្មារតី​របស់​កីឡា​អូឡាំ​ពិក ដែល​ជប៉ុន​នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​ខាង​មុខ គឺ​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​ភាតរភាព យុត្តិធម៌ សាមគ្គីភាព និង​ការ​ផ្សះ​ផ្សារ ដែល​ជា​គន្លឹះ​មួយ​នាំ​ទៅ​រក​សន្តិភាព។

 

សម្តេចប៉ាប​មាន​ប្រសាសន៍​ទៀត​ថា ទំនាក់​ទំនង​ល្អ​រវាង​សាសនា​និង​សាសនា​មិន​គ្រាន់​តែ​បង្កើត​សន្តិភាព​នៅ​ក្នុង​អនាគត​ទេ ប៉ុន្តែ​វា​បាន​បណ្តុះ​អ្នកជំនាន់ក្រោយក្នុង​ពេល​បច្ចុប្បន្ន​និង​អនាគត​ឲ្យ​ស្រឡាញ់​គោលការណ៍​ក្រម​សីលធម៌​ដែល​​ជាគ្រឹះសម្រាប់​បម្រើ​សង្គមមួយដោយ​ត្រឹមត្រូវនិងយុត្តិធម៌។

 

ជាមួយ​គ្នា​នេះ សម្តេចប៉ាប​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​​ចំពោះ​ការ​អញ្ជើញ​ទ្រង់​មក​កាន់​ប្រទេស​ជប៉ុននេះ ដើម្បី​លើក​ទឹកចិត្តអ្នក​ចូលរួម ក្នុង​កិច្ច​ការពារ​ជីវិត គោរពសេចក្តីថ្លៃថ្នូរនិង​សិទ្ធិរបស់​សមាជិក​គ្រួសារ​មនុស្សជាតិរបស់​យើង៕

Add new comment

1 + 5 =

Please wait while the page is loading