ភូមិភាគកំពង់ចាម មានលោកអភិបាលគ្រប់គ្រងថ្មី

ក្រោយ​ពី​ទទួល​យក​ពាក្យ​ស្នើ​សុំ​លាលែង​ពី​មុខងារ​របស់​លោក​អន់តូនីសាមី ស៊ូសៃរាជ្យ ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម ដែល​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩។ សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស្កូ បាន​ជ្រើស​តាំង​លោក​បូជាចារ្យ ប្រ៊ុយណូ កូសម៍ ជា​អ្នក​គ្រប់គ្រង (Apostolic Administrator "vacant sede and ad nutum Sanctae Sedis") ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម  បន្ត​ពី​លោក​អភិបាល​អន់តូនី។

 

លោក​បូជាចារ្យ ប៊្រុយណូ កូសម៍​ប្រសូត នៅ​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ​១៩៦២ នៅ​ប្រទេស​បារំាង។ លោក​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ នៅ​ថ្ងៃ​ទី​ ៣ ខែ​កក្កដា ឆ្នាំ ១៩៩៤។ លោក​សិក្សា​នៅ​ទេវ​វិទ្យាល័យ ( French Pontifical Seminary ) នៃ​ទីក្រុង​រ៉ូម ហើយ​លោក​ក៏​ទទួល​បាន​សញ្ញាប័ត្រ​ទេវវិទ្យា (Dogmatic Theology) ពី​សាកលវិទ្យាល័យ the Pontifical Gregorian university។

 

លោក​បូជាចារ្យ ប្រ៊ុយណូ ជា​សមាជិក​នៃ​ក្រុម​សាសន​ទូត​ក្រៅ​ប្រទេស​នាទី​ក្រុង​ប៉ារីស  (MEP) ត្រូវ​បាន​ចាត់​ឲ្យ​មក​បំពេញ​បេសកកម្ម​បម្រើ​នៅ​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥។ ពី​ឆ្នាំ ១៩៩៥ - ១៩៩៨ លោក​សិក្សា​ភាសា​ខ្មែរ នៅ​ភ្នំពេញ និង នៅ​ស្វាយ​ស៊ី​សូផុន ខេត្ត​បន្ទាយ​មានជ័យ។ ពី​ឆ្នាំ ១៩៩៨ - ២០១០ លោក​ជា​សាស្ត្រាចារ្យ និង​ជា​នាយក​ទេវវិទ្យាល័យ សន្ត យ៉ូហានម៉ារីវីយ៉ាណែ នៅ​ភ្នំពេញ។

 

លោក​ក៏​បាន​បំពេញ​មុខងារ ជា​តំណាង​ពេញ​សិទ្ធិ​របស់​លោក​អភិបាល ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៧។ ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ​២០១៥ លោក​ជា​បូជាចារ្យ​ទទួល​ខុសត្រូវ​នៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច​ភ្នំពេញ ព្រម​ទាំង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​នៃ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ។

 

ក្នុង​ឆ្នាំ​២០១៥ - ២០១៦ លោក​បាន​ចូល​រួម​ទទួល​បទពិសោធ​នៅ​អារាម បព្វជិត បេណេឌីកតាំង​នៅ​ប្រទេស​បារំាង។ ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ដល់​ពេល​នេះ លោក​ជា​ទីប្រឹក្សា​នៃ​ក្រុម​សាសនទូត​ក្រៅប្រទេស​នា​ក្រុង​ប៉ារីស ដោយ​ទទួល​ខុស​ត្រូវ​និស្សិត​ទេវវិទ្យាល័យ និង​ការអប់រំ​ប្រចាំ។ 

 

ក្នុង​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ២០១៩ នេះ លោក​នឹង​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ទទួល​មុខ​ងារ​បន្ត​ពី​លោកអភិបាល​អន់​តូនីសាមី ស៊ូសៃរាជ្យ ជា​អភិបាល​ទទួល​បន្ទុក​គ្រប់​គ្រង​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម៕

Add new comment

3 + 3 =

Please wait while the page is loading