ហ្វីលីពិនកំពុងតែរងភាពអាម៉ាស​ចំពោះ​ការរៀបចំ​ធ្វើ​ជាម្ចាស់ផ្ទះ​កីឡាស៊ីហ្គេម

ខណៈ​ដែល​ប្រទេស​ហ្វីលីពិន​កំពុង​តែ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​ការរៀបចំ​កីឡា​ស៊ីហ្គេម​ឆ្នាំនេះ ប្រទេស​នេះ​កំពុង​តែ​រង​នូវ​ភាព​អាម៉ាស​និង​ការរិះគន់​ពី​អត្តពលិក​ដែល​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ។​

 

មាន​សេចក្តី​រាយការណ៍​ថា កីឡាករ​មក​ពី​ប្រទេស​មួយ​ចំនួន គឺ​ត្រូវ​ដេក​ចាំ​នៅ​ព្រលាន​យន្ត​ហោះ​រាប់​ម៉ោង ខ្លះ​ទៀត​គ្មាន​បន្ទប់​សណ្ឋាគារ​ដេក ខ្លះ​ទៀត​មាន​បញ្ហា​ទទួល​ទាន​មិន​គ្រប់​គ្រាន់​​ ហើយ​ជាង​នេះ​ទៅ​ទៀត​គឺបណ្តាល​ឲ្យ​ពួកគេ​ខក​ការហ្វឹក​ហាត់​សម និង​ត្រៀម​ទុក​ជា​មុន​ ...។ល។

 

ឆ្លើយ​តប​នឹង​បញ្ហា​នេះ វិមាន​ប្រធានា​ធិបតី​បាន​និយាយ​ថា ប្រធានា​ធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូទែតេ កំពុង​តែ​ខឹង​សម្បា​ចំពោះ​បញ្ហា​ឡូជីស្ទិក​(ភស្តុភា)​ដែល​បាន​បង្ក​បញ្ហា​ដល់​ការរៀប​ចំ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​(ស៊ីហ្គេម)​នៅ​ពេល​ដែល​ខ្លួន​ជំរុញ​ឱ្យ​អ្នក​រៀប​ចំ​ធានា​ថា ពួកគេ​មាន​ផែនការបម្រុង​ទុក​ដើម្បី​ជៀស​វាង​ធ្វើ​ឱ្យ​អត្តពលិក​បរទេស​និង​ហ្វីលីពីន​មាន​បញ្ហា។

 

លោក សាល់វ៉ាឌ័រ ប៉ាណេឡូ អ្នក​នាំ​ពាក្យ​ប្រធានា​ធីបតី បាន​និយាយ​ថា ការត្អូញ​ត្អែរ​ច្រើន​ពី​អត្តពលិក​ដែល​ចូល​រួម​ក្នុង​ការប្រកួត​កីឡា​ក្នុង​តំបន់​នោះ​បាន​ទៅ​ដល់​ប្រធានាធិបតី ដែល​បាន​ស្ថិត​នៅ​ទីក្រុង​ពូសាន​ប្រទេស​កូរ៉េ​ខាង​ត្បូង​រហូត​ដល់​រសៀល​ថ្ងៃ​អង្គារ​ទី​២៦​ខែ​វិច្ឆិកា៕

លោក សាល់វ៉ាឌ័រ ប៉ាណេឡូ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន កាល​ពី​ថ្ងៃ​អង្គារ​ទី​២៦​ខែ​វិច្ឆិកា​ថា " វា​ពិត​ណាស់ ដែល​ប្រធានាធិបតី មិន​ចង់​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​ទាំង​នោះ​ទេ។ ប្រធានាធិបតី ​ខឹង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នេះ"។

 

លោក សាល់វ៉ាឌ័រ ប៉ាណេឡូ​ក៏​បាន​គាំទ្រ​ការអំពាវ​នាវ​ឱ្យ​មាន​ការស៊ើប​អង្កេត​ផង​ដែរ​លើ​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ពេល​ដែល​វា​ត្រូវ​បាន​បញ្ចប់​ហើយ​ជំរុញ ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​លើ​អ្នក​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ឱ្យ​មាន​ភាពរញ៉េ​រញ៉ៃ​ទាំងនេះ។

 

សមាជិក​ព្រឹទ្ធសភា លោក ប៊ុង ហ្គោ បាន​និយាយ​ថា​លោក​នឹង​ផ្តួច​ផ្តើម សាក​សួរ​ព្រឹទ្ធសភា​លើ​បញ្ហា​ដែល​អត្តពលិក​មាន​បញ្ហា​ទាំង​នោះ។

 

ចំណែក​សមាជិក​ព្រឹទ្ធសភា​លោក​ មែននី ប៉ាក់គីអាវ បាន​និយាយ​ថា បញ្ហា​ដែល​ទាក់​ទង​ទៅ​នឹង​គ្រឿង​បរិក្ខារ​និង​អាគារ​សម្រាប់​ការទទួល​កីឡា​ស៊ីហ្គេម គួរ​តែ​ត្រូវ​បាន​ពិភាក្សា​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ដើម្បី​កុំ​ឱ្យ​បាក់​ទឹកចិត្ត​អត្តពលិក​របស់​ប្រទេស​ដែល​គួរ​តែ​ត្រូវ​បាន​ផ្តល់​ការលើក​ទឹក​ចិត្ត​និង​គាំទ្រ។

 

បញ្ហា​រៀប​ចំ​និង​ទទួល​នៅ​តែ​បន្ត​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​ប្រទេស​ជាម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ខណៈ​ដែល​អត្តពលិក​បរទេស​ចាប់​ផ្តើម​មក​ដល់ ហ្វឹក​ហាត់ និង​ប្រកួត​ជម្រុះ​សម្រាប់​ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់​នេះ ដែល​នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ដល់​១២​ខែ​ធ្នូ​២០១៩៕

Add new comment

3 + 12 =

Please wait while the page is loading