ព្រះសហគមន៍ផ្តល់កន្លែងស្នាក់នៅសម្រាប់ជនជាតិភាគតិច

ព្រះសហគមន៍រតនគិរីបានទទួលយុវជនជនជាតិដើមភាគតិចទំពូនចំនួន១០នាក់ឲ្យបន្តការសិក្សានៅទីរួមខេត្តនៅថ្នាក់អនុវិទ្យាល័យ និង វិទ្យាល័យ ដោយផ្តល់កន្លែងស្នាក់នៅ អាហារ និងប្រាក់ឧបត្ថម្ភមួយចំនួនជារៀងរាល់ខែ។

 

បងស្រី ញឹប សុខនី ជាអ្នកទទួលខុសត្រូវមណ្ឌលស្នាក់នៅនេះ មានប្រសាសន៍ថា ព្រះសហគមន៍រៀបចំឲ្យមានកម្មវិធីនេះឡើង ដើម្បីជួយដល់សង្គម លើកតម្លៃសេចក្តីថ្លៃថ្នូររបស់មនុស្ស ក៏ដូចជាការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ផងដែរ។ បងស្រីបន្តថា យុវជនដែលព្រះសហគមន៍បានផ្តល់កន្លែងស្នាក់នៅ ភាគច្រើនចេញមកពីគ្រួសារក្រីក្រ និងរស់នៅឆ្ងាយៗពីសាលា ហើយមានបំណងចង់បន្តការសិក្សា។

 

បងស្រីសុខនីបន្តថា គ្រួសាររបស់សិស្សានុសិស្សទំាងនេះ តម្រូវឲ្យបង់ប្រាក់ឧបត្ថម្ភចំនួន ៥០០០០៛(ប្រាំម៉ឺនរៀល)និង អង្ករ២០គីឡូក្នុងមួយខែ ដើម្បីចូលរួមចំណែកក្នុងការចំណាយប្រចាំថ្ងៃរបស់ពួកគាត់ រីឯមណ្ឌលមានភារៈកិច្ចចំណាយ ទៅលើអាហារ ថ្លៃរៀនគួរបន្ថែម និង កន្លែងស្នាក់នៅជាដើម។

 

បងស្រីបានឲ្យដឹងទៀតថា ក្រៅពីមណ្ឌលនៅរតនគិរី នៅខេត្តស្ទឹងត្រែងក៏មានមណ្ឌលមួយទៀតដែរ ដែលបងស្រីកំពុងទទួលខុសត្រូវជាមួយលោកបូជាចារ្យ កាំប៉ាញ៉ា អ៊ីវ៉ាន់ ដែលមានសិស្សស្នាក់នៅចំនួន១០នាក់ផ្សេងទៀត។

 

មណ្ឌលយុវជនកាតូលិកបានឡុង ស្ថិតនៅ ភូមិ២ ឃុំបានឡុង ស្រុកបានឡុង ខេត្តរតនគិរី៕

 

ហៀម សុកខុន

Add new comment

6 + 2 =

Please wait while the page is loading