វេទិកាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប លើកទី៣

 

វេទិកាជាតិ អន្តរសាសនា លើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបប្រារព្ធធ្វើឡើងនាថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលនិងពិពណ៌កោះពេជ្រ (អគារ K+ L) រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសហការរៀបចំដោយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងធម្មការនិងសាសនា និងអង្គការការីតាសកម្ពុជា ដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំសាសនារួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា ព្រះសហគមន៍កាតូលិក និង គ្រីស្តបរិស័ទដំណឹងល្អ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ។

 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដ៏មានសារៈសំខាន់ និងដ៏អធឹកអធមនេះ ជាលើកទី៣​ដោយ​មានថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សាសនិកនៃសាសនាធំៗទាំងបួនមន្ត្រីរាជការ យុវជនយុវនារី និងអង្គការដៃគូជាតិ និងអន្តរជាតិ នឹងអញ្ជើញចូលរួម ប្រមាណ ១៧០០អង្គ នាក់ ។

 

គោលបំណងសំខាន់ នៃវេទិកានេះគឺ ៖

 

ទី១. ដើម្បីលើកកម្ពស់សារៈសំខាន់នៃវេទិកាអន្តរសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលបង្ហាញពីភាពសុខុដុមនៃសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា នាំមកនូវសន្តិភាពជាតិ ការគោរពសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងភាពរីកចម្រើនរបស់មនុស្សជាតិ ។

 

ទី២. ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយក្នុងការផ្សព្វផ្សាយអប់រំ និងផ្តល់​ចំណេះដឹងដល់ប្រជាពលរដ្ឋ អំពីសីលធម៌ក្នុងការរស់នៅ ជៀសវាងការរំលោភបំពាន អំពើជួញដូរ កេងប្រវ័ញ្ចគ្រប់រូប​ភាពលើមនុស្សផងគ្នានិងជួយណែនាំឲ្យចូលរួមបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើបគួរឲ្យស្អប់ខ្ពើម ។

 

សកម្មភាពជាច្រើន ដែលត្រូវបានរៀបចំក្នុងឱកាសនោះគឺ មានធម្មយាត្រាដង្ហែរសារ និងចែកផ្សាយសារ ដែល​ដែលមានខ្លឹមសារអប់រំ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ផ្សព្វផ្សាយដល់សាធារណជន ទស្សនាពិពរណ៍​ សកម្មភាពចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សុន្ទរកថា និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគ.ជ.ប.ជ ពិធីសូត្រធម៌ និង អធិដ្ឋាន បង្ហោះសាររួមគ្នា ៕

Daily Program

Livesteam thumbnail