ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ត្រូវបានត្រៀមរួចជាស្រេច

ត្រឹមតែមួយថ្ងៃ បន្ទាប់ពី​រាជ​រដ្ឋាភិបាលបានបញ្ជា​ទៅថ្នាក់ដឹកនាំគ្រប់ខេត្តទាំងអស់ទូទាំងប្រទេសឱ្យមានការ​រៀប​ចំ​សាលារៀន សណ្ឋាគារ និង​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់​ព្យាបាល​អ្នកជំងឺកូវិដ១៩ មកដល់រសៀល​ថ្ងៃដដែល គឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០​ នៅគ្រប់​ខេត្ត និងរាជធានីទាំង២៥ បាន​ត្រៀម​រៀប​ចំរួចជាស្រេច។

លោកនាយករដ្ឋមន្រ្តីសម្តេច​តេជោ ហ៊ុន សែន​បាន​ផ្ញើសារជាសម្លេង​២ដង​ផ្សេងគ្នាទៅ​កាន់គ្រប់អភិបាលខេត្ត​-រាជធានីទាំងអស់​ឱ្យ​រៀបចំសណ្ឋាគារ ​សាលា​រៀនមួយចំនួន ព្រមទាំង​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែចំពោះ​ខេត្តណាដែលមាន​សណ្ឋាគារច្រើន មិនមាន​ភ្ញៀវ​ស្នាក់នៅ ដូចនេះ​គ្រប់អភិបាលខេត្តអាចយកជាកន្លែង​សម្រាប់ព្យាបាល​អ្នកជំងឺកូវីដ១៩​បាន។

សម្តេច​តេជោ ហ៊ុន​ សែនបានថែ្លងថា៖ «ខ្ញុំសូម​ផ្ញើបទបញ្ជារបស់ខ្ញុំសារជាថ្មីម្តងទៀតទៅតាមបណ្តាខេត្ត​ ដែលដំបូងត្រូវ​គិត​ឱ្យ​ច្បាស់​ពីទីតាំងគឺមិនសំដៅតែទៅលើសាលារៀនទេ។ សាលារៀន​ខ្ញុំចង់សំដៅទៅលើបញ្ហាដែល​យើងមិនអាចរកអ្វីបាន​ ប៉ុន្តែឥឡូវឃើញថាសណ្ឋាគារជាច្រើននៅតាមខេត្តពុំសូវមានភ្ញៀវស្នាក់នៅ ហើយក៏មានអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ក៏អាចមានអគារខ្លះដែរ។ អ៊ីចឹងបើមានសណ្ឋាគារ ឬក៏មជ្ឈមណ្ឌលណាដែលវាល្អយើងយកអាហ្នឹងដោយមិនបាច់យកសាលារៀនទេ។ ដូចជានៅខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ឬខេត្តដទៃទៀត ដែលមានសណ្ឋាគារស្រាប់យើងជួលយកសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្តង។ អ៊ីចឹងយើងជួលយក ហើយគ្រប់គ្រងមានគ្រែ មានអីហើយស្រេច អ៊ីចឹងវាជាការងាយស្រួល»។

លោកបានបន្ថែមទៀតថា ទាក់ទងនឹងចំនុចនេះ លោកស្នើឱ្យខាងខេត្ត​ធ្វើការជាបន្ទាន់ទៅលើបញ្ហានេះ ហើយសាលារៀន​ គឺធ្វើពេលណាដែលមិនអាចរកសណ្ឋាគារ មិនអាចរក​អាគារបាន​ទើប​ចាំយកសាលាប្រើ ប៉ុន្តែដោយសារតែមានសណ្ឋាគារជាច្រើន​ត្រូវបាន​បិទដោយសារមិន​មាន​ភ្ញៀវ​ ទើប​យើងត្រូវយក​សណ្ឋាគារមកប្រើប្រាស់ដោយជួល​គេតែម្តង។

លោកចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឩស្សាហកម្ម និងសិប្បកម្ម បាន​មានប្រសាសន៍ទាក់ទង​នឹងបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីដែរថា យោងតាមប្រសាសន៍របស់សម្តេចតេជោ​ហ៊ុន សែន​ក្នុងការ​យកសាលា​រៀន​សម្រាប់​ធ្វើជាកន្លែងព្យាបាល​អ្នកជំងឺកូវីដ១៩ ឬជន​សង្ស័យ​ថាមានជំងឺនេះ ដោយ​លោកបាន​ស្នើទៅដល់គ្រប់​រដ្ឋាទឹក ប្រតិបត្តិករទឹកទាំងអស់គ្រប់ខេត្ត​ ត្រូវទាក់ទងជាមួយអភិបាលខេត្ត ប្រធានមន្ទីរទាំងអស់ ត្រូវធ្វើការភ្ជាប់ទឹកចូលទៅក្នុង​ទីតាំងសាលានោះ​ជាបន្ទាន់ ហើយសុំរាយការណ៍ឱ្យលោកវិញពីគ្រប់ខេត្តទាំងអស់។

លោកបាន​ថ្លែងថា៖ «ត្រូវ​ធ្វើការនេះឱ្យបាន​ឆាប់បំផុត ហើយប្រសិន​បើអភិបាលខេត្ត​មិនទាន់​បាន​ទទួលបញ្ជាពីសម្តេចផ្ទាល់ទេ សុំទៅទាក់ទងចៅហ្វាយខេត្តផ្ទាល់ដើម្បីជម្រាបគាត់ពីបទបញ្ជា​របស់សម្តេចនេះ ហើយនឹងធ្វើ​ការណែនាំភ្លាម​ដើម្បីធ្វើការតទឹក ហើយបើសិនជាមានទឹកហើយ ត្រូវពិនិត្យថែមទៀត ហើយបើចាំបាច់ត្រូវថែមស៊ីទែនទឹកដើម្បីមានទឹកស្អាតប្រើ​ប្រាស់ ​»។

ដោយមិន​បង្អង់យូរ បន្ទាប់ពីទទួលបានបទបញ្ជារបស់ប្រមុខ​រាជ​រដ្ឋាភិបាល លោកអ៊ូច ភា អភិបាលខេត្តតាកែវ​បាន​ចុះពិនិត្យ​មើលទីតាំងសម្រាប់ធ្វើជាកន្លែង​ព្យាបាល​អ្នកជំងឺកូវីដ​១៩ ដោយ​លោក​បាន​សម្រេច​យក​សណ្ឋាគារ​ 7days Inn ដែលមាន​បន្ទប់ស្នាក់នៅចំនួន៥០បន្ទប់ ស្មើនឹង ៧៤គ្រែ ស្ថិតក្នុងសង្កាត់រការ ក្នុងក្រុងដូនកែវ និង​អគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ក្នុងក្រុងដូនកែវ ដែលមានកម្ពស់៣ជាន់ មាន៦០បន្ទប់។

សំរាប់រាជ​ធានីភ្នំពេញ ក៏​មានការរៀបចំកន្លែងសម្រាប់​ព្យាបាលអ្នកជំងឺកូវីដ១៩ចំនួន៤កន្លែងផងដែរ គឺនៅ​សណ្ឋាគារ Great Duk (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យចាក់អង្រែក្រោម ខណ្ឌមានជ័យ និង​មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យយោធា១៧៩។ ចំណែកខេត្ត​កំពង់​ចាម ត្រូវបាន​អភិបាលខេត្ត​កំនត់យក​៣ទីតាំង​ មាននៅមន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ សណ្ឋាគារមេគង្គ មានចំនួន៧១បន្ទប់ និង​សាលាគរុកោសល្យភូមិភាគមាន ៤០បន្ទប់។

សម្រាប់បណ្តាខេត្តផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា ក៏បាន​រៀប​ចំជាការស្រេច​ក្នុងការព្យាបាល​អ្នកជំងឺកូវីដ​១៩នេះដែលបាននឹងកំពុងផ្ទុះឡើងទូទាំងពិភព​លោក។

ជាមួយគ្នានេះដែរ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលបាន​ស្នើ​សុំពលករកម្ពុជា​រាប់រយនាក់​ដែល​បាន​ធ្វើដំណើរ​ពីប្រទេសថៃ​ចូលមកក្នុងប្រទេសកម្ពុជា​ ត្រូវ​ ចូល​រួមរក្សាអនាម័យ និងសុខភាពទាំងអស់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19។

លោកហេង សួរ អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តែផ្តាំទៅ​ដល់​ពលករ​ខ្មែរ​ដែល​បាន​សម្រុកចេញពីប្រទេសថៃត្រលប់មក​កាន់ស្រុកកំណើតថា លោកយល់ពីអារម្មណ៍របស់ពួកគាត់ក្នុងកាលៈទេសៈនៃការប្រឈមពេញពិភពលោកនេះ ប៉ុន្តែការគោរពវិធានណែនាំ និងជឿទៅលើការណែនាំរបស់ពេទ្យ ក៏ដូចជាការវាយតម្លៃកម្រិតហានិភ័យនៃវិស័យ ឬសកម្មភាពណាមួយ របស់ជំនាញ នៅតែជាជម្រើសដែលល្អបំផុត សម្រាប់ពួកគាត់។

លោកបាន​ថ្លែងថា៖ «សូមបងប្អូននៅតាមសហគមន៍កុំរើសអើងអ្នកចំណូលថ្មី។ ជំងឺនេះវាមិនឆ្លងតាមខ្យល់នោះទេ ប៉ុន្តែបងប្អូនត្រូវហ៊ានដាស់តឿន និងក្រើនរំឮកប្រកដោយភាពទន់ភ្លន់ និងម៉ឺងមាត់ដល់អ្នកជិតខាងយើងអំពីវិធានការពារជំងឺកូវីដ19 ឬជូនដំណឹងទៅភូមិ ឃុំ ឬចាស់ព្រឹទ្ធាចារ្យដែលមានឥទ្ធិពលក្នុងភូមិឲ្យជួយដាស់តឿនណែនាំបន្ថែម»។

លោកហេង សួរបានបញ្ជាក់បន្ថែមដោយធ្វើការអំពាវនាវ សុំឲ្យកាត់បន្ថយភាពស្និទ្ធស្នាលក្នុងផ្ទះ និងការស្វាគមន៍គ្នាដោយមិន​រៀបចំកម្មវិធីហូបអាហារជុំគ្នា ជប់លៀងអ៊ូអរជាដើម លុះណាគ្រប់គ្នាច្បាំងឈ្នះជំងឺកូវីដ19 ចាំជប់លៀងក៏មិនហួសពេលដែរ។

លោកបាន​លើកឡើងថា៖ «សូមបងប្អូនទើបមកពីឆ្ងាយនៅដាច់ពីគេ ឬកុំមានភាពស្និទ្ធស្នាលជាមួយអ្នកផ្ទះចំនួន 14ថ្ងៃ បើទោះបីជាបងប្អូនមានអារម្មណ៍ថាមានសុខភាពល្អក៏ដោយ។ ក្នុងអំឡុងពេល 14ថ្ងៃនេះ បើបងប្អូនឡើងកម្តៅលើសពី 37.5 អង្សា ហើយមានអាការៈណាមួយផ្សេងទៀតដូចជា ក្អក ឈឺក ពិបាកដកដង្ហើម សូមបងប្អូនទៅមន្ទីរពេទ្យបង្អែកស្រុក ឬពេទ្យដែលនៅកៀកផ្ទះដើម្បីសុំការណែនាំបន្ថែមពីគ្រូពេទ្យ។ ការយកជំងឺណាមួយទៅធ្វើឲ្យរីករាលដាលដោយចេតនា គឺជាបាបកម្ម ក្នុងផ្លូវសាសនាផង និងជាទោសព្រហ្មទណ្ឌផង»។

ដូចគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានចេញប្រកាសដោយ​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលទើបត្រលប់មកពីប្រទេសថៃ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ ឬសាច់ញាតិ ក្នុងរយៈពេល១៤ថ្ងៃ ព្រមទាំងទៅជួបគ្រូពេទ្យ ឬមន្ដ្រីសុខាភិបាលមូលដ្ឋានជាបន្ទាន់ នៅពេលដែលដឹងខ្លួនថា មានអាការៈមិនស្រួល ដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នាកុំឲ្យជំងឺកូវីដ១៩រីករាលដាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។

គិតមកដល់​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៧នាក់ (​ស្រី២២នាក់ និងប្រុស៦៥នាក់) ដែលក្នុងនោះជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕

ដោយ៖ អមរិន្ទ ដានុត

 

Add new comment

12 + 1 =

Please wait while the page is loading