កម្ពុជាកំពុងតែធ្វើរឿងមនុស្សធម៌មួយ

រូបថតសម្តេចហ៊ុន សែនថតរូបអនុស្សារីយ៍ជាមួយអគ្គរដ្ឋទូត និងរាជទូតអន្តរជាតិ នៅកម្ពុជា

កម្ពុជាកំពុងតែធ្វើរឿងដែលកំពុងតែក្តៅនិងរសើបមួយ ដែល​ធ្វើ​ឲ្យ​អន្តរជាតិ​នឹក​ស្មាន​មិន​ដល់​ចំពោះ​ ការរីករាលដាលនៃជំងឺផ្តាយសាយនិងរលាកសួតថ្មីដែលបណ្តាលមកពីមេរោគកូរ៉ូណាវីរុស ដែលថ្មីៗនេះអង្កការសុខភាពពិភពលោកបានដាក់ឈ្មោះថា មេរោគ Covid-19 ដោយ​ទទួល​សំចត​របស់​នាវា​ទេសចរណ៍​អន្តរជាតិ​មួយ​នាពេល​ថ្មីៗនេះ។

អ្វីៗដែលកម្ពុជាកំពុងតែធ្វើនៅពេលនេះ គឺជាចំណុច​ដ៏គួរឲ្យចាប់អារម្មណ៍និងភ្ញាក់ផ្អើលមួយ ឆ្លើយតបនឹងការរីករាលដាលនៃជំងឺផ្តាសាយនិងរលាកសួតដែលបណ្តាលមកពី​មេរោគ Covid-19 ដែលបានធ្វើឲ្យ​ប្រទេសនានាកំពុងតែខ្លាចរអា​នូវការរីកសាយភាយនៃមេរោគនេះ។

ចំណុចលើកឡើងខាងលើនេះជាទឡ្ហីករណ៍មួយ ដែលបង្ហាញពីគោលជំហរ ឆ្លើយតបនឹងបញ្ហាមនុស្សធម៌ផ្សារភ្ជាប់នឹងការភ័យខ្លាចនៃការផ្ទុះជំងឺ​មួយ​នេះ។ បន្ថែមទៅលើគោលនយោបាយដែលមានស្រាប់ រាជរដ្ឋាភិបាលកម្ពុជា ខិតខំពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការខិតខំចូលរួមឲ្យសកម្ម​ថែរក្សាសន្តិភាពនៅលើពិភពលោក ជាដើម។

គិតត្រឹមថ្ងៃទី១៣ ខែ​កុម្ភៈ ឆ្នាំ២០២០ ការរីករាលដាលនូវមេរោគនេះ បានបង្កឲ្យមនុស្សធ្លាក់ខ្លួនឈឺកើនឡើងដល់ ៥៩.៥៣៩ នាក់ ហើយអ្នកជំងឺចំនួន ១.៣៦១នាក់បានស្លាប់។ មេរោគCovid-19 នេះនៅតែបន្តឆ្លងរីករាលដាល ប៉ុន្តែភាគច្រើនគឺកើតមានតែនៅក្នុងប្រទេសចិន បើទោះបីជា​មានរបាយការណ៍​រកឃើញអ្នកជំងឺលើសពី២៨ ប្រទេសនិងដែនដីនៅទូទាំងពិភពលោក រហូតដល់ប្រទេសមួយចំនួនបិទព្រំដែន ផ្តាច់ទំនងទំនង និងការដឹកជញ្ជូន​ផ្នែកខ្លះជាមួយប្រទេសចិន ហើយករណីភ័យខ្លាចមួយទៀតដែលគេបានឃើញច្បាស់នោះ គឺការបដិសេធជា​បន្ត​បន្ទាប់​ នូវការចូលសំចតនាវាទេសចរណ៍ វែស្ទើរដាម (Westerdam) ដែលមានមនុស្សជាង២០០០ នាក់ ពីសំណាក់ប្រទេសចំនួន ៤ និង ដែនកោះចំនួន២ ដោយសារតែការបារម្ភនៃការរីករាលដាលនៃមេរោគ ប៉ុន្តែកម្ពុជាបានឆ្លើយតបវិញចំពោះកិច្ចការនេះដោយវិជ្ជមាន ចំពោះការរីករាលដាលនៃមេរោគនិងការបារម្ភរបស់ពិភពលោក នៅលើជំហរមនុស្សធម៌និងសហប្រតិបត្តិការអន្តរជាតិដ៏មុតមាំ។

នៅថ្ងៃទី ០៥ ខែ​កុម្ភៈ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ដោយបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ជួបមេដឹកនាំចិន នៅក្នុងខណៈពេលដែលប្រទេសនានា​កំពុងតែខ្លាចរអានឹងការរីករាលដាលនៃមេរោគ Covid-19  ហើយមួយសប្តាហ៍ក្រោយមក ពោលគឺកាលពីម្សិលមិញនេះ គឺថ្ងៃទី ១២ ខែ កុម្ភៈ កម្ពុជាបានប្រកាស បើកទ្វារទទួលសំចតនាវាទេសចរណ៍ វែស្ទើរដាម (Westerdam) ដែលត្រូវបានគេរុញច្រានចេញជាបន្តបន្ទាប់ ដោយសារតែការបារម្ភអំពីមេរោគ។ នៅថ្ងៃទី ១៤ ខែ កុម្ភៈ ចំនឹងថ្ងៃនៃក្តីស្រលាញ់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានពញ្ញាក់​ស្មារតី​ប្រជាជន​និង​អន្តរជាតិ​ដោយ​ទទួលស្វាគមន៍​ភ្ញៀវទេសចរនៅលើនាវាទេសចរណ៍នេះដោយផ្ទាល់។

ទាំងនេះគឺជាជំហរមនុស្សធម៌ និងការទូតមួយរបស់​នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការបង្ហាញមួយថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម​ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ ការពឹង​ពាក់​ក្នុង​គ្រា​លំបាក យើងត្រូវតែជួយប្រកប ដោយស្មារតីទទួលខុសត្រូវ។

ជាការពិតការអនុវត្តនយោបាយបែបនេះ នាំឲ្យមានការរិះគន់ខ្លះ ដោយសារបារម្ភការ រីកសាយភាយនៃមេរោគ ប៉ុន្តែនាវាទេសចរណ៍នេះកម្ពុជា​មិន​អនុញាតឲ្យចូលដោយគ្មានទម្រង់ការ ឬនិតិវិធីសុវត្ថិភាព​ឆ្លើយតបត្រឹមត្រូវនោះទេ គឺគ្រប់​ជំហានសុទ្ធតែមានទម្រង់ការច្បាស់លាស់ ដោយមានការពិនិត្យសិក្សាគ្រប់ដំណាក់កាល។

សរុបមកវិញ ថ្វីត្បិតតែជាប្រទេសកម្ពុជាយើងជាប្រទេសមួយតូច មិនអាចប្រៀបបាននឹងបណ្តាប្រទេសនានានៅក្នុងតំបន់និងពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាកំពុងតែបោះជំហាននិងឈានទៅដល់ទីតាំងមួយដ៏វិជ្ជមានឆ្លើយតបនឹង​បញ្ហាសាកលលោក។ កម្ពុជាកំពុងតែបង្ហាញនិងអនុវត្តនៅគោលជំហរមួយច្បាស់លាស់នៅក្នុងទីតាំងមួយ ដោយឈរនៅលើ​ផ្នែកមួយ ដែល​កម្ពុជា​អាចធ្វើបាននៅក្នុងកោសិកា​នៃសកម្មភាពរួមវិភាគទានលើបញ្ហាមនុស្សធម៌និងមនុស្សជាតិជាសាកល៕

Add new comment

1 + 7 =

Please wait while the page is loading