រួមដំណើរជាមួយព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់ពីពេលនេះទៅ

បេក្ខជនសុំចូលព្រះសហគមន៍នៅព្រះវិហារគ្រួសារដ៏វិសុទ្ធ

កាលពីថ្ងៃម្សិលមិញនេះ នៅព្រះវិហារគ្រួសារដ៏វិសុទ្ធ នៃព្រះសហគមន៍អ្នកលឿង បានទទួលបេក្ខជនចំនួន២៨នាក់ដែលបានសិក្សាឈ្វេងយល់ជាច្រើនឆ្នាំក្នុងកម្មវិធីអប់រំជំនឿឲ្យចូលក្នុងព្រះសហគមន៍ ដោយមានលោកបូជាចារ្យ សេរ៉ាល់ វ៉ូសាំងជាអធិបតី ដោយរួមជាមួយគ្រីស្តបរិស័ទជាច្រើនកុះករ។

លោកបូជាចារ្យសេរ៉ាល់ជាអ្នកទទួលខុសត្រូវនៅព្រះសហគមន៍អ្នកលឿងបានហៅឈ្មោះរបស់បេក្ខជនម្នាក់ឲ្យមកបង្ហាញខ្លួននៅមុខព្រះសហគមន៍របស់ព្រះជាម្ចាស់ដោយអមមកជាមួយនូវបងធម៌ដែលជាគ្រីស្តបរិស័ទដើម្បីណែនាំពួកគាត់ក្នុងជំនឿជាកាតូលិក ដោយប្រកាសខ្លួនថា នឹងយកព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង។

លោកបូជាចារ្យមានប្រសាសន៍ក្នុងធម្មទេសនាថា ពេលស្លាប់ទៅអ្វីដែលសំខាន់គឺយើងរួមជាមួយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដូច្នេះ ក្នុងពេលរស់នៅ គឺយើងត្រូវរស់នៅដោយសេចក្តីស្រឡាញ់ ព្រោះនៅពេលស្លាប់ទៅគឺមានតែសេចក្តីស្រឡាញ់ទេដែលនាំឲ្យយើងជួបព្រះជាម្ចាស់។ លោកបូជាចារ្យបន្ថែមថា «សំខាន់គឺយើងត្រៀមខ្លួនពីពេលនេះទៅដើម្បីជាប់លាប់នឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់»។

លោកសេរ៉ាល់ បានរំលឹកដល់អ្នកដែលសុំចូលព្រះសហគមន៍ថា ពាក្យប្រកាសរបស់បងប្អូនមុននេះ ជាចំណែកមួយនៃអគ្គសញ្ញាជ្រុមុជទឹក ដែលពួកគាត់នឹងត្រូវទទួលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ហើយសូមឲ្យបេក្ខជនត្រូវចេះភ្ជាប់នូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនដើម្បីរួមដំណើរជាមួយព្រះជាម្ចាស់និងព្រះសហគមន៍៕

Add new comment

2 + 0 =

Please wait while the page is loading