អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឱ្យមានបទឈប់បាញ់ជាសកល

ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស​ ​បាន​អំពាវនាវ ឱ្យ​មាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅក្នុង​ជំ​ម្លោះ​នានា​​នៅ​ជុំវិញ​ពិភពលោកហើយ​ងាក​មក​ដោះស្រាយ​បញ្ហា​រួមរបស់ពិភពលោកគឺការរាតត្បាតជំងឺ​កូវី​ដ​១៩​។

​លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​និយាយថា ​វា​ដល់ពេល​ដែល ត្រូវ​បញ្ឈប់​ជម្លោះ​ប្រដាប់អាវុធ​ហើយ​ងាកមកយកចិត្តទុកដាក់​រួមគ្នា​លើ​ការប្រយុទ្ធ​ពិត ​ដើម្បី​​ជីវិត​របស់​យើង។​

​លោក ហ្គូ​ទែ​រ៉េស បាន​និយាយថា ពិភពលោក​ប្រឈម​នឹង សត្រូវ​រួមមួយ គឺ​កូវី​ដ​១៩ ដែល​វា​មិន​ខ្វល់​អំពី​សញ្ជាតិ​ឬ​ជាតិ​សាសន៍ ក្រុម​ឬ​ជំនឿ​សាសនា អ្វី​នោះ​ទេ​។​

​លោក​បាន​និយាយថា «ស្ត្រី កុមារ ជនពិការ អ្នក​បាត់បង់​ទីជម្រក ជនភៀសខ្លួន និង​មនុស្ស​ដែល​ជាប់​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​ដែល​កំពុង​កើតឡើង​នៅ​ជុំ​​វិញ​ពិភពលោក​នោះ គឺជា​អ្នក​ងាយ​រងគ្រោះ​បំផុត ហើយក៏​មាន​ហានិភ័យ​ខ្ពស់​បំផុត​ផងដែរ​នៃ​ការឆ្លង​ជម្ងឺ​កូវី​ដ​១៩»​។​

​លោកបានបន្តថា វា​ជា​ពេលវេលា​ដើម្បី​បញ្ឈប់​ការបាញ់ ការបាញ់​ផ្លោង និង​ការវាយប្រហារ​តាម​អា​កាស ហើយ​បង្កើត​ច្រករបៀង​សម្រាប់​ជំនួយ​សង្គ្រោះ​​ជីវិត​និងបើក​ទ្វារ​ ​ផ្តល់​ឱកាស​សម្រាប់​ការទូត​។​

​លោក​បាន​និយាយទៀតថា អង្គការសហប្រជាជាតិ​គ្រោង​នឹង​អំពាវនាវ​ស្នើ​ជំនួយ​មនុស្សធម៌​ចំនួន​២​ពាន់​លាន​ដុល្លារអាម៉េរិក​នៅ​ថ្ងៃ​ពុធ​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺឆ្លង​រាតត្បាត​​នេះ ដោយ​ទាំង​បញ្ហា​ជនភៀសខ្លួន​និង​ជន​ផ្លាស់​ទីជម្រក​៕

Add new comment

4 + 10 =

Please wait while the page is loading