បង្ហើយការងារនិងបញ្ហានានានៅឆ្នាំចាស់ឲ្យអស់នៅពេលនេះ!

ពិធីអបអរសាទរ​ឆ្នាំ​សកល​នៅ​ភ្នំពេញ​ ២០១៩។

ឆ្នាំ​ចាស់ ឆ្នាំ​២០១៩ កំពុង​តែ​បោះ​ជំហាន​បញ្ចប់​ហើយ ពោល​គឺ​នៅ​សល់​តែ ថ្ងៃ​ស្អែក​ប៉ុណ្ណោះ ដូច្នេះ យើង​ត្រូវ​តែ​បង្ហើយ​ បង្ហើយ​ការងារ​ដែល​នៅ​សេស​សល់​នានា​ឲ្យ​អស់​មុន​ឆ្លង​ឆ្នាំ។

 

សម្រាប់​អាជ្ញាធរ​ការងារ​សន្តិសុខ ការងារ​សណ្តាប់​ធ្នាប់ ការងារ​សង្គម និង​ការទទួល​ខុស​ត្រូវ​នានា រួម​ទាំង​ការសន្យា​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ នៅ​លើ​រឿង​ផ្សេង​ៗ​គួរ​តែ​ត្រូវ​ខិត​ខំ​បំពេញ​ឲ្យ​ហើយ​ ដើម្បី​ឈាន​ទៅ​រក​ការងារ​ថ្មីៗ ដើម្បី​សង្គម និង សុវត្ថិភាព ក៏​ដូច​ជា​ការងារ​អភិវឌ្ឈ​មូល​ដ្ឋាន​ថ្មីៗ​ទៀត​នៅឆ្នាំ​ខាង​មុខ​គឺ​ឆ្នាំ​២០២០។

 

កន្លង​មក​ រហូត​មក​ដល់​ពេល​នេះ សម្រាប់​ការងារ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជាពិសេស​គឺ​អាជ្ញាធរ​មូលដ្ឋាន​នានា ដែល​ឈឺ​ក្បាល​ខ្លាំង​គឺ​ការងារ​អនាម័យ​បរិស្ថាន ជាពិសេស​គឺ​រឿង​សំរាម​តែម្តង​ដែល​ពេល​នេះ​គឺ ដោះ​ស្រាយ​មិន​ទាន់​បាន​ប្រសើរ​នៅ​ឡើយ​ទេ ដូច្នេះ​គួរ​តែ​រិះគិត​រក​វិធី​ដោះ​ស្រាយ។ ដោយ​ឡែក​ការងារ​សន្តិសុខ​វិញ នោះ​ក៏​រឹត​តែ​មាន​ការងារ​ដែល​ត្រូវ​ឈឺ​ក្បាល​ជាច្រើន​ទៀត រាប់​ចាប់​តាំង​ពី​រឿង ចោរ​លួច ចោរ​ប្លន់ ចោរ​គាស់​ផ្ទះ អំពើ​ហិង្សា ចលនា​បង​តូច​បង​ធំ គ្រឿង​ញៀន ហើយ​បញ្ហា​ចុង​ក្រោយ​ដែល​ល្បី​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ គឺ​ក្រុម​គៀប​ស៊ី។

 

រឿង​ចម្បង​មួយ​ទៀត គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍។ បញ្ហា​ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​ជា​រឿង​រ៉ាវ ដែល​មិន​អាច​នឹង​ដោះ​ស្រាយ​បាន​ទេ នៅ​ក្នុង​ឆ្នាំនេះ​ ដោយ​សារ​តែវា​នៅ​សល់​ពេល​ខ្លី​ពេក ប៉ុន្តែ​យើង​ខ្ញុំ​គិត​ថា ករណី​ណា​ដែល​អាច​បង្ហើយ​បាន គួរ​តែ​ដោះ​ស្រាយ ហើយ​ករណី​ណា​ដែល​មិន​ទាន់​អាច គឺ​ត្រូវ​តែ​ធ្វើ​យ៉ាង​ម៉េច​នៅ​ឆ្នាំ​ក្រោយ​ គឺ​កុំ​ឲ្យ​កើត​មាន​ត​ទៅ​ទៀត។ ក្រៅ​ពី​រឿង​ទាំង​នេះ រឿង​សណ្តាប់​ធ្នាប់​ក៏​ជា​រឿង​ដែល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ផងដែរ ជា​ពិសេស​គឺ​កន្លែង​នានា​នៅ​ជុំវិញ​ផ្សារ។ សូម​អាជ្ញាធរ​មូលដ្ឋាន​នានា មិន​ថា​តែ​នៅ​ទីក្រុង និង​ជនបទ​នោះ​ទេ គឺ​ទីណា​ក៏​ដោយ​ឲ្យ​តែ​មាន​ផ្សារ​គឺ​មាន​ភាព​រញ៉េ​រញ៉ៃ គ្មាន​សណ្តាប់​ធ្នាប់ ដូច្នេះ គួរ​តែ​ដោះ​ស្រាយ​រឿង​នេះ​ឲ្យ​បាន​ដាច់​ខាត​ហើយ។ នៅ​ក្នុង​ចំណោម​បញ្ហា​នានា នៅ​ក្នុង​ឆ្នាំ​នេះ រឿង​សណ្តាប់​ធ្នាប់​នេះ ប្រហែល​ជា​រឿង​ដែល​ងាយ​ស្រួល​ជាង​គេ ដូច្នេះ​គួរ​តែ​ចាត់​វិធានការណ៍ ដាច់​ខាត​រឿង​សណ្តាប់​ធ្នាប់​នេះ។

 

មាន​ផ្សារ មាន​តូប មាន​ទីធ្លា​នានា  ប៉ុន្តែ​អាជីវករ​យើង​ចូល​ចិត្ត​តែ​លក់​ដូរ​តែ​នៅ​លើ​ផ្លូវ នៅ​លើ​ចិញ្ចើម​ផ្លូវ  ហើយ​អាជ្ញាធរ​មូលដ្ឋាន គឺ​នៅ​តែ​ប្រមូល​ភាស៊ី ថ្លៃ​អនាម័យ​និង​សណ្តាប់​ធ្នាប់ ចង់​ផ្លូវ​នោះ ផ្សារ​នោះ​រញ៉េ​រញ៉ៃ​ស្ទះ​ចរាចរណ៍ ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់ និង​សោភ័ណភាព​នានា គឺ​មិន​នាំគ្នា​យក​ភ្នែក​មើល ហើយ​ចាត់​វិធានការ​រៀប​ចំ​ទេ គឺ​ធ្វើតែ​មួយ​ប្រាវ​​ហើយ​ត្រឡប់​មក​វិញ​ដដែល ដូច្នេះ​សូម​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​ទំាង​នេះ​ផង។

 

រឿង​សន្តិ​សុខ​វិញ​នោះ ក៏​ជា​រឿង​ក្តៅ​ដែរ សង្ឃឹម​ថា សមត្ថកិច្ច​នឹង​បិទ​សំណុំ​រឿង​ក្តៅ​នានា ឲ្យ​បាន​និង​ទាន់​ពេល​វេលា ហើយ​សង្ឃឹម​ថា សមត្ថកិច្ច​នឹង​ដោះ​ស្រាយ ព្រម​ទាំង​បញ្ចប់​ការងារ​ផ្សេងៗ ដោយ​គោរព​តួនាទី និង​កិត្តិយស​ជាតិ ហើយ​រឿង​បរិស្ថាន​ក៏​ដូច​គ្នា គួរ​តែ​ខិតខំ​នាំ​គ្នា​ដោះស្រាយ​បញ្ហា​ឲ្យ​បាន ដើម្បី​កុំ​ឲ្យ​ឆ្លង​ឆ្នាំ ពីព្រោះ​លើ​បញ្ហា​នេះ អាជ្ញាធរ​និង​អ្នក​ជំនាញ​នានា​ក៏​តែង​តែ​ថ្លែង​ជា​បន្ត​បន្ទាប់​ផង​ដែរ អំពី​បញ្ហា​នេះ។

 

សរុប​មក​វិញ សូម​កុំ​សន្យា​តែ​មាត់​ តែ​សកម្មភាព​នៅ​ក្នុង​សង្គម​គ្មាន​ឲ្យ​សោះ ពីព្រោះ​រាស្រ្ត​នៅ​ពេល​នេះ ក៏​មាន​អំណាច​របស់​ពួកគាត់​ដែរ។ នៅ​ពេល​នេះ​ពលរដ្ឋ​ម្នាក់ៗ​គឺ​សុទ្ធ​តែ​មាន​សិទ្ធិ និង​ករណី​កិច្ច​វាយ​តម្លៃ សមិទ្ធិផល​តាម​វិធីសាស្រ្ត​របស់​ពួកគាត់​រៀងៗ​ខ្លួន។ ពួកគាត់​គ្មាន​កាំភ្លើង​អ្វី​ទេ ប៉ុន្តែ​គាត់​មាន​ទឹក​ចិត្ត មាន​មនសិកា ហើយ​ការ​ចង​ចាំ​ក៏​ខ្ពស់​ដែរ ​សព្វ​ថ្ងៃ​នេះ​កំពុង​តែ​កត់​ត្រា​ចំណុច​អវិជ្ជមាន​នានា ដូច្នេះ​កុំ​ចេះ​តែ​ដើរ​សន្យា ហើយ​ការអនុវត្ត​គឺ​ធ្វើ​គ្រាន់​តែ​យក​មុខ​មាត់​ប៉ុណ្ណោះ។

Add new comment

2 + 7 =

Please wait while the page is loading