អ្នកមកលេងបុណ្យអុំទូក បណ្តែតប្រទីបនិងអកអំបុក​ឆ្នាំនេះ​ សូមរិះគិតអំពីបញ្ហាអនាម័យនិងការបន្ទោរបង់

​បុណ្យឯករាជ្យជាតិត្រូវបានគេដឹងថានឹងមកដល់នៅថ្ងៃសៅរ៍ ហើយបន្ទាប់​មកគឺព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក​និង​សំពះ​ព្រះខែ នឹង​មកដល់ជាប់ៗ​គ្នានេះ គឺនៅ​ថ្ងៃអាទិត្យ រហូតដល់ថ្ងៃអង្គារ ដូច្នេះអាចនឹង នឹងមានអ្នកដែលមកចូលរួមបុណ្យនេះ ដូច្នេះ​នៅ​ពេលដែល​មកកំសាន្ត​ហើយមាននំ មានចំណី មានទឹក មានឥវ៉ាន់​ជាដើម សូមបងប្អូនកុំភ្លេច​ចំណុច​​តូច​មួយ​ គឺរឿងអនាម័យ​ចំពោះ​ម្ហូប​​អាហារ​​និង​​ការ​ហូប​ចុក ជាពិសេស​​គឺ​​​ការ​បន្ទោបង់។

 

ការហូបចុក និង បន្ទោរបង់នេះគឺជារឿងធម្មតា និងជារឿងសភាវគតិរបស់មនុស្សម្នាក់ៗ គឺរមែងឃ្លាន តែឃ្លានគឺត្រូវតែហូប ហើយបើស្រេ​កគឺត្រូវតែផឹក។ នៅពេលហូបហើយ ឬក៏ទទួលទានទឹក ឬ ភេសជ្ជៈហើយនោះ គឺនឹងអាច​មានការបន្ទោរ​បង់ហើយ។ ការទទួលទាន ហូបចុក ផឹក និង បន្ទោរបង់នេះ គឺគ្មាន​អ្នកណាហាមឃាត់​លោក​អ្នក​ឡើយ ប៉ុន្តែ​នៅពេ​លដែល​អស់លោកបម្រុងធ្វើរឿងនេះ សូមមានចិត្តគំនិតរិះ​គិតបន្តិចអំពី​​អនាម័យនេះ ពីព្រោះពេលនេះ រាជធានីរបស់​​យើង​គឺកំពុងតែគិតគូរ​រឿងបរិស្ថាន អនាម័យ និង សណ្តាប់​ធ្នាប់ ដូច្នេះសូម​ចូលរូម ដើម្បី​ថែរក្សា​រាជ​ធានី​របស់​​យើង​ឲ្យ​​បាន​ស្អាត និងមានបរិស្ថានល្អទាំងអស់គ្នា ។

 

នៅពេលដែលបងប្អូនទទួលទានហើយ សូមវេចខ្ចប់កាក​សំណល់​ហើយ​ប្រមូល​ទុកដាក់ឲ្យបានស្រួល រួចយកទៅ​បោះចោល​កន្លែងណា​ដែលមាន​ធុងសំរាម ពីព្រោះ​នៅពេលនេះ​ធុងសំរាម គឺវា​សំបូរណាស់ កន្លែងណាក៏​ឃើញដែរ ហើយ​អាជ្ញាធរ​ក៏បានខិតខំ​ដាក់ពង្រាយ​វាតាមទីកន្លែង​សារធារណៈជាច្រើន​កន្លែងរួច​ជាបណ្តើរៗហើយ។ មួយវិញទៀត នៅពេលវេចខ្ចប់នេះ ប្រសិនជាបងប្អូន​អាចចូលរួម​បន្ថែម​តែបន្តិចទៀតទេ គឺជួយញែកសំរាម ដោយដាក់​ប្លាស្ទិក សំបកដប កំប៉ុង និង សំណល់អាហារ ឲ្យដាច់ពី​គ្នាក៏រឹត​តែប្រសើរ ដើម្បី​សម្រួល​ដល់​អ្នក​ប្រមូល​សំរាម​។

​ចំពោះ​បញ្ហា​បន្ទោរបង់ បត់ជើង​តូច​ធំ​ ក៏សូមយកចិត្តទុកដាក់និងចូលរួមផងដែរ។ សូម​កុំ​យក​ន្លែង​សាធារណៈ ឬ​ឯក​ជន​ដែល​គ្មាន​​អ្នក​ត្រួត​ពិនិត្យ​ យក​ជា​កន្លែង​សម្រាប់​​ដាក់​កាក​សំណល់​​បន្ទោរ​បង់​ឡើយ ពីព្រោះឥឡូវនេះនៅរាជធានីភ្នំពេញ​តាមរបង តាមអគារ តាមកន្លែងនានា គឺភាគច្រើន គេមានកាមេរ៉ាសុវត្ថិភាព ដូច្នេះប្រយ័ត្នគេយកទៅផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ក​ឲ្យ​កើត​ក្តីអាមាស់​។ ដូច្នេះ សូម​រក​កន្លែង​បន្ទោរបង់​តាម​បង្គន់​អនាម័យ​នៅ​ទី​សាធារណៈ ឬ​តាម​ហាង​លក់​អាហារ ភោជនីយដ្ឋាន ឬ​ផ្សារ​ទំនើប​នានា ឬ​ស្ថានីយ៍​ចាក់​ប្រេង។ ម្យ៉ាង​វិញទៀត ក្នុង​អំឡុង​ពេល​បុណ្យ​នេះ អាជ្ញាធរបា​នអះអាងថា បានពង្រាយបង្គន់​ជាង​៦០០កន្លែង។ កន្លែងទាំងនោះ គឺយើងអាចប្រើប្រាស់បាន។

 

សរុបមកវិញ សូមយកចិត្តទុកដាក់រឿងសំរាមនិងបញ្ហាអនាម័យនេះឲ្យបានប្រសើរ​ឡើង​ន ដើម្បីកុំបរទេស​ម៉ាក់​ងាយ​​យើង​ដែល​ជា​ប្រជាពលរដ្ឋ​ក្នុង​ស្រុក ដោយ​យើង​រួម​គ្នា​កែ​ប្រែ​ឥរិយាបទ​មិន​ល្អ​មួយ​ចំនួន​អំពី​រឿង​នេះ៕

Add new comment

1 + 0 =

Please wait while the page is loading