សមត្ថកិច្ច​ឃាត់ខ្លួន អតីត​ចៅសង្កាត់​រងទី១ សង្កាត់​ផ្សារ​ដេប៉ូទី២ អតីត​គណបក្សសង្គ្រោះ​ជាតិ​ ពីបទ «រួម​គំនិត​ក្បត់»

អតីតចៅសង្កាត់រងទី១ នៃសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកស្រី ទិត្យ សុផាត អតីតគណបក្សសង្គ្រោះជាតិ អាយុ៦៦ឆ្នាំ រស់នៅផ្ទះលេខ៥៧z ផ្លូវលេខ១៥០ ក្រុមទី៣១ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក មុខរបរលក់ដូនៅផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយយោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ស្ដ្រីរូបនេះ ពីបទ «រួមគំនិតក្បត់»។​

 

លោកស្រីទិត្យ សុផាត គឺជាមនុស្សម្នាក់ក្នុងចំណោមបុគ្គល៥រូប និងគូកនផ្សេងទៀត ដែលត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ ពីបទ «រួមគំនិតក្បត់» តាមផែនការរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ របស់លោក សម រង្ស៉ី។

 

តាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យ នៃអយ្យការ​អមសាលា​ដំបូងរាជ​ធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ គ្រុយ សុខេមរិទ្ធ, ឈ្មោះ សេង ខន, ឈ្មោះ ទិត្យ សុផាត, ឈ្មោះ រឿង សំណាង, ឈ្មោះ យិន សុខហៀង ព្រម​ទាំងគូកន ពីបទ រួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជា​ណាចក្រ​កម្ពុជា។ ការចោទ​ប្រកាន់​ខាងលើ គឺពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​បុគ្គល​ទាំងនេះ ព្រមទាំង​គូកន ដែល​បាន​កៀងគរ និងបំផុសឲ្យ​មហាជន​ចូលរួមក្នុង​ផែនការផ្តួល​រំលំរាជរដ្ឋា​ភិបាល នៃព្រះរាជា​ណាច​ក្រកម្ពុជា ក្រោម​ឧបា​យកល​ជា «​ផែន​ការ​​នៃ​ការវិល​ត្រឡប់​មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយ​​អនុវត្ត​តាម​​ការ​អំពាវ​នាវ​​របស់​​ឧក្រិដ្ឋ​ជន សម រង្ស៊ី និងគូកន។ បុគ្គល​ទាំងនេះ ព្រមទាំងគូកន បានកៀងគរ​បំផុស​ប្រជាពលរដ្ឋ និងមានផែនការ​ដឹកនាំក្រុម​របស់​ខ្លួនធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សកម្មភាព​ផ្តួលរំលំរាជ​រដ្ឋាភិបាល​នៅថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខ។

 

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការ​ប៉ុនប៉ងធ្វើរដ្ឋ​ប្រហារផ្តួល​រំលំរាជរដ្ឋាភិបាល និងត្រូវប្រឈមនឹង​ការចោទប្រកាន់​បញ្ជូនទៅតុលាការ​កាត់ទោសតាម​ច្បាប់​ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែ​អ្នកពាក់ព័ន្ធទាំងនោះ​ចូលមក​សារភាព​ទាន់ពេល​វេលា​ដែល​អាចនឹង​ត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

Add new comment

1 + 0 =

Please wait while the page is loading