សម្តេចប៉ាបសម្តែងការសោកស្តាយចំពោះការវាយប្រហារនៅស្រីលង្កា

ទិដ្ឋភាព​ក្រោយ​ពេល​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​វិហារ​មួយ​កន្លែង​នៅ​ទីក្រុង​កូឡុំបូ​​នៃ​ប្រទេស​ស្រីលង្កា។

សម្តេច​ប៉ាប​ហ្រ្វង់​ស៊ីស្កូ បាន​សម្ដែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​បុណ្យ​ចម្លង កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ប្រទេស​ស្រីលង្កា ដោយ​ការ​វាយ​ប្រហារ​នោះ​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់​ជិត​៣០០​នាក់ និង​រង​របួស​ទាំង​អស់​ប្រមាណ​ជា ៤០០ នាក់ ។

សម្តេច​ប៉ាប​បាន​ថ្លែង​ថា « ខ្ញុំ​ចង់​បង្ហាញ​នូវ​អារម្មណ៍​ដ៏​រន្ធត់​និង​សោក​សង្រេង​ទៅ​សហគមន៍​គ្រីស្តបរិស័ទ នៅ​ក្នុង​ប្រទេស​ស្រីលង្កា ហើយ​ខ្ញុំ​ក៏​បាន​ចូល​រួម​អធិដ្ឋាន​ជាមួយ​នឹង​គ្រីស្តបរិស័ទ នានា​ ដើម្បី​អធិដ្ឋាន​ជូន​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​សាហាវ​បែប​នេះ»។

បើ​តាម​វ៉ាទីកង់​ញូវ សម្តេច​ប៉ាប​បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​ពេល​ចូល​រួម ​បិទ​បុណ្យ​ចម្លង ដែល​មាន​ការ​ជួប​ជុំ​គ្នា​ នៅ​ទីលាន​សន្ត​សិលា ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​វាយ​ប្រហារ​ជាច្រើន​ដង​ទៅ​លើ​ព្រះវិហារ និង​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា គឺ​ជា​រឿង​ដ៏​រន្ធត់។

កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​អ្នក​វាយ​ប្រហារ​បាន​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់​បែក​ចំនួន​យ៉ាង​ហោច​ណាស់​៧​ដង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទៅ​លើ​​ព្រះវិហារ​បី​កន្លែងនិង​សណ្ឋាគារ​ចំនួន​៤​កន្លែង។

នៅ​ក្នុង​ព្រះវិហារ​ទាំង​បី​នេះ​មាន ព្រះវិហារ​កាតូលិក​ចំនួន ២ និង​មួយ​កន្លែង​ទៀត គឺ​ជា​ព្រះវិហារ​ប្រកាស​ដំណឹង​ល្អ​របស់​និកាយ​ប្រូតេស្តង់។

ការ​វាយ​ប្រហារ​ទៅ​លើ​សណ្ឋាគារ​វិញ​ គឺ​កើត​មាន​ឡើង​តាំង​ពី​សណ្ឋាគារ​កម្រិត​លំដាប់​ផ្កាយ សាំង​រីឡា ដោយ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ បាន​សម្លាប់​ជីវិត​ជន​បរទេស​ប្រមាណ​ជា​៩ រូប ៕

Add new comment

2 + 15 =

Please wait while the page is loading