Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
អាជ្ញាធរគួរតែពិនិត្យនិងពង្រឹងវិធានការអំពីចោរកម្ម

រឿងចោរប្លន់សម្លាប់ហាក់ដូចជាថយចុះ ប៉ុន្តែមិនមែនគ្មាននោះទេ ប៉ុន្តែរឿងចោរឆក់ ចោរលួច ចោរគាស់ផ្ទះ ចោរគៀបស៊ី និងចោរលូកហោប៉ៅ គឺនៅសំបូរហើយសកម្មថែមទៀត រីឯសមត្ថកិច្ចវិញហាក់មិនសូវដុតដៃដុតជើងយកចិត្តទុកដាក់លើរឿងនេះសោះ។
រឿងចោរកម្មបែបនេះ វាបន្តកើតមាននៅតាមទីកន្លែងសាធារណៈនានា ដូចជានៅតាមដងផ្លូវ តាមផ្សារ តាមទីលំនៅដ្ឋាន ជាពិសេសគឺនៅរាជធានីភ្នំពេញនិងទីប្រជុំជនមួយចំនួន ពោលគឺសំបូរនៅកន្លែងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌របស់ជាតិតែម្តង ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរគួរតែយកចិត្តទុកដាក់ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់លើបញ្ហាអសកម្មនៅក្នុងសង្គមកម្ពុជាមួយនេះឲ្យខានតែបាន។
តាមការសង្កេតរបស់យើងខ្ញុំ បញ្ហាអសកម្មនៅក្នុងសង្គមកម្ពុជាមួយនេះ វាមិនមែនកើតមានតែមកលើពលរដ្ឋកម្ពុជាតែប៉ុណ្ណោះទេ គឺវាកើតមានទៅលើអ្នកទេសចរ អ្នកវិនិយោគទុន ពាណិជ្ជករ ដែលជាជនបរទេស ជាហេតុបណ្តាលឲ្យពួកគេជួបរឿងដែលជូរចត់មែនទែន ខណៈពេលដែលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង។ កន្លងមក មានអ្នកខ្លះចាប់ផ្តើមជួបរឿងស៊យរបស់ពួកគេនៅតាម ផ្លូវចេញពីព្រលានយន្តហោះក៏មាន ដែលទាំងនេះសមត្ថកិច្ចនិងកងកម្លាំងសន្តិសុខទាំងអស់គួរតែយកចិត្ត ទុកដាក់ឲ្យបានមែនទែន។
រឿងដែលសោកសង្រេងទៅទៀតនៅពេលដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅរកសមត្ថកិច្ចប្តឹង គឺហាក់ដូចជារុញឲ្យគ្នាពីមួយទៅមួយ។ ឧទាហរណ៍រឿងចោរឆក់នៅលើផ្លូវមួយ ពេលទៅជួបសមត្ថកិច្ច នៅប៉ុស្តិ៍នេះ ថាមិនមែនជាដែនសមត្ថកិច្ចរបស់ខ្លួន សូមទៅប៉ុស្តិ៍នោះវិញ ហើយនៅពេលទៅដល់ប៉ុស្តិ៍នោះ ពេលខ្លះពិបាករកមន្រ្តីប៉ូលីសដែលទទួលខុសត្រូវថែមទៀត។ ម្យ៉ាងវិញទៀត សូម្បីទៅដល់ហើយនោះ ក៏ត្រូវរកអ្នកសរសេរពាក្យបណ្តឹងឲ្យ ហើយទម្រាំរកអ្នកសរសេរពាក្យបណ្តឹងនោះបាន គឺត្រូវបានមេប៉ុស្តិ៍ស៊ីញ៉េថែមទៀត ហើយអ្នកដែលសរសេរនោះភាគច្រើនទារថ្លៃទឹកប៊ិចបន្ថែម។ ដូច្នេះទម្រង់ការនេះ គឺយឺតយ៉ាវមែនទែន ហើយមិនបង្ហាញអំពីសេវាដ៏កក់ក្តៅជូនប្រជាពលរដ្ឋ និងជូនភ្ញៀវទេសចរអន្តរជាតិឲ្យកក់ក្តៅបន្តិចណាឡើយ ខណៈដែលពួកគេបាត់បង់សម្ភារមានតម្លៃ លិខិតឆ្លងដែន លុយកាក់ និងរបួសថែមទៀតផងក៏មាន។
ទាំងនេះគឺជាទិដ្ឋភាពដ៏អវិជ្ជមានដែលសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននានា គួរតែកែសម្រួលនិងមានវិធានការពង្រឹងសមត្ថកិច្ចនៅក្នុងការឆ្លើយតបបញ្ហានេះឲ្យខាងតែបានហើយ។
មកដល់ពេលនេះ នៅស្រុកគេ ជាពិសេសគឺនៅស្រុកជិតខាងយើង គេក៏មានបញ្ហានេះដែរ ប៉ុន្តែជាទូទៅប្រតិកម្ម និងសេវាកម្មឆ្លើយតបរបស់គេហាក់មានភាពកក់ក្តៅ និងប្រសើរជាង ព្រមទាំងមានប្រសិទ្ធភាពខ្លាំង។ ហើយកន្លែងដែលគ្មានសុវត្ថិភាព មិនមែនមានជាទូទៅគ្រប់តែកន្លែងដូចជានៅស្រុកយើងនោះទេ គឺគេមានតែកន្លែងណាដែលមានមនុស្សច្រើនកុះករ មនុស្សច្រើនពិបាកគ្រប់គ្រងតែប៉ុណ្ណោះ ប៉ុន្តែស្រុកយើងមិនថាកន្លែងស្ងាត់ អ៊ូអរនោះទេ គឺវាកើតឡើងសឹងតែគ្រប់កន្លែង។
ដូច្នេះយើងខ្ញុំសង្ឃឹមថា សមត្ថកិច្ច និងកងកម្លាំងសន្តិសុខ ដែលតែងតែអះអាងអំពីភាពប្រសើរឡើងនៃស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងប្រទេសយើង គួរតែចាត់វិធានការលុបបំបាត់ភាពអសកម្ម នេះឲ្យបានហើយ ពីព្រោះបទល្មើសតូចតាចទាំងនេះ ក៏ជាបច្ច័យមួយដែលអាចយកទៅឃោសនា វាយប្រហារប្រទេសយើងបានយ៉ាងងាយ និងលឿនថែមទៀតផង ដូច្នេះសូមចាត់វិធានការណ៍ជាបន្ទាន់ ដើម្បីឲ្យស្រុកយើងក្លាយជាគោលដៅទេសចរណ៍ កន្លែងធ្វើអាជីវកម្មដ៏មានសុវត្ថិភាពដ៏បរិបូរណ៍៕
Add new comment