តើកម្ពុជាគួរមានច្បាប់ប្រហារជីវិតមែនឬ?

បច្ចុប្ប​ន្ន​កម្ពូជា​មិន​ទាន់​មាន​ទោស​ប្រហារ​ជីវិត​ទេ គឺ​មានតែ​ជាប់ទោស​មួយ​ជីវិត​ប៉ុណ្ណោះ។

កន្លង​មក​គំនិត​ស្នើ​សុំ​បង្កើត​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​នេះ សូម្បី​តែ​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏​បាន​សម្តែង​ការគាំទ្រ​ដែរ។ ជាពិសេស​ប្រឆាំង​នឹង​ជន​អគតិ​ដែល​ប្រពឹត្ត​អំពី​រំលោភ​សេពសន្ថវៈ គឺ​ករណី​ដែល​ឪពុក ឬ​សាច់​ញាតិរំលោភ​កូន​បង្កើត​ខ្លួន​ឯង ឬ​សាច់​ញាតិ​ខ្លួន​ឯង ប៉ុន្តែ​លោក​បាន​ដក​ថយ​មួយ​ជំហាន​វិញ ហើយ​បាន​បើក​ផ្លូវ​ឲ្យ​មាន ក្រុម​មេធាវី​លោក​ផ្ទាល់ ចូល​រួម​ជួយ​ជា​ផ្នែក​មួយ​ក្នុង​ករណីនេះ​។ រឿង​ស្នើ​សុំ​ច្បាប់​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​នេះ បាន​ស្ងប់​ស្ងាត់​មួយ​រយៈ ក៏​បាន​លេច​ចេញ​មក​ជា​ថ្មី​ម្តង​ទៀត នៅ​ពេល​ថ្មីៗ​នេះ។ នៅ​ក្រោយ​ពេល​ដែល​សាធារណមតិ​បាន​ទទួល​ព័ត៌មាន អំពី​ករណី​មួយ ដែល​បង​ប្អូន​កុមារ​ពីរ​នាក់ ត្រូវ​បាន​សម្លាប់ នៅ​ក្នុង​ករណី​ឃាតកម្ម​រំលោភ​សម្លាប់​ដ៏​សាហាវ ខណៈ​ឪពុក​ម្តាយ​ទុក​កូន​ចោល​រួច​ទៅ​ធ្វើ​ការងារ​និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

 

ក្រោយ​ពេល​បាន​ឃើញ​អំពើ​ដ៏​សាហាវ​និង​ទារុណ​មក​លើ​កុមារ​ទាំង​ពីរ​រូប​នេះ ​មតិ​គាំ​ទ្រ​ជាច្រើន​បាន​​គាំទ្រ​កាន់​តែ​ខ្លាំង​ ឲ្យ​ប្រទេស​កម្ពុជា​មាន​ច្បាប់​ប្រហារ​ជីវិត​ជន​ណា​ដែល​ជា​ឃាតករ​ដ៏​សាហាវ យង់​ឃ្នង​បែប​នេះ។ ព្រោះ​មាន​តែ​ទោស​ប្រហារ​ជីវិត​បែប​នេះ​ទេ ដែល​សាក​សម​នឹង​អនុវត្ត​ទៅ​លើ​ឧក្រិដ្ឋ​ជន​ដែល​ប្រពឹត្ត​អំពើ​ដ៏​អមនុស្ស​ធម៌​ និង​គ្មាន​គុណធម៌​របៀប​នេះ។ ប៉ុន្តែ​ដល់​ពេល​គិត​គូរ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង ពិចារណា​ឲ្យ​បាន​ដិត​ដល់ រឿងទោស​ប្រហារ​ជីវិត​នេះ ប្រហែល​ជា​នៅ​តែ​មិន​ទាន់​អាច​អនុវត្ត​នៅ​ក្នុង​សង្គម​កម្ពុជា​យើង ប្រទេស​កម្ពុជា​យើង​នៅឡើយ​ទេ ។

 

ជន​ល្មើស​គឺ​សាកសម​បំផុត ដើម្បី​ទទួល​ទោស​ប្រហារ​ជីវិត​នេះ ប្រសិន​បើ​នោះ​គឺ​ជា​ការពិត ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ប្រសិន​បើ​យើង​មាន​ច្បាប់​នេះ អ្វី​ដែល​យើង​ខ្ញុំ​មាន​បារម្ភ គឺ​ខ្លាច​មាន​ករណី​ភ័ន្ត​ច្រឡំ​ដោយ​អចេតនា​ណា​មួយ​កើត​ឡើង នោះ​រឹត​តែ​បង្ក​ឲ្យ​មាន​​សោក​នាដកម្ម​ថែម​ទៀត​សម្រាប់​សង្គម​ជាតិ។

 

រហូត​មក​ដល់​ពេល​នេះ ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​នៅ​ក្នុង​ស្រុក​មាន​កែលំអរ​ច្រើន ហើយ​ចំណុច​មួយ​ចំនួន​ក៏​មាន​ស្តង់ដារ​យុត្តិធម៌​នោះ​ខ្ពស់ ហើយ​ក៏​មាន​យន្តការ​ជួយ និង លើក​ទឹក​ចិត្ត​ជន​ក្រីក្រ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​យើង​ខ្ញុំ​ព្រួយបារម្ភ​នោះ ខ្លាច​សមត្ថកិច្ច និង​អ្នក​ជំនាញ​របស់​យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត អាច​ច្រឡំ ឬ អាច​ខុស ។

ជន​ល្មើស​ដែល​នរគបាល​បាន​ចាប់​ខ្លួន​​ ក្រោយ​ពេល​រំលោភ​សេពសន្ថវៈ​លើកុមារី​ម្នាក់​អាយុ៤​ឆ្នាំ។

ជា​រឿង​អកុសល​ដែល​ប្រទេស​ជាតិ​មួយ​មាន​ជន​អគតិ​ដូច​ជា​ពួកគាត់​ ក៏​ប៉ុន្តែ​ការ​កាត់​ទោស​ប្រហារជីវិត​នេះ គឺ​វា​ប្រឆាំង​ទៅ​នឹង​សាសនា​ ជាពិសេស​ពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ដែល​យើង​តែង​ពោល​ថា មាគ៌ា​នៃ​សេចក្តី​សុខ គឺ​កា​រ​អត់​ឱននោះ។ មិន​ថា​តែ​សាសនា​ពុទ្ធនោះ​ទេ គ្រីស្ត​សាសនា​ក៏​គ្មាន​ជំហរ​ដើម្បី​បង្កើត​ទោស​នោះ​ដែរ ព្រោះ​យើង​ជឿ​ថា មនុស្ស​គ្មាន​សិទ្ធិ​សម្លាប់​ជីវិត​នោះ​ឡើយ ហើយការ​វិនិច្ឆ័យ​ដោយ​ទោស​ប្រហារជីវិត​នេះ គឺ​ខុស​នឹង​សិទ្ធិ​រស់រាន​របស់​មនុស្ស។

 

យ៉ាង​ណាមិញ​ យើង​ខ្ញុំ​ក៏​មិន​គាំ​ទ្រ​ចំពោះ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ​ដែរ។ យើង​ខ្ញុំ​ ចង់​​​ចូល​រួម​លុប​បំបាត់​នូវ​អំពើ​គ្មាន​គុណ​ធម៌ និង​អសីលធម៌​បំផុត​ដែល​ជន​ថោក​ទាប​បាន​ធ្វើ​ចំពោះ​កុមារ​និង​នារី​ឯទៀត។ ប៉ុន្តែ​លោក​អ្នក​ត្រូវ​ដឹងថា ប្រសិន​បើ​​មនុស្ស​អាក្រក់​ធ្វើ​បែប​នេះមក​លើ​យើង​ឬ​បង​ប្អូន​យើង​ ហើយ​បើ​យើង​តប​ត​ទៅ​ជន​នោះ​វិញ​ដោយ​សេចក្តី​ដែល​គេ​បាន​ធ្វើ​មក​លើ​យើង​ដូច​គ្នាដែរ​នោះ តើ​យើង​ជាមនុស្ស​បែបណាវិញ? បើ​មនុស្ស​ដែល​និយាយ​ប្រាប់​គេ​ថា ជា​មនុស្ស​ល្អ ហើយ​បែរ​ជា​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​ធ្វើ​អំពើ​អាក្រក់​ដែរ​នោះ តើ​អ្នកនោះ​ជា​មនុស្ស​ប្រភេទណាដែរ? វាគឺ​មិន​ខុស​គ្នានោះ​ទេ។

 

ដូច្នេះ ប្រហែល​ជា​យើង​អាច​សំណូម​ពរ​ដល់​​អង្គភាព​ដែល​ស្នើ​ច្បាប់ ដើម្បី​បង្កើត​ច្បាប់​មួយ​ឲ្យ​ធ្ងន់​ជាង​នេះ​ គឺ​អាច​ជាប់​គុក​មួយ​ជីវិត​នៅ​ក្នុង​កន្លែង​ណាមួយ​ដែល​សាក​សម​សម្រាប់ជនទាំងនោះ។ ដោយសារតែ យើង​ខ្ញុំ​គិត​ថា សង្គមយើង នៅ​មានចំណុចកែលំអរ និង​ពង្រឹងបន្ថែមទៀត ហើយ​ការ​អប់រំ​ចិត្ត​គំនិត​របស់​ពលរដ្ឋ​ គួរ​តែ​ផ្សព្វ​ផ្សាយ​ឲ្យ​បាន​ច្រើន​និង​ទូលំទូលាយ អំពី​គុណធម៌ សច្ចធម៌ និង​សីលធម៌​ដល់​មនុស្ស​ទាំង​ឡាយ​។ អ្នក​ទស្សន​វិជ្ជា​ចិន លោក​ខុង​ ជឺ​បាន​និយាយ​ថា ប្រទេស​មួយ​រីក​ចម្រើន​​និង​ថ្កុំ​ថ្កើង​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​មាគ៌ា​ត្រឹមត្រូវ ចេះ​ស្វែង​រក​ចំណេះដឹង​ និងមាន​គុណ​ធម៌​ជាចម្បង។ ប្រសិន​បើ​ប្រជាជន​យល់​ច្បាស់​អំពី​រឿង​ទាំងនេះ ប្រទេស​នោះ​មាន​ច្បាប់​ក៏​ដូច​ជា​គ្មាន៕

Add new comment

10 + 1 =

Please wait while the page is loading