ដើមឈើជាសួតរបស់ពិភពលោក ចុះហេតុអ្វីបានជាមិននាំគ្នាដាំដើមឈើ?

រូបតំណាង ព្រៃឈើមានរាងដូចជាសួតមនុស្ស

ដើមឈើ​មកដល់​ពេលនេះ​ត្រូវបាន​គេ​ចាត់​ទុកថា គឺ​ជា​សួត​របស់​ពិភពលោក ហើយ​នរណា​ក៏​អះអាង​ថា ស្រលាញ់​ណាស់​នូវ​ទេសភាព​ពណ៌បៃតង ប៉ុន្តែ​ហេតុអ្វី​ក៏​ចេះ​តែ​នាំ​គ្នា​ធ្វើអ្វី​មួយ​ដែល​នាំ​ឲ្យ​តែ​បំផ្លាញ​ទេស ភាព​ពណ៌​បៃតង​នេះ​ទៅវិញ?

មក​ដល់​ពេលបច្ចុប្បន្ននេះ នៅ​ក្នុងសៀវភៅ​សិក្សា ក្រសួងអប់រំ​បាន​បណ្តុះគំនិត​ឲ្យ​កុមារា និងកុមារី​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ដើម​ឈើ ឬទេសភាព​បៃតង ឬ បរិស្ថាន តាំង​ពី​កម្រិត​បឋម​សិក្សា​ឡើង​ទៅ ប៉ុន្តែ​មិន​ដឹង​ថា តើ​មក​ពី​អ្វី​នោះ​ទេ បាន​ជា​គំនិត​ស្រលាញ់​ដើមឈើ ថែរក្សា​ដើមឈើ និង ដាំដើម​ឈើ ហាក់​មិន​សូវ​មាន​នរណា​យក​ចិត្តទុក​ដាក់​ទាល់​តែសោះ ជា​ពិសេស​គឺ​អ្នកនៅ​តាមទីក្រុងនិង តាមទី​ប្រជុំជន​នានា។

ជា​ការ​ពិត​រហូត​មកដល់​ពេលនេះ ខាង​អាជ្ញាធរខ្លះ​ក៏​បាន​ខិតខំបំផុស​គំនិត​និង​បានជំរុញ​ការដាំដើម​ឈើ​នេះនៅ​តាម​ទី​ប្រជុំជន និង​តាម​ទីសាធារណៈ​នានា​មួយ​ចំនួន​ដែរ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ហាក់​ខ្វះការ​ថែទាំ ហើយ​ភាគ​ច្រើន​ដើម​ឈើ​ដែល​យកមក​ដាំនោះ កម្រ​នឹងអាច​រស់​ធំធាត់ មាន​ម្លប់​ត្រឈឹង​ត្រឈៃ​ណាស់។ ភាគច្រើន គឺ​ដុះ​បាន​តែបន្តិច​ក៏​ត្រូវងាប់ ជា​ពិសេស​បណ្តា​ដើម​ឈើ​ទាំងឡាយណា ដែល​ដាំ​នៅ​តាមកន្លែង​ដែល​ជិត​ឬក្បែរ​កន្លែង​ដែល​មាន​ហាង ភោជនីយដ្ឋាន កន្លែង​រកស៊ី​ផ្សេងៗ គឺ​ដឹង​តែ​មិន​សូវរស់​តែ​ម្តង។ កត្តា​នេះ​វា​អាចមក​ពី កង្វះ​ការ​ថែទាំ និង​ការយក​ចិត្តទុកដាក់ វា​អាច​ដោយ​សារ​តែ​ការធ្វស​ប្រហែស មាន​ការ​ចតយានយន្ត ឬ បរកិន​លើ ហើយ​វា​អាចមក​ពី​ម្ចាស់ហាង ឬ ម្ចាស់ផ្ទះ​មិនចង់​ឲ្យ​វារស់ ពី​ព្រោះ​ថា កាល​ណា​វា​រស់​ធំ​ទៅ វាទើសទែង​កន្លែង​ពួក​គេរកស៊ី ទើប​ចេះ​តែ​លួច​ធ្វើ​សកម្មភាព បែប​នេះ​បែប​នោះ មាន​រាប់តាំង​ពី​ចាក់ទឹកក្តៅ​ឲ្យ​វា​ងាប់​ក៏​មាន។

ដោយ​សារ​តែ​ចំណុច​នេះ អាជ្ញាធរ​មានសមត្ថកិច្ច​ដើម្បី​កុំ​ឲ្យ​ខាត​កូន​ឈើ គួរ​តែ​សួរ​ម្ចាស់​ផ្ទះ ឫ​ម្ចាស់​អាជីវកម្ម​នេះ​សិន ពី​ព្រោះ​វា​អាច​ខាត​កូន​ឈើ ហើយ​ទុក​វាយក​ទៅ​ដាំ​នៅ​កន្លែង​ផ្សេង ពី​ព្រោះ​បើ​ដាំ​ហើយ​ងាប់ ឬ មួយ​ត្រូវ​គេ​បង្ក​សកម្មភាព​ផ្សេងៗ​ធ្វើ​ឲ្យ​វាងាប់​នោះ​ជា​ការ​ខាតបង់។ ម្យ៉ាង​វិញ​ទៀត​ថ្វី​ត្បិត​តែ​កន្លែង​ដែល​យើង​យក​ទៅ​ដាំ​នោះ នៅ​លើ​ចិញ្ចើម​ផ្លូវសាធារណ​ក៏​ពិតមែន ប៉ុន្តែ​កន្លែង​ខ្លះ យក​កូន​ឈើ​ទៅ​ដាំ​ក៏​វា​មិន​ទំនង​ដែរ ពី​ព្រោះវា​អាច​ប៉ះ​ពាល់​បងប្អូនប្រជាពលរដ្ឋ ក៏​ថា​បាន ដូច្នេះ​ការ​សម្របសម្រួល​គួរ​តែ​មាន លើ​ចំណុច​នេះ ដើម្បី​ឲ្យ​ស្មារតី​នៃ​ការ​ជ​ម្រុញ​ការដាំ​ដើមឈើ​នេះ អាច​ដំណើរ​ការ​ទៅ​បាន​ជោគជ័យ។

សព្វ​ថ្ងៃ​នេះ​ប្រជាពល​រដ្ឋ​កម្ពុជា សរុប​ប្រមាណ​ជា ជាង ១៥ លាន​នាក់ ដូច្នេះ​ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​មួយ​ឆ្នាំ​នាំ​គ្នា​ដាំ​ដើម​ឈើ និង ខិតខំ​ថែរក្សា​វា​ឲ្យ​រស់​គ្រប់​គ្នា​បាន មិន​ថា​ដើម​អ្វី​នោះ​ទេ ក៏​យើង​អាច​នឹង​មាន​ដើម​ឈើ​មួយ​ឆ្នាំ​ជាង ១៥ លាន​ដើម​ដែរ ដូច្នេះ សួត​បរិយា​កាសនៅ​ក្នុង​ស្រុក​យើង វា​អាច​នឹង​ប្រសើរ​ឡើង។

កុំ​ឲ្យ​ខាតពេល គួរ​តែ​នាំ​គ្នា​ចូលរួម​ដាំ​ដើម​ឈើ​ទាំង​អស់គ្នា ហើយ​គួរ​តែ​នាំ​គ្នា ធ្វើ​យ៉ាង​ណា​កុំ​ធ្វើ​សកម្មភាព​បំផ្លាញ​ធនធាន​ព្រៃឈើ និង ដើម​ឈើ​ដែល​បាន​ដាំ​ហើយ។ ការដាំ ការ​ថែរក្សា​ឲ្យ​ដើម​ឈើ​នោះ​ធំធាត់ បាន​ផ្តល់ផ្លៃផ្កា ផ្តល់​ម្លប់​ត្រឈឹង​ត្រឈៃ និង​ផ្តល់​ក្លិន​ពិដោរ ខ្យល់​អាកាស​ត្រជាក់​ស្រួល ផ្តល់​សោភ័ណភាព​និង​ទេសភាព​បៃតង​នៅ​ក្នុង​ប្រទេសយើង ទាំងអស់​គ្នា​គួរ​តែ​ចាប់ផ្តើម​ចូលរួម​ដាំដើម​ឈើ​ឲ្យ​បាន​ទាំងអស់​គ្នា៕

Add new comment

10 + 0 =

Please wait while the page is loading