ព្រះមហាក្សត្រ៖ ការរួបរួមគ្នាជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់​ប្រទេស និងឯករាជ្យ​ដោយជ័យមង្គល

ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះបាទ​ព្រះបរមនាថ​នរោត្តម​សីហមុនី។ Royal Du Cambodge

ព្រះ​ករុណា ព្រះ​បាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា បានដក​ស្រង់​​ព្រះរាជ​បន្ទូលរបស់​ព្រះបិតា​ទ្រង់​យ៉ាងនេះ​ថា ការរួបរួម​គ្នារជា​ធ្លុង​មួយ​នេះ​នឹង​ជួយ​ស្រោចស្រង់​ប្រទេស​និងឯករាជ្យ​ឲ្យឆ្លង​សមុទ្រ​គ្រោះថ្នាក់​ដែល​មាន​នៅមុខ​យើងនេះ បានផុតស្រឡះដោយជ័យមង្គល។ ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​បែប​នេះ​កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅ​លើទំព័រហ្វេសប៊ុក របស់​ព្រះអង្គ Royal Du Cambodge​​។​​

 

ស្របពេល​កំដៅ​នយោបាយនៅ​កម្ពុជា​កំពុង​តែក្តៅខ្លាំង​ រាជរដ្ឋា​ភិបាល​កំពុង​បញ្ចេញក​ម្លាំង​គ្រប់​ប្រភេទ​ដើម្បី​ទប់​ស្កាត់​នឹង​ព្រឹត្តិការណ៍​ដែល​មិន​អាច​ធ្វេស​ប្រហែស​បាន​គឺការវិ​ល​ត្រ​ឡប់​​ចូល​ទឹកដីកម្ពុជា​របស់​លោកសម រង្ស៊ី អតីប្រធាន​គណបក្សង្គ្រោះ​ជាតិ​ដែល​គណបក្ស​នេះត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ចោល ហើយ​រូប​លោក​ផ្ទាល់​ក៏ជាប់​ចោទពី "​បទក្បត់ជាតិ"។ តាមការ​អះអាង​របស់​ប្រមុខបក្ស​​ដែល​បាន​រំលាយ​ចោល​នេះ គឺការ​វិល​ត្រឡប់មក​លើក​នេះ គឺ​ប្រើអំណាច​ប្រជាជន ដើម្បីផ្តល់រំលំ​រាជ​រដ្ឋា​ភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា ដែល​បណ្តាល​ឲ្យមាន​កា​រ​ចាប់​ខ្លួនសកម្មជន​អតីតគណបក្សសង្គ្រោះជាតិប្រមាណ​ចំនួន៧៩នាក់ និងចំនួន១៩៩នាក់ផ្សេងទៀត បាន​ចេញដីកា​បង្គាប់​ឲ្យចាប់​ខ្លួនពី "បទរួមគំនិតក្បត់"។ កត្តានេះ​បានធ្វើ​ឲ្យមានកំដៅ​នយោបាយ​កាន់តែ​ក្តៅ​ឡើងៗ។

ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​បាន​អបអរ​ទិវាបុណ្យ​ឯករាជ្យ​ជាតិ ដោយមាន​សេចក្ដីដើម​ដូច​នេះ​ថា៖ «ជន​រួមជាតិ​ជាទីស្នេហា​! ក្នុងជីវភាពប្រទេសជាតិ​នីមួយៗ​គ្មានអ្វីឲ្យមាន​តម្លៃជាងឯក​រាជ្យទេ​​​ ព្រោះ​ឯករាជ្យ​ជាមូល​ដ្ឋាន​នៃសេចក្តី​ថ្លៃថ្នូរ​និង​សុភមង្គលទាំង​ទ្បាយ​ដទៃទៀត។​ អាវុធ​ដ៏សំខាន់​ជាង​គេ​សម្រាប់​កសាង និងការពារ​ឯករាជ្យ និង អនាគតរបស់​​យើង​ពុំមែន​គ្រឿង​យោធបរិក្ខា​ដ៏ស្តួច​ស្តើង​​គួរឲ្យ​វេទនា​របស់​កងទ័ព​យើងនោះទេ។​ អាវុធនោះ គឺ ការរួបរួម​ចង​គ្នា​ជាធ្លុងមួយ​នៃយើង​នេះ​ឯង។​ ខ្ញុំជឿជាក់ថា ការរួបរួម​គ្នា​របស់យើង​ជាធ្លុងមួយ​នេះនឹងជួយ​ស្រោចស្រង់​ប្រទេសយើង និង​ឯករាជ្យយើង​ឲ្យឆ្លង​សមុទ្រ​គ្រោះថ្នាក់ ដែល​មាន​នៅមុខ​យើងនេះ បាន​ផុតស្រឡះ​ដោយជ័យ​មង្គល ។​»

 

ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ដែល​ជាថ្ងៃ​ឯករាជ្យ​ជាតិ ខួប​លើកទី ៦៦  ត្រូវបាន​លោក សម រង្ស៊ី កំណត់​ថា​ជាថ្ងៃ​ធ្វើមាតុភូមិ​និវត្តន៍​មកកម្ពុជា ដើម្បី​ឱ្យមាន​ការផ្លាស់​ប្ដូរការ​ដឹកនាំ​ជាវិជ្ជមាន។​ ចំណែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​ធ្វើជាថ្ងៃ​ដែល​អំពាវនាវ​ឱ្យពលរដ្ឋ​ទទួលទាន​អំបុក ​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហា​ក្សត្រ៕

Add new comment

2 + 13 =

Please wait while the page is loading