កុំដោយសារកូវីដ១៩ ភ្លេចភារកិច្ចនិងទំនួលខុសត្រូវ!

ជំងឺកូវីដ១៩បានក្លាយជាបញ្ហាដ៏ក្តៅគគុកនៅលើពិភពលោកពោលបើយើងអានសារព័ត៌មាន នៅទីណា ប្រទេសណា កន្លែងណាក៏សុទ្ធតែព័ត៌មានអំពីវីរុសកូរ៉ូណា ឬកូវីដ១៩ ប៉ុន្តែសូមកុំភ្លេចរឿងទំនួលខុសត្រូវនិងភារកិច្ចរបស់យើងម្នាក់ៗ។

នៅក្នុងអំឡុងពេលនេះ បើនិយាយអំពីតួនាទីរបស់យើងទាំងអស់គ្នាជាពលរដ្ឋវិញ គឺត្រូវធ្វើយ៉ាងណា រកកន្លែងដែលមានសុវត្ថិភាព​ ចៀសពីមេរោគ ហើយក៏កុំចម្លងមេរោគទៅអ្នក​ដទៃ និងកុំបង្កបញ្ហាផ្សេងៗ។ បើអាជ្ញាធរស្នើឲ្យនៅដាច់ដោយឡែករយៈពេលណាមួយ សូម​ស្តាប់ ព្រោះនេះ​ជា​វិធីមួយ​ដែល​យើង​អាច​ធ្វើ​ទៅបាន​ដើម្បី​បង្ការ​ការរីក​រាលដាល​នៃ​មេរោគនេះ។ សូម​ ប្រជាពលរដ្ឋ​ដែលទើបធ្វើមាតុភូមិនិវត្តន៍​ពីប្រទេសជិតខាង សូម​ជ្រាប​ជាពត៌មាន។ នេះ​មិន​មែន​រើសអើង​ទេ តែ​ដើម្បី​ខ្លួន​លោកអ្ន​ក​ផ្ទាល់ និង​ដើម្បី​មនុស្ស​ជាទីស្រឡាញ់​របស់​លោកអ្នក​មាន​សុវត្ថិភាព។ ហើយ​លោកអ្នក​នឹង​ចៀស​ពី​វប្បដិសារី​ទៅ​ថ្ងៃក្រោយ។

នៅក្នុងអំឡុងពេលនេះ សូម​យកចិត្តទុកដាក់សម្អាត​ផ្ទះសម្បែង សម្អាតបន្ទប់ទឹក និងទីធ្លានៅជុំវិញផ្ទះ ចូលរួមរក្សាអនាម័យផ្ទាល់ខ្លួន ហើយធ្វើសកម្មភាព​ណា ដែលមានប្រយោជន៍ ជាពិសេស​លោកអ្នក​ដែល​ត្រូវ​បាន​ដាក់​នៅ​ដាច់ដោយឡែក។ លោកអ្នក​អាច​ជ្រើ​រើស​យក​កិច្ច​ការ​តូច​តាច​ណា​មួយ​មក​ធ្វើ ដើម្បី​កុំ​ឲ្យ​អផ្សុក និង​អាច​ចៀស​ពី​ភាព​តាន​តឹង​អារម្មណ៍។ សូម​កុំ​ជ្រើ​រើស​ការ​គេង ដោយមិនធ្វើអ្វីសោះ ដែល​បណ្តាល​ឲ្យ​រាង​កាយ​ទទួល​ឥទ្ធិពល​តាន​តឹង​កាន់​តែ​កើន​ឡើង។ ការងារស្រែចំការ ដាំបន្លែបង្កាគឺគ្មានអ្នកណាគេហាមនោះទេ ហើយវាមានប្រយោជន៍ ដូចជាហាត់ប្រាណ ផងដែរ។

សម្រាប់អ្នកដំណើរសូមប្រុងប្រយ័ត្នពីព្រោះស្ថានភាពនៅពេលនេះ ផ្លូវស្ងាត់ដោយសារតែម្នាក់ៗខ្លាចមេរោគ ហើយពេលធ្វើដំណើរម្នាក់ៗភ្នែកនៅកញ្ចឹងករខ្លាចមេរោគ ប៉ុន្តែសូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ផង ដោយបើកបរមានទំនួលខុសត្រូវ ចេះគោរពច្បាប់ចរាចរណ៍ គោរពភ្លើងសញ្ញាបញ្ជាចរាចរណ៍ គោរពសិទ្ធិអ្នកដំណើរឯទៀត ពេលបត់ឆ្វេងស្តាំ ត្រូវមើលមុខក្រោយនិងពិនិត្យ ពិច័យឲ្យបានច្បាស់។

នៅក្នុងអំឡុងពេលនេះវា ជាពេលវេលាដែលរឹតតែទាមទារនូវការទទួលខុសត្រូវពីសមត្ថកិច្ច ពីព្រោះម្នាក់ៗខ្លាច គឺមានតែពួកគាត់ទេ ដែលត្រូវតែបំពេញការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងប្រទេស។ អាជ្ញាធរ​ ត្រូវចេះវិធានការណ៍ការពារ និងចូលរួមលើកកំពស់អនាម័យផ្ទាល់​ខ្លួន​ ហើយកុំភ្លេចឲ្យសោះភារកិច្ចរបស់​ខ្លួន​ ត្រូវធ្វើ​ដោយ​ប្រុងប្រយ័ត្ន និងស្តាប់បញ្ជាពីថ្នាក់លើ។

ពេលនេះ គឺជាពេលដែលត្រូវមានស្មារតីទទួលខុសត្រូវបំផុត ពីព្រោះថា ជនខិលខូច និង ក្រុមអសកម្មនៅក្នុងសង្គម គឺចាំមើលតែឱកាសនោះទេ។ ឲ្យតែយើងប្រហែស គឺប្រហោង ពួកគេនឹងឆ្លៀតឱកាសហើយ ដូច្នេះសូមប្រុងប្រយ័ត្នទាំង​អស់​គ្នា។

ដោយឡែកក្រុមគ្រូពេទ្យក៏ត្រូវតែយកចិត្តទុកដាក់និងមានវិជ្ជាជីវៈក្រមសីលធម៌ និងរឹតបន្តឹងការទទួលខុសត្រូវឲ្យ​ខ្លាំងថែម​ទៀត​ក្នុងអំឡុងពេលនេះ ដោយសារតែ លោកអ្នក​គឺជាក្រុមអ្នកជួរមុខ ដើម្បីទប់ទល់ និងសង្រ្គោះជីវិតពលរដ្ឋនិងអ្នកជំងឺដោយសារតែមេរោគ​ដ៏គួរឲ្យខ្លាចរអាមួយនេះ។

សរុបមកវិញ សូមទាំងអស់គ្នាគោរពនិងអនុវត្តតាមតួនាទីនិងភារកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណា ទប់ទល់ឲ្យបាននូវក្នុងកាលរទេសៈនេះ។ សូមចូលរួមពង្រឹងអនាម័យ និង​ចូលរួម​បំពេញ​ភារកិច្ចនិងតួនាទីរបស់យើងម្នាក់ៗឲ្យ​បាន​ល្អប្រសើរ៕

Add new comment

5 + 4 =

Please wait while the page is loading