ពិបាកផ្តល់អនុសាសន៍ថា ប្អូនៗគួររៀនអីនៅពេលជាប់សញ្ញាបត្រទុតិយភូមិ

សិស្ស​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩។

ការប្រឡងបាក់ឌុប ឬសញ្ញបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលពីរថ្ងៃបានបញ្ចប់ជាស្ថាពរ ហើយក្រសួងអប់រំ យុវជននិង កីឡាបានព្យាករណ៍ថា ឆ្នាំនេះប្អូនៗជាបេក្ខជននិងបេក្ខនារីប្រឡងនឹងមាន លទ្ធផលល្អពោលគឺជាប់ច្រើនជាងឆ្នាំមុន ដោយសារតែប្អូនៗខិតខំស្វ័យសិក្សា យល់អំពីបរិបទ និង បែបបទ នៃការប្រឡងកាន់តែច្បាស់ ដូច្នេះសំណួរសួរថា តើប្អូនគួរតែរៀនអ្វីបន្ត ធ្វើអ្វីនៅក្រោយពេលដែលប្អូនៗ បានបញ្ចប់ការសិក្សានេះជាស្ថាពរហើយនោះ?

 

ចំពោះសំណួរនេះ វាពិតជាលំបាកសម្រាប់បងៗ និង ពូមីង នៅក្នុងការផ្តល់អនុសាសន៍ ប៉ុន្តែអ្វីដែលបងៗ និង ពូមីង អាចឆ្លើយតបបាន គឺថា បើប្អូនៗស្រលាញ់មុខជំនាញអ្វី សូម បន្តការសិក្សាតាមអ្វីដែលប្អូនៗគិត និងប៉ុនប៉ង ពីព្រោះការដែលយើងសម្រេចចិត្តនិងតាំងចិត្តតាំងពីដើមរាងមក វាគឺជាកម្លាំងចលករមួយដែលអាចនាំឲ្យប្អូនៗអាចនឹងខិតខំពុះពារដើម្បីសម្រេចគោល​ដៅដែលប្អូនៗចង់បាន ចង់រៀន ចង់ចេះ។ ក្រៅពីនោះមុននឹងសម្រេចចិត្តបន្តការសិក្សាឬធ្វើអ្វីមួយក្រោយពេលដែលប្អូនៗបញ្ចប់ការសិក្សា​ចំណេះទូទៅថ្នាក់​ទី​១២ ឆ្នាំនេះ ប្អូនៗក៏គួរតែកុំមើលរំលងអនុសាសន៍ និង យោបល់បស់អាណាព្យាបាល ឬ ឪពុកម្តាយ ពីព្រោះពួកគាត់នៅជាមួយនឹងប្អូនៗតាំងពីតូច មក។ ពួកគាត់អាចដឹង អំពី សក្តានុពល ដឹងអំពីគុណវិបត្តិ ដឹងអំពីភាពសក្តិសមរបស់បុគ្គលិកលក្ខណៈរបស់ប្អូនៗច្បាស់លាស់ ដូច្នេះ ប្អូនៗក្រៅពីប្រកាន់យកគំនិតផ្ទាល់ខ្លួនហើយនោះ ក៏គួរណាស់សុំយោលបល់លើចំណុចនេះ ជាមួយនឹងពួកគាត់ផងដែរ ។

 

ក្រៅពីរឿងជំនាញត្រូវបន្តការសិក្សា ឬធ្វើអ្វី​បន្ត​ទៀត ក្រុមការងារយើងខ្ញុំ សូមឲ្យប្អូនៗរិះគិតចំណុចមួយ គឺចាប់ផ្តើមរិះគិតអំពីការងារ ពោលគឺគួរតែហ្វឹកហាត់​ជាមួយ​ការងារណាដែលអាចធ្វើបានជាបណ្តើរៗ​ ស្រប​ពេលកំពុង​រៀន។ សូមកុំប្រកាន់ខ្លួន សូមកុំប្រកាន់អំពីថានៈនិងតួនាទីគ្រួសារ ។ ការងារ​ទាំងនោះ​មិន​ថា ​ជា​ការងារសង្គម ការងាស្ម័គ្រចិត្តឬ ការងាររកចំណូលអ្វីនោះទេ។ ការងារនិងជីវិតសង្គមដែលប្អូនៗអាចរកបាននោះហើយជាមេរៀនដ៏ល្អ សម្រាប់ប្អូនៗទៅអនាគត ប៉ុន្តែក៏គួរតែកុំភ្លេចបន្តការសិក្សារផងដែរ។ បើយកល្អ ក្រុមការងារយើងខ្ញុំ សូមលើកទឹកចិត្តឲ្យប្អូនៗរៀនឯករាជ្យ ដោយព្យាយាមកាត់បន្ថយការពឹងផ្អែក​​ហិរញ្ញវត្ថុពីគ្រួសារ ពីអាណាព្យាបាល ឬ ក៏ឪពុកម្តាយរបស់យើង។

 

សម្រាប់បងៗដែលជាអាណាព្យាបាល ឬជាឪពុកម្តាយវិញនោះ ក៏គួរតែដឹងអំពីចំណង់ចំណូលចិត្ត របស់កូនៗ របស់ខ្លួន ហើយគួរតែថ្លឹងថ្លែងមើលធនធានសេដ្ឋកិច្ច សមត្ថភាព ជំនាញ និង ភាពប៉ិនប្រសព្វ ភាពវ័យឆ្លាតរបស់បុត្រធិតា ហើយត្រូវព្យាយាមផ្តល់អនុសាសន៍ទៅដល់បុត្រធិតារបស់ខ្លួពួកគាត់​ ប៉ុន្តែសូមកុំប្រឆាំងដាច់ណាត់ជាមួយនឹងពួកគាត់ ពីព្រោះនោះគឺជាអនាគតរបស់ពួកគាត់។ យើងជាអាណាព្យាបាល ជាឪពុកម្តាយមិនអាចតម្រែតម្រង់គេ ដឹកដៃគេមួយជីវិតបានទេ ដូច្នេះសូមផ្តល់ឱកាស និង គោរពឆន្ទៈ និង គោលបំណង ព្រមទាំងទឹកចិត្តដែលគេមានចំពោះជំនាញ ឬ ក៏អ្វីដែលពួកគេចង់ធ្វើផងដែរ។ ត្រង់ចំណុចនេះ អ្វីដែលយើងអាចធ្វើបាន គឺគ្រាន់​តែតម្រែតម្រង់ ពន្យល់ ផ្តល់ហេតុ និងផ្តល់ភាពងាយស្រួលនិងការលំបាកដែលអាចជួបនៅពេលអនាគត ហើយទុកឲ្យពួកគេសម្រេចដោយខ្លួនឯង។

 

យើងជាអាណាព្យាបាល ឬ ជាឪពុកម្តាយជួនកាលយើងស្រលាញ់មុខជំនាញនេះ តែយុវជន និងយុវនារី គេមិនប្រាកដជាតាមយើង ១០០ ភាគរយនោះទេ។ ដូច្នេះក៏គួរតែស្តាប់និងគោរព ការសម្រេចចិត្តរបស់ពួកគេដែរ។ យើងជាអាណាព្យាបាល ជាឪពុកម្តាយ គឺអាចត្រឹមតែបង្កើត ថែរក្សា ផ្គត់ផ្គង់ និងទំនុកបម្រុងរបស់ពួកគេប៉ុណ្ណោះ ពួកគេមានគំនិត មានចិត្ត មានឆន្ទៈនិងមានគោលបំណងអាចផ្សេងពីយើង ដូច្នេះសូមតាំងចិត្តនិងរិះគិតចំណុចទាំងនេះ។

សូម​ជូន​ពរ​ប្អូន​ប្រឡង​ជាប់​ដោយ​ជោគ​ជ័យ និង​មាន​អនាគត​ប្រសើរ​ដើម្បី​គ្រួសារ​និង​សង្គម​ជាតិ​យើង៕

Add new comment

1 + 1 =

Please wait while the page is loading