រាជធានីយើងដើមសប្តាហ៍នេះប្រហែលជាស្ទះចរាចរណ៍ដោយអន្លើទៀតហើយ

តាម​សម្ដី​ដែល​អះអាង​ដោយ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​នៃកា​ររៀប​ចំ​មហាសន្និបាត​នេះ បាន​គូស​បញ្ជាក់​តាម​រយៈ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ការវិវឌ្ឍ​ចុង​ក្រោយ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​នៃ​ដំណើរ​ការ​ត្រៀម​រៀប​ចំ​មហាសន្និបាត​ថា នៅ​ដើម​ខែ​ធ្នូ ពោល​គឺ​ដើម​សប្តាហ៍​នេះ​រាជធានី​ភ្នំពេញ យើង​មាន​ប្រតិភូ​នៃ​សមាគម​អន្តរជាតិ អភិបាល​ក្រុង​ប្រើ​ប្រាស់​ភាសា​បារាំង អញ្ជើញ​ចូល​រួម​មាន​ចំនួន​៤០៤​រូប មក​ពី​១៤០​ទី​ក្រុង​ និង​៤១​ប្រទេស​ក្នុង​នោះ​មាន​ឋានៈ​ជា​អភិបាល​ក្រុង​ចំនួន​៨៥​រូប​រួម​ទាំង​វាគ្មិន និង​អ្នក​សារពត៌​មាន​ជា​ច្រើន​ទៀត​ដែល​មហា​សន្និបាត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣​ដល់​ទី​៤​ខែ​ធ្នូ​ ឆ្នាំ​២០១៩នៅ​រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ៖ទី​ក្រុង​ដែល​មាន​ភាព​ធន់ ការ​គិត​គូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទី​ក្រុង​ឡើង​វិញ។

 

លោក​បាន​អះអាង​ថា ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ អតីត​អភិបាល​រាជធានី​ភ្នំពេញ​ជាច្រើន​រូប​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​វាគ្មិន​ដើម្បី​បង្ហាញ​ពី​បទពិសោធ​ក៏​ដូច​បញ្ហា​ប្រឈម​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ទីក្រុង​ផងដែរ។ ជា​មួយ​គ្នានេះ​ ​ក៏​មាន​រៀប​ចំ​តាំង​ពិព័រណ៍​ធំ​មួយ​លើ​ដង​វិថី​ព្រះ​ស៊ីសុវត្ថិ​ចម្ងាយ​៧០០​ម៉ែត្រ ដើម្បី​បង្ហាញ​ពី​ដំណើរការ និង​ដំណាក់​កាល​កសាង​ទី​ក្រុង​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លង​ទៅ និង​ដើម្បី​អបអរ​សាទរ​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​នេះ​ផងដែរ។

 

ជាមួយ​គ្នានោះ​លោក​ឃួង ស្រេង បាន​ណែនាំឲ្យ​មាន​ការពង្រឹង​សន្តិ​សុខ សណ្តាប់​ធ្នាប់​ក្នុង​កម្រិត ខ្ពស់​សម្រាប់​កិច្ច​ប្រជុំ និង​ដើម្បី​សុវត្ថិភាព​ភ្ញៀវ​ចូល​រួម។ ក្នុង​នោះ​លោក​អភិបាល​រាជធានី​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរ​ខណ្ឌ​ទាំង​១៤ ជាពិសេស​ខណ្ឌ​៣​គឺ​ខណ្ឌ​ដូនពេញ ជ្រោយ ចង្វា និង​ខណ្ឌ​ចំការមន ត្រូវ​លើក​កម្ពស់​ការពង្រឹង​សន្តិសុខ​ឲ្យ​បាន​ខ្លាំង​ក្លា និង​ត្រូវ​ចាប់​អនុវត្ត​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​តាម​គោលដៅ​សំខាន់ៗ​ចាប់​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​តទៅ។

 

ឃើញ​ហើយ​ឬនៅ​ ដូច្នេះ​ប្រហែល​ជា​នឹង​មាន​ការកក​ស្ទះ។ លោក​អ្នក​ដែល​មាន​ធុរៈ​ឬ​ការងារ​ទៅ​កាន់​តំបន់​ទាំង​នោះ គួរ​តែ​លៃលក​កែ​ច្នៃ​ពេល​វេលា និង​ម្ចាស់ការ​នៅ​ក្នុង​ការធ្វើ​ដំណើរ ពី​ព្រោះ​រឿង​កក​ស្ទះ ប្រហែល​ជា​ចៀស​មិន​រួច​ឡើយ ហើយ​ប្រសិន​បើ​អាច​គួរ​តែ​ពន្យា​ពេល ឬ​ក៏​ប្តូរ​ទីតាំង​នៃ​ការណាត់​ជួប​ទៅ​កាន់​កន្លែង​ផ្សេងៗ​ដែល​មិន​ប្រើ​ប្រាស់​ផ្លូវ ឬ វិថី​ទៅ​កាន់​ទីនោះ។ ម្យ៉ាង​វិញ​ទៀត លោក​អ្នក​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ ឬ​មាន​ការងារ​នៅ​តាម​បណ្តា​ផ្លូវ​ទៅ​កាន់​តំបន់​នោះ ក៏​ត្រូវ​តែ​ម្ចាស់​លៃ​លក​ពេល​វេលា និង​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ការងារ ឬ​ក៏​ផ្ទះ កុំ​ឲ្យ​មាន​ការ​កក​ស្ទះ ហើយ​ក៏​ត្រូវ​មាន​ចិត្ត​អំណត់ អធ្យា​ស្រ័យ យោគ​យល់ ពី​ព្រោះ​បញ្ហា​នេះ ព្រោះ​​មាន​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​កិត្តិយស​សម្រាប់​ជាតិ​មួយ​ដែរ ដែល​កិច្ច​ប្រជុំ​បែប​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​យក​រាជធានី​ភ្នំពេញ​របស់​យើង ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​មួយ​នេះ នៅ​ក្នុង​ឋានៈ​យើង​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ដែល​ប្រើ​ប្រាស់​ភាសា​បារាំង។

 

សរុប​មក​វិញ សូម​អធ្យា​ស្រ័យ និង​អត់​ធ្មត់ ហើយ​យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​តែ​មាន​ស្មារតី​យោគ​យល់ ព្រម​ទាំង​ប្រកាន់​ខ្លួន​នៅ​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ឲ្យ​បាន​ថ្លៃ​ថ្នូរ​សាក​សម។ ត្រូវ​ប្រយ័ត្ន​ប្រយែង​នៅ​ក្នុង​ពេល បើក​បរ ជាពិសេស​គឺ​គោរព​ច្បាប់​ចរាចរណ៍ និង បើកបរ​ដោយ​យក​ច្បាប់​ចរាចរណ៍​ជា​គោល ហើយ​ក៏​សូម​ចូល​រួម​ចំពោះ​ការ​ទុក​ដាក់​សំរាម និង​ប្រកាន់​ឥរិយាបទ​រស់នៅ​នៅ​ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​មាន​ការចេះ​ ដឹង ខណៈ​រាជ​ធានី​យើង​កំពុង​តែ​អភិវឌ្ឈ និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ៕

Add new comment

1 + 3 =

Please wait while the page is loading