លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា ហួសចិត្ត​នឹង​ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី​

ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា កូនប្រុស របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ បាន​ច្រានចោល​ចំពោះ​ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី គឺជា​ការ​មួលបង្កាច់ ប្រឌិត​ព័ត៌មាន និង​ញុះញង់​បំបែកបំបាក់​ផ្ទៃក្នុង​តែប៉ុណ្ណោះ​។
ការច្រានចោល​នេះ គឺ​បន្ទាប់ពី​ទណ្ឌិត សមរង្ស៊ី កាលពី​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយបាន​ញុះញង់ និង​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​មានការ​យល់ច្រឡំ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​០៩ ខែមិថុនា នេះ​ថា ក្នុងនាម​ខ្លួន​លោក​ផ្ទាល់​ជា​កូនប្រុស​របស់​អតីត​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ហុក​ឡង់ឌី លោក​កត់សម្គាល់​ឃើញថា កន្លងមក​ថ្មីៗ នេះ​បុគ្គល​ទណ្ឌិត សម រង្ស៊ី និង​បក្ខពួក​បាន ព្យាយាម​បង្កចលាចល​ដោយ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​លើ​រូបលោក​នោះ ដើម្បី​ធ្វើ​ឲ្យ​មតិ​ជាតិ​និង​អន្តរជាតិ​មានការ​ភ័ន្តច្រឡំ​ជុំវិញ​ការស្លាប់​របស់​ឪពុក​លោក កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០០៨​។ ដោយ​លោក​បាន​បញ្ជាក់ថា “​ការស្លាប់​របស់​ឪពុក​ខ្ញុំ ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ ដោយសារ​កត្តា​អាកាសធាតុ ប៉ុន្តែ​ត្រូវបាន​ទណ្ឌិត សម រង្ស៊ី យកទៅ​ធ្វើជា​ឧបាយកល​ទុច្ចរិត​ក្នុងការ​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​ឥត​អៀនខ្មាស់ ងងឹតងងល់​ហ៊ាន​ប្រើ​ឈ្មោះ​របស់​សព​ដើម្បី​ប្រឌិត​រឿង​បំបែកបំបាក់​ផ្ទៃក្នុង នៃ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រុមគ្រួសារ​ខ្ញុំ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​បន្តថា នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ទណ្ឌិត សម រង្ស៊ី ហ៊ាន​ប្រឌិត​ព័ត៌មាន​មិន​ពិត និង​បង្កើត​ព័ត៌មាន​ញុះញង់ ដើម្បី​បំផ្លាញ​ស្ថិរភាព​សង្គម និង​សាមគ្គី​ជាតិ ជាក់ស្ដែង​ដូច​កន្លងមក មានការ​បង្កើត​គណនី facebook ក្លែងក្លាយ​បន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល វាយប្រហារ​ទៅលើ​ប្រមុខ​រាជរដ្ឋាភិបាល និង​ញុះញង់​ឲ្យ​យោធា​ធ្វើ​សកម្មភាព​ផ្ដូ​ល​រំលំ​រដ្ឋាភិបាល​ជាដើម​។ ការនិយាយ​ផ្ដេសផ្ដាស​គ្មាន​ការពិត និង​ខ្វះ​ការទទួលខុសត្រូវ​បាន​ក្លាយទៅជា​ទម្លាប់​របស់​ទណ្ឌិត សម រង្ស៊ី ទៅហើយ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្លូវច្បាប់ និង​ពិនិត្យមើល​រៀបចំ​ឯកសារ​ដើម្បី​ប្ដឹង​ទណ្ឌិត​រូបនោះ​ផងដែរ​។​

​ទាក់ទង​ការលើកឡើង​របស់​ទណ្ឌិត សម រង្ស៊ី ប្រមុខដឹកនាំជាន់ខ្ពស់កម្ពុជា ២ រូប គឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ កំពុង សិក្សា ផ្លូវច្បាប់ ដើម្បី រៀបចំ ពាក្យបណ្ដឹង ទៅកាន់ តុលាការអន្ដរជាតិ ស្វែងរក យុត្តិធម៌ជាសាកលលើករណី ដែលទណ្ឌិត សម រង្ស៊ី បានចោទប្រកាន់សម្ដេច ទាំងពីរដោយបំពាន។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី លោក ផៃ ស៊ី ផាន អ្អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៕ ប្រភព៖ រស្មីកម្ពុជា

Add new comment

8 + 12 =

Please wait while the page is loading