សម្តេចប៉ាបនៅហ៊ីរ៉ូស៊ីម៉ា៖ ការប្រើប្រាស់និងការកាន់កាប់ថាមពលអាតូមិចសម្រាប់សង្គ្រាមគឺអសីលធម៌

សម្តេចប៉ាប​ឈរគោរព​នៅ​មុខ​ទីលាន​អនុស្សាវរីយ៍នៃក្រុង​ហ៊ីរ៉ូស៊ីម៉ា។ vaticannews.va

វិទ្យុវ៉ាទីកង់​បាន​ផ្សព្វផ្សាយ​ថា នៅ​ពេល​នោះ ទ្រង់​បាន​បញ្ជាក់​ជា​ថ្មី​ថា​ការប្រើ​ប្រាស់​និង​ការ​កាន់​កាប់​ថាមពល​អាតូមិច​សម្រាប់​គោល​បំណង​នៃ​សង្គ្រាម​គឺ​អសីលធម៌។ មនុស្ស​ជាង ៧ ម៉ឺន​នាក់​បាន​ស្លាប់​ភ្លាមៗ។ រីឯ​មនុស្ស ៧ ម៉ឺន​នាក់​ផ្សេង​ទៀត​ បាន​ស្លាប់​នៅ​ពេល​ក្រោយ​មក ដោយសារ​រលាក​សារធាតុ​វិទ្យុ​សកម្ម។

 

នៅ​ម៉ោង ៨ និង ១៥ នាទី​ព្រឹក​ថ្ងៃ​ទី ​៦ ខែ​សីហា ឆ្នាំ ១៩៤៥ គ្រាប់​បែក​បរមាណូ​សម័យ​សង្គ្រាម​លោក​លើក​ទី ១ ត្រូវ​បាន​ទម្លាក់​ទៅ​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា​ដោយ​បំផ្លាញ​ក្រុង​នេះ​ចោល​ទាំង​ស្រុង។ អគារ​តែ​មួយ​គត់​ដែល​អាច​រស់​រាន​មាន​ជីវិត​ពី​ការផ្ទុះ​នេះ​គឺ​អគារ ជេនបាគូ។ សព្វ​ថ្ងៃ​អគារ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ចំ​បេះដូង​នៃ​ឧទ្យាន​សន្តិភាព​នៅ​ហ៊ីរ៉ូស៊ីម៉ា​ជា​ការរំលឹក​អំពី​កម្លាំង​បំផ្លិច​បំផ្លាញ​ខ្លាំង​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ត មនុស្ស​ជាតិ។

 

នា​ឱកាស​ទស្សនកិច្ច​នោះ​សម្តេច​ប៉ាប​ បាន​ថ្លែង​ថា​ ទ្រង់​បាន​មក​គោរពបូជា​ដល់​ជនរងគ្រោះ​និង​ទទួល​ស្គាល់​ភាព​ខ្លាំង​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជនរងគ្រោះ។ ទ្រង់​បាន​និយាយ​ថា «យើង​នៅ​តែ​បន្ត​ សូម្បី​តែ​ថ្ងៃ​នេះ ដើម្បី​ស្តាប់​សម្រែក​របស់​អ្នក​ដែល​មិន​ឮ​ទៀត​ឡើយ"។ ទ្រង់​បាន​បន្ត​ទៀត​ថា ពួកគេ​មក​ពី​កន្លែង​ផ្សេងៗ​គ្នា​មាន​ឈ្មោះ​ផ្សេងៗ​គ្នា​ ហើយ​អ្នក​ខ្លះ​និយាយ​ភាសា​ផ្សេង។ ប៉ុន្តែ​ទាំងអស់​គ្នា​ត្រូវ​បាន​រួប​រួម​គ្នា​នៅ​ក្នុង​វាសនា​តែ​មួយ​ នៅ​ក្នុង​ម៉ោង​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​ដែល​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ជារៀង​រហូត​មិន​ត្រឹម​តែ​លើ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​លើ​មុខ​មនុស្ស​ជាតិ​ផង​ដែរ។

 

សម្តេច​ប៉ាប​បាន​មាន​ប្រសាសន៍​ថា​ទ្រង់​បាន​មក​ដល់​កន្លែង​នៃ​ការចង​ចាំ​ និង​ក្តី​សង្ឃឹម​សម្រាប់​អនាគត​នេះ​ក្នុង​នាម​ជា “អ្នក​ធ្វើ​ធម្មយាត្រា​នៃ​សន្តិភាព” ដែល​នាំ​មក​នូវ“ សម្រែក​របស់​អ្នក​ក្រ​ដែល​តែង​តែ​ជា​ជនរងគ្រោះ​ដែល​គ្មាន​ទីពឹង​កើត​ឡើង​ពី​ការស្អប់​និង​ជម្លោះ”។

 

សម្តេច​ប៉ាប បាន​មាន​ប្រសាសន៍​ថា​ទ្រង់​ចង់​ក្លាយ​ជា “សំឡេង​របស់​មនុស្ស​ដែល​គ្មាន​សំឡេង​ដែល​ធ្វើ​ជា​សាក្សី​និង​ព្រួយ​បារម្ភ​អំពី​ភាព​តាន​តឹង​ដែល​កំពុង​តែ​កើន​ឡើង​នៅ​ពេល​បច្ចុប្បន្ន​របស់​យើង។ ការផ្ទុះ​ឡើង​នូវ​ជម្លោះ​ប្រដាប់​អាវុធ​ជា​ប្រចាំ​ហាក់​ដូច​ជា​បញ្ហា​ទាំង​នេះ​មិន​អាច​ធានា​បាន​នូវ​អនាគត​សន្តិភាព​បាន​ទេ”។ សម្តេច​ប៉ាប​បាន​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា “ការប្រើ​ប្រាស់​ថាមពល​អាតូមិច​សម្រាប់​គោល​បំណង​នៃ​សង្រ្គាម​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ជា​បទ​ឧក្រិដ្ឋ​មិន​ត្រឹម​តែ​ប្រឆាំង​នឹង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ជាតិ​ទេ ប៉ុន្តែ​ប្រឆាំង​នឹង​អនាគត​ដែល​អាច​កើត​មាន​សម្រាប់​ពិភព​លោក​រួម​របស់​យើង។

 

សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស្កូ​បាន​បញ្ជាក់​ថា​ ការ​ប្រើប្រាស់​ថាមពល​បរមាណូ​សម្រាប់​គោល​បំណង​នៃ​សង្គ្រាម​គឺ​អសីលធម៌។ ទ្រង់​បាន​បន្ថែម​ថា​សន្តិភាព​ត្រូវ​តែ “បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ការពិត​ បង្កើត​ឡើង​ដោយ​យុត្តិធម៌​មាន​ចលនា​និង​ភាព​ល្អ​ឥត​ខ្ចោះ​ ដោយ​សេចក្តី​សប្បុរស​និង​ទទួល​បាន​សេរីភាព”៕

Add new comment

3 + 9 =

Please wait while the page is loading