ពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមអ្នកនិពន្ធខ្មែរ

រូប​ថត​អនុស្សាវរីយ៍​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​អ្នកនិពន្ធ​ខ្មែរជំនាន់ទី​៣៣។ រូបថត សមាគម​អ្នកនិពន្ធ​ខ្មែរ

សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​​ជូន​ដល់​សិក្ខាកាម​វគ្គ​បណ្តុះ​បណ្តាល​អ្នកនិពន្ធ​ខ្មែរ​ជំនាន់ទី​៣៣ ចំនួន​៣៥នាក់ ក្រោម​អធិបតី​ភាព​របស់​លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ រួម​និង​សាស្ត្រាចារ្យ​ជាច្រើន​រូប​ទៀត ដែល​កម្មវិធីនេះ​ធ្វើ​ឡើង​នៅ​​វិចិត្រ​សាល​សកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ កាលថ្ងៃទី​៧ សីហា​ ២០១៩។

កញ្ញាប៉ែន លីណេ ជាសិក្ខាកាម​ទទួល​វិញ្ញាបនបត្រ​ជំនាន់​ទី​៣៣​នេះ ឲ្យ​ដឹងថា «ខ្ញុំ​គិត​ថា សម្រាប់​សិក្ខាសាលា​ថ្នាក់តែង​និពន្ធ​កំណាព្យ​ ប្រលោម​លោក​ រឿង​ខ្លី រឿង​ប្រលោម​លោក​វែង រឿង​ភាគ ក៏​ដូចជា​សេណារីយ៉ូកុននេះ​  ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ខ្ញុំ​មែនទែន។ ព្រោះ ខ្ញុំ​ចង់​ក្លាយជាអ្នកនិពន្ធម្នាក់ដែលបាន​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​»។ 

អ្នក​និពន្ធ​រូប​នេះ បាន​បន្ត​ទៀត​ថា ​កំណាព្យខ្មែរ​​ដែល​បព្វបុរស​បន្សល់​ទុក​មក​នោះ​មាន​តំលៃណាស់ ដែល​ប្រទេស​ផ្សេងៗ​អត់មាន។ ដូច្នេះ​ក្នុងនាម​​​ជាកូន​ខ្មែរ​ នាង​ចង់​ចូលរួម​រក្សា​វា ដោយ​ខិត​ខំ​​​ចូលរួម​រៀន​សិក្សា​ឲ្យ​ចេះ។ យុវតី​រូប​នេះ បន្ថែម​ថា នាង​ក៏​ចង់​ចូលរួម​លើក​កម្ពស់​​វិស័យ​ភាព​យន្ត​ខ្មែរ​ផងដែរ ព្រោះ​តាម​គំនិត​របស់​លីណេ វិស័យ​នេះ​នៅ​ទន់​ខ្សោយ​នៅ​ឡើយ ។

ក្នុង​រយៈ​ពេល​សិក្សា​៥​ខែ​មក​នេះ លីណេ​បាន​ទទួល​បទ​ពិសោធជាច្រើន​ក្នុង​ការតែង​និពន្ធ ហើយ​នាង​​មាន​ក្តី​ស្រមៃ​មួយ​គឺ​ចង់​ក្លាយជាអ្នក​និពន្ធ​ដ៏​ជំនាញ​ម្នាក់​ ដើម្បី​លើក​ស្ទួយ​វិស័យ​អក្សរ​សាស្ត្រ​ជាតិ។ កញ្ញាលីណេ «វគ្គនេះ​បាន​ជួយ​បំពាក់​បំប៉ន់​សមត្ថភាព​ខ្ញុំ​ ឲ្យ​ខ្ញុំ​មាន​ការ​យល់​ដឹង​ពី​របៀបនិង​វិធីសាស្ត្រ​ជាច្រើន​ ដូចថា​យើង​ត្រូវ​និពន្ធ​បែប​ណា យើង​មាន​ឆន្ទៈ​បែបណា យើង​គួរ​ធ្វើអី ដើម្បីឲ្យ​សាច់​រឿង​មាន​តម្លៃ​ដល់​សង្គម»។

វគ្គ​បណ្តុះ​បណ្តាល​អ្នកនិពន្ធ​ខ្មែរ​ជំនាន់ទី​៣៣​បានចាប់​ផ្តើម​ឡើង​ក្នុង​ដើម​ខែ​កុម្ភៈ​ និង​បាន​បញ្ចប់​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ ដែល​មាន​សិក្ខា​កាម​ចូលរួម​ជាច្រើន​នាក់ ដែលមាន​ផ្នែកតែង​និពន្ធ​រឿង​​ខ្លី រឿង​ប្រលោម​លោក​ ទំនុក​ចម្រៀងនិង​កំណាព្យ ចិត្ត​សាស្ត្រ និង​ទស្សនវិទ្យា​ផ្នែក​តែងនិពន្ធ។ ក្នុងនោះ​សិក្ខា​កាម​​​ជា​មន្ត្រី​រាជការ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សិស្ស​ និស្សិត​ កង​កំលាំង​ប្រដាប់​អាវុធ និង​ព្រះសង្ឃ ដែល​វគ្គ​នេះ​​មាន​សាស្ត្រាចារ្យ​មក​ពី​បណ្តា​សកល​វិទ្យាល័យ​នានា​មក​បង្រៀន និង​ចែក​បទ​ពិសោធ។

ក្នុងឱកាស​នោះ​ដែរ​លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​ប្រសាសន៍​ ទោះ​បី​ជា​សៀវភៅបោះ​ពុម្ពមាន​ចំនួន​​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្តី ក៏​អ្នក​និពន្ធ​ត្រូវ​មាន​ចំណី​អារម្មណ៍​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដើម្បី​បម្រើ​ដល់​អ្នកអាន។

លោកជំទាវ​ក៏​បាន​ផ្តល់នូវ​អនុសាសន៍​មួយ​ចំនួន​ដល់​សិក្ខា​កាម​ទាំង​អស់​​ ឲ្យ​ខិត​ខំ​បន្ត​បង្កើត​ស្នាដៃ​ថ្មីៗបន្ថែម​ទៀត​ដើម្បី​ចូលរួម​រក្សា​​អត្តសញ្ញាណ​ជាតិ​ លើក​ពី​គុណ​សម្បត្តិ​និង​គុនណវិបត្តិ​នៃ​សង្គម លាត​ត្រដាង​អាថ៌កំបាំង បង្កើត​រឿង​កំប្លែងនានា​ ជាពិសេស​សម័យ​កាល​នៃ​សង្គម​ជឿន​លឿន​ដែលមាន​ទូរសព្ទ​ទំនើប។ លោក​ជំទាវ​ក៏​បាន​បញ្ជាក់ទៀត​ថា រាល់​ស្នាដៃ​នីមួយ​ត្រូវ​ចៀសវាង​​នូវ​គំនិត​បំបែក​បំបាក់ ញុះញង់ រើសអើង និង​បង្កជម្លោះ​។

 

ឯកឧត្តម​ព្រឿង​ប្រណិត​ ជាប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ​មាន​ប្រសាសន៍ទៅ​កាន់​អង្គ​ពិធី​​ ដោយ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ជំទាវ​រដ្ឋមន្ត្រី​ដែល​តែ​ងយក​ចិត្ត​ទុកដាក់​និង​គាំ​ទ្រ​កម្មវិធី​បណ្តុះ​បណ្តាល​កន្លងមក និង​អរគុណ​ចំពោះ​លោកសាស្ត្រាចារ្យ​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ក្នុងការ​បណ្តុះ​បណ្តាល​សិក្ខា​កាម​ក្នុង​វគ្គ​៣៣​នេះ។ ឯកឧត្តម​បាន​បន្ត​ថា «ប្រសិន​បើ​យើង​មិន​បាន​គិត​គូរ​ដល់​ការ​ឆ្នៃ​ប្រឌិតឲ្យ​ត្រូវ​តាម​ស្ថាន​ភាព​របស់​យើង ឥទ្ធិពលនេះ (បរទេស) នឹង​អាច​នាំ​មក​នូវ​ភាព​ស្រអាប់​ដល់​វិស័យ​សិល្បៈ​វប្បធម៌ ក៏​ដូចជា​ការ​តែងនិពន្ធ​របស់​យើងពុំ​ខាន»។

ឯកឧត្តម​បន្ថែម​ទៀត​ថា «ចំណុចនេះ​ ជាគោល​ដៅ​របស់​វគ្គ​បណ្តុះ​បណ្តាល​ដែល​ចង់​ឲ្យ​អ្នក​និពន្ធ​ទាំងអស់ត្រូវ​ចង​ចាំ​និង​ព្យាយាម​ទាញ​យក​ផល​ប្រយោជន៍ពី​សកល​ភាវូបនីយកម្ម ដើម្បី​អនុវត្ត​ការងារ​និពន្ធ​របស់​ខ្លួនសំដៅ​រួម​ចំណែក​ធ្វើ​ឲ្យ​អក្សរ​សិល្ប៍ សិល្បៈ​វប្បធម៌ជាតិ​របស់​យើង​កាន់តែរុង​រឿង​និង​ភាព​សប្បុរសប្បាយ​ក្នុង​លក្ខណៈ​ជាខ្មែរ»។

លោក​ប្រធាន​សមាគម​មាន​ប្រសាសន៍​ទៀត​ថា សមាគម​អ្នក​និពន្ធ​ខ្មែរ​នឹង​នៅ​បន្ត​កិច្ច​ការ​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​ក្នុង​ការ​លើក​កម្ពស់​វិស័យ​វប្បធម៌ និង​អក្សរ​សាស្ត្រ​ជាតិ ដែល​ក្នុងនោះ​រួម​មាន​ បន្តបណ្តុះ​បណ្តាល​អ្នក​និពន្ធ​ជំនាន់​ក្រោយៗ​ទៀត ស្រាវជ្រាវបកប្រែនិង​បោះពុម្ព​ស្នាដៃរបស់​អ្នក​និពន្ធ​ជំនាន់​មុន​និង​ជំនាន់ថ្មី ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ត្រួត​ពិនិត្យអក្ខរាវិរុទ្ធខ្មែរ ​ចូលរួម​គ្រប់​វេទិការ​អ្នកនិពន្ធ​អន្តរជាតិ​តាម​ការ​អញ្ជើញ​របស់​សមាគម​អ្នក​និពន្ធ​បរទេស និងជ្រើសរើស​បញ្ជូន​ស្នាដៃ​ជ័យលាភី​ទៅ​ប្រកួតនៅបរទេស៕

ដោយ​កែវ កញ្ញា

Add new comment

13 + 6 =

Please wait while the page is loading