សូមប្រុងប្រយ័ត្ននឹងបាតុភូតរន្ទះ!

មានភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង នៅថៃ្ងទី២៧ ខែឧសភា ឆ្នាំ២០១៩។ រូប​ថត​ពី​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម។

តាំង​ពី​មុន​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ រហូត​មក​ដល់​ពេល​ដែល​ក្រសួង​ធន​ធាន​ទឹក​នឹង​ឧត្តុនិយម​បាន​ប្រកាស​ថា រដូវ​វស្សា​បាន​ចូល​មក​ដល់​វិញ​ហើយ​នោះ បាតុ​ភូត ភ្លៀង​ផ្គរ និង រន្ទះ​ ហាក់​មាន​នៅ​លើ​ព័ត៌មាន និង ​ ​នៅ​លើ​បណ្តាញ​សង្គម​សឹង​តែ​រាល់​ថ្ងៃ​ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន។

 

យើង​ខ្ញុំ​នៅ​មិន​ទាន់​អាច​ស្វែង​រក​តួលេខ​ផ្លូវការ​ណា​មួយ ដើម្បី​ចែក​រំលែក​ជូន​លោក​អ្នក​នៅឡើយទេ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​កន្លង​មក គឺ​មាន​ច្រើន​ ជាពិសេស គឺ​នៅ​តាម​ជនបទ ស្រុក​ស្រែ​ចំការ ខណៈ​ដែល​ប្រជា​ពលរដ្ឋ​កំពុង​តែ​រីក​រាយ​នឹង​ភ្លៀង​ធ្លាក់​ដើម​រដូវ ហើយ​កំពុង​តែ​នាំគ្នា​ភ្ជួរ​រាស់ ដាស់​ដី ដើម្បី​ចាប់​ផ្តើម​ធ្វើ​ស្រែ​ចំការ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ឡើង​វិញ។

 

តាំង​ពី​ដើម​រៀង​មក រហូត​មក​ដល់​ពេល​នេះ តាម​ការសង្កេត បាតុភូត​ផ្គរ​រន្ទះ​នេះ គឺ​កើត​មាន​សឹង​តែ​គ្រប់​កន្លែង​មិន​ថា ជនបទ ទីក្រុង ទីប្រជុំជន​ណា​នោះ​ទេ។ ប៉ុន្តែ​កន្លែង​ដែល​សំបូរ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ដែល​កើត​មាន​ឡើង​ដោយសារ​តែ​បាតុភូត​រន្ទះ​នេះ គឺ​ច្រើន​កើត​មាន​នៅ​តាម​ជនបទ ខណៈ​ពេល​ប្រជា​កសិករ​កំពុង​ធ្វើ​ស្រែ​ចំការ។

 

 

ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ដោយ​សារ​រន្ទះ​កាលពី​ឆ្នាំ​២០១៧។

បាតុភូត​ផ្គរ និង រន្ទះ​នេះ កើត​មាន​គ្រប់​កន្លែង ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​នៅ​ជនបទ ស្រុក​ស្រែ​ចំការ​សំបូរ​អ្នក​មាន​គ្រោះ​ថ្នាក់​ដោយសារ​តែ​បាតុភូត​នេះ?

 

នោះ គឺ​អាច​ដោយ​សារ​តែ​កត្តា​ពីរ​យ៉ាង។ ដោយ​ទី​មួយ អាច​ថា នៅ​ទី​ក្រុង ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ សំបូរ​ឧបករណ៍​ការពារ​រន្ទះ ដូច្នេះ​នៅ​ពេល​ដែល​មាន​បាតុភូត​ធម្មជាតិ​នេះ​កើត​ឡើង គឺ​វា​បាញ់​ហើយ និង​ស្រូប​ទៅ​កន្លែង​ដែល​គ្មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស។

 

ករណី​ទី​ពីរ គឺ​អាច​ដោយ​សារ​តែ នៅ​តាម​ទី​ក្រុង ប្រជាពលរដ្ឋ​មាន​បទពិសោធ មាន​ចំណេះ​ដឹង​ខ្ពស់ ហើយ​ព័ត៌មាន​អំពី​ការ​បង្ការ​ពី​គ្រោះថ្នាក់​ដោយសារ​តែ​បាតុភូត​ធម្មជាតិ​នេះ​មាន​ច្រើន។ ដូច្នេះ​ហើយ ទើបកម្រ​ឃើញ បាតុភូត​នេះ​សម្លាប់​មនុស្ស​បាន​នៅ​ក្នុង​ទី​ក្រុង និង​ទី​ប្រជុំជន​ណាស់។ ហើយ​ម្យ៉ាង​ទៀត នៅ​ទី​ក្រុង ក៏​សំបូរ​ទី​ជម្រក​សុវត្ថិភាព​ជាច្រើន ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ជ្រក គេច​ពី​គ្រោះថ្នាក់​នៃ​បាតុភូត​នេះ​បាន។

 

នៅ​មុន​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ គ្រោះថ្នាក់​ដោយសារ​តែ​បាតុភូត​ផ្គរ​រន្ទះ​នេះ ឃើញ​ជា​បន្ត​បន្ទាប់ ហើយ​ទំនង​ជា​នឹង​មាន​ការកើត​ឡើង​បន្ត​ទៀត។ ក្រសួង​ធនធាន​ទឹក និង​ឧត្តុនិយម ក៏​បាន​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់ អំពី​បញ្ហា​នេះ​ដែរ។ ជា​ការពិត ដើម្បី​បង្ការ​បាតុភូត​នេះ គឺ​មាន​ឧបករណ៍​សម្រាប់​ការពារ ប៉ុន្តែ​យើង​ក៏​មិន​ចេះ​តែ​តម្លើង ហើយ​ក៏​មិន​អាច​នឹង​មាន​ធនធាន​គ្រប់​គ្រាន់ ដើម្បី​តម្លើង​ឧបករណ៍​នេះ​ឲ្យ​គ្រប់​ទិស​ទី​បាន​ដែរ។ ដោយសារ​តែ​វា​ទាក់​ទង​នឹង​ការចំណាយ ដូច្នេះ​ការស្វ័យ​ប្រុង​ប្រយ័ត្ន​របស់​ខ្លួន​យើង​ម្នាក់ៗ នៅ​ក្នុងការបញ្ចៀស​នូវ​គ្រោះ​ធម្មជាតិ​នេះ គឺ​ជា​រឿង​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ឈ្វេង​យល់​ទាំង​អស់​គ្នា ។

 

អ្នក​មាន​ធនធាន និង​លទ្ធភាព គឺ​អាច​នឹង​តម្លើង​ប្រព័ន្ធ​ការពារ​រន្ទះ​នេះ នៅ​តាម​ផ្ទះ​របស់​ខ្លួន​បាន ប៉ុន្តែ​ខណៈ​យើង​នៅ​ស្រែ​ចំការ ហើយ​ស្រែ​ចំការ​យើង​វា​ឆ្ងាយ​ពី​ផ្ទះ​នោះ តើ​យើង​ត្រូវ​តម្លើង​ប្រព័ន្ធ​នេះ​នៅ​តាម​វាល​ស្រែ​ទៀត​ឬ?

 

ដំណោះ​ស្រាយ​នេះ គឺ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​មើល​ទៅ​។ ដូច្នេះ ដំណោះ​ស្រាយ គឺ​មាន​តែ​ខ្លួន​យើង​ព្យាយាម​រក​វិធី​បង្ការ និង​កាត់​បន្ថយ​ភាព​ប៉ះ​ពាល់​នឹង​បាតុភូត​នេះ។ ហើយ​អាជ្ញាធរ គួរ​តែ​បង្កើត​ការយក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ទៅ​លើ​ការជូន​ដំណឹង និង​អប់រំ​អំពី​វិធាន​ការការពារ និង​បង្ការ​នូវ​គ្រោះ​ថ្នាក់ ដោយ​សារ​តែ​បាតុភូត​នេះ។

 

តាម​ទឹ្រស្តី​រូប​វិទ្យា បាតុ​ភូត​ផ្គរ​និង​រន្ទះ​នេះ គឺ​វា​កើត​មក​ពី​ការ​ប៉ះ​គ្នា​រវាង​បន្ទុក​អគ្គិសនី​បូក​និង​ដក រវាង​ដុំពពក​ក្រាស ហើយ​វា​វិល​វល់​នៅ​ក្នុង​អាកាស ហើយ​នៅ​ពេល​ណា​ដែល​បន្ទុក​ពីរ​នេះ​ប៉ះ​គ្នា វា​នឹង​បង្កើត​ជា​ភ្លើង​ជះ​ពន្លឺ ដែល​មាន​ថាមពល​អគ្គិសនី​ជា​មធ្យម​គឺ ២៧៧ គីឡូ​វ៉ាត់​ម៉ោង ដែល​ថាមពល​ខ្លាំង​នេះ អាច​ផ្គត់​ផ្គង់​អំពូល​ភ្លើង ដែល​ប្រើ​ថាមពល ១០០ វ៉ាត់ នៅ​ក្នុង​ផ្ទះ​របស់​យើង បាន​ដល់​ជាង ១ ខែ​ពេញ​ឯណោះ។ ដោយ​ឡែក​រន្ទះ​ក៏​មាន​កម្ដៅ​ក្ដៅ​ខ្លាំង ដោយ​កម្ដៅ​របស់​វា​ឡើង​ដល់ ៥៣.០០០ ហ្វារិនហៃ ឬប្រហាក់​ប្រហែល ២៩.០០០ អង្សាសេ (នៅ​ក្នុង​បរិយាកាស) ហើយ សំឡេង​របស់​វា ក៏​ខ្លាំង​រហូត​វា​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ​ស្រួល នៅ​ក្នុង​រយៈពេល តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ។

 

តាម​ការកត់​ត្រា​កន្លង​មក​នេះ គ្រោះ​ថ្នាក់​ដោយសារ​តែ​រន្ទះ គឺ​មាន​ប្រហាក់​ប្រហែល​ជាង​១០០​នាក់ ភាគច្រើន​គឺ​ស្លាប់ ក្រៅពី​នោះ​មាន​សត្វ​ពាហនៈ ដូច​ជា គោ​និង​ក្របី​ជាច្រើន​ក៏​បាន​ងាប់​ដោយសារ​តែ​បាតុភូតផ្គរ​រន្ទះ​នេះ​ផង​ដែរ ដូច្នេះ​សូម​យក​ចិត្ត​ទុក​ដាក់។ ព័ត៌មាន​ថ្មីៗ​នេះ យើង​ឃើញ​ជន​រងគ្រោះ​បាន​បាត់​បង់​ជីវិត​យ៉ាង​ស្រស់ៗ​តែ​ម្តង។

 

បាតុភូត​នេះ​វា​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស គឺ​ដោយសារ​តែ​មូលហេតុ​ពីរ​យ៉ាង​ គឺ​កម្តៅ និង​ចរន្តអគ្គិសនី​ដ៏​ខ្លាំង​របស់​វា។ ដូច្នេះ នៅ​ពេល​ដែល​មនុស្ស ឬ​សត្វ​ត្រូវ​រន្ទះ​បាញ់ គឺ​ថា​ជន​រងគ្រោះ​ច្រើន​តែ​បាត់​បង់​ជីវិត ដោយសារ​តែ​គាំង​បេះដូង ខូច​សួត និង​ប្រព័ន្ធ​ប្រសាទ​ជា​ដើម អាច​បង្ក​ផល​ប៉ះ​ពាល់​ជា​ច្រើន ដូចជា ធ្វើ​ឲ្យ​គាំង​បេះដូង, ប្រកាច់, ប៉ះ​ពាល់​ដល់​ខួរ​ក្បាល ស្លាប់​ភ្លាមៗ ហើយ​ក៏​មាន​ករណី​ខ្លះ ជន​រងគ្រោះ​អាច​នៅ​រស់​រាន​មាន​ជីវិត​ដែរ តែ​ជន​រង​គ្រោះ​អាច​ខូច​ខួរ​ឆ្អឹង​ខ្នង និង​បាត់​បង់​ការចង​ចាំ ឬ​ភ្លេច​ភ្លាំង​ជា​ដើម។ អ្នក​ខ្លះ​ទៀត ពេល​ត្រូវ​ចរន្ដ​អគ្គិសនី​នៃ​រន្ទះ​នោះ វា​ធ្វើ​ឲ្យ​គ្រាប់​ឈាម​ក្រហម​ក្នុង​ខ្លួន​របស់​គាត់​ បែកចេញមក​ក្រៅ ពី​សរសៃ​ឈាម​ទៅ​កាន់​ក្រពេញ​នៃ​ស្បែក​ខាង​ក្រៅ​ បង្ក​ទៅ​ជា​ស្នាម​ជាំ ព្រោះ​ឈាម​ក្រហម​រត់ចេញ​មក​ខាង​ក្រៅ និង​ធ្វើ​ឲ្យ​បរិមាណ​ឈាម​ក្រហម​ខាង​ក្នុង​សរសៃ​ឈាម​ដំណើរ​ការ​មិន​បាន​ល្អ។ ក្រៅពី​នោះ​ចរន្ដ​ឆក់​របស់​រន្ទះ​ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ និង​ធ្វើ​ឲ្យម​នុស្ស​បាត់​បង់​នូវ​អរម៉ូន​បន្ដ​ពូជ និង​ពិបាក​មាន​បុត្រ ក្លាយ​ជា​មនុស្ស​អសមត្ថភាព​ផ្លូវ​ភេទ​ជា​ដើម។

 

ដើម្បី​បង្ការ​នូវ​គ្រោះ​ថ្នាក់​នេះ នៅ​មុន​ពេល​ភ្លៀង ពេល​កំពុង​ភ្លៀង ឬ​ក្រោយ​ភ្លៀង អ្នក​មិន​ត្រូវ​ចេញ​ក្រៅផ្ទះ ឬ​ទី​ជម្រក​ឡើយ។ ហើយ​បើ​នៅ​តាម​ទី​វាល ដូច​ជា​ស្រែ​ចំការ សូម​ស្រូត​រូតរះ​ទៅ​ផ្ទះ ឬ​ ជ្រក​នៅកន្លែង​ណា​ដែល​មាន​ជម្រក​គត់​មត់ ដូច​ជា​នៅ​តាម​វត្ត​អារ៉ាម ប៉ុន្តែ​សូម​កុំ​នៅ​តាម​សំយ៉ាប។ លោក​អ្នក​គួរប្រញាប់​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​ទឹក ដោយសារ​ទឹក​ងាយ​នឹង​ចម្លង​ចរន្ត​អគ្គិសនី​ណាស់។ ប៉ុន្តែ​សូម​កុំ​ជ្រក​នៅ​ក្រោម​ដើម​ឈើ ឬ​ក្បែរ​កន្លែង​ដែល​មាន​កម្ពស់​ខ្ពស់ៗ ដូច​ជា​បង្គោល​ភ្លើង ឬ​អង់តែន​ជា​ដើម។

 

ម្យ៉ាង​ទៀត សូម​លោក​អ្នក​កុំ​ប្រើ​ប្រាស់​នូវ​ឧបករណ៍​អេឡិចត្រូនិច ដែល​មាន​ចរន្ដអគ្គិសនី និង​ងាយ​ចម្លង​អគ្គិសនី ដូច​ជា​ទូរសព្ទ​ដៃ, វិទ្យុ, ទូរទស្សន៍​ជា​ដើម។ នៅ​ក្នុង​ករណី​ដែល​មនុស្ស ត្រូវ​បាតុភូត​រន្ទះ​នេះ បាញ់​ហើយ តែ​មិន​ស្លាប់ គឺ​សូម​ប្រញាប់​ធ្វើ​ចលនា​បេះដូង​ដល់​ជនរង​គ្រោះ​ភ្លាមៗ ដើម្បី​ឲ្យ​បេះដូង​របស់​គាត់​ដំណើរការ​ធម្មតា​ឡើង​វិញ។ ជាមួយ​គ្នានេះ​ដែរ ត្រូវ​ផ្ដល់​កម្ដៅ​ដល់​ជន​រងគ្រោះ ដូចជា​យក​ក្រណាត់ ឬ​ភួយ​ដណ្ដប់​ខ្លួន​ជា​ដើម ដើម្បី​ឲ្យ​ក្នុង​ខ្លួន​របស់​គាត់​មាន​កម្ដៅ សរសៃ​ឈាម​រត់​បាន​ស្រួល និង​ចុង​ក្រោយ សូម​បញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​ជា​បន្ទាន់។

 

សរុប​មក​វិញ អាយុ​ជីវិត​សំខាន់​ណាស់ ហើយ​កុំ​សង្ហា​ជាមួយ​នឹង​ឧបករណ៍​អេឡិច​ត្រូនិច​នៅ​ពេល​ភ្លៀង មេឃ​ជិត​ភ្លៀង និង ក្រោយ​ពេល​ភ្លៀង ត្រូវ​រង់​ចាំ​រហូត​ដល់​ភ្លៀង​រាំង​ត្រឹម​ត្រូវ​ គ្មាន​ផ្គរ​រន្ទះ​ឬ​ផ្លេក​បន្ទោរ​។ ហើយ គួរ​តែ​ឈ្វេង​យល់​អំពី​សុវត្ថិភាព​នៃ​ការការពារ​និង​បង្ការ​ខ្លួន​ពី​បាតុភូត​ធម្មជាតិ​នេះ៕

Add new comment

3 + 12 =

Please wait while the page is loading