ផ្ទេរមុខងារបូជាចារ្យ ទទួលខុសត្រូវព្រះសហគមន៍ លើទឹកដីត្បូងពេជ្រ

លោក​បូជាចារ្យ​មួង រស់ (ឆ្វេង) លោកអភិបាល​គីគេ​ ហ្វីការេដូ (កណ្តាល) លោក​បូជាចារ្យ​កាឡូស (ស្តាំ)

ព្រះសហគមន៍កាតូលិកប៉ៃលិន ព្រះវិហារព្រះបេះ​ដូងព្រះយេស៊ូ ប្រារព្ធពិធី​ផ្លាស់​ប្តូរមុខងារលោកបូជាចារ្យ​ទទួលខុសត្រូវ​ព្រះសហគមន៍​កាតូលិក​នៅជាប់ព្រំដែន​ខ្មែរថៃមួយនេះ កាលពី​ថ្ងៃទី​១ វិច្ឆិកា ២០១៩។

 

លោកបូជាចារ្យ យ៉ូសែប មួង រស់ យុវជនជាតិកម្ពុជា ដែលបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យកាតូលិក ក្នុងឆ្នាំ២០១៤ ក្នុងភូមិភាគបាត់ដំបង ហើយលោកអភិបាល​ព្រះសហគមន៍ភូមិភាគនេះបានចាត់លោក​ឲ្យទទួលខុសត្រូវព្រះសហគមន៍​ចំនួន២ គឺព្រះវិហាសន្តប៉ូល (ស្នឹង) ក្នុងខេត្តបាត់ដំបង និងព្រះវិហារ ព្រះបេះដូងព្រះយេស៊ូនៃក្រុងប៉ៃលិន។

 

តាមប្រសាសន៍របស់លោក គីគេ ហ្វីការេដូ​ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគបាត់ដំបង ឲ្យបញ្ជាក់ចំពោះមុខ​បងប្អូនគ្រីស្តបរិស័ទក្នុងពិធីអភិបូជាថា ក្នុងរយៈប៉ុន្មានឆ្នាំមកនេះ លោកបូជាចារ្យយ៉ូសែប មួង រស់ បានខិតខំអស់ពីសមត្ថភាព​​ក្នុងការណែនាំ ព្រមទាំងបម្រើ​ព្រះសហគមន៍នៅប៉ៃលិន និងស្នឹង សម្រាប់ភូមិភាគបាត់ដំបង ក៏ដូចជាការបម្រើ​ព្រះសហគមន៍អន្តរភូមិភាគផងដែរ គឺកម្មវិធីយុវជន ព្រះសហគមន៍កាតូលិក។ លោកអភិបាលបន្ត​ថា លោកឪពុករស់ មានគំរូល្អ និងមានចិត្តសុភាពរាបសា។

​លោកអភិបាលបានអរគុណលោកឪពុករស់ ចំពោះកិច្ចការ​បម្រើកន្លង​មក ព្រមបានប្រកាសចាត់​​លោក​ឲ្យ​ទៅ​​រៀន​បន្ត​នៅប្រទេសហ្វីលីពីន​។ ជាមួយ​គ្នា​នេះ​ដែរ លោកអភិបាល​បាន​ប្រកាសថា​ លោកបូជាចារ្យ កាឡូស ដែលមកពីប្រទេសកូឡំប៊ី នៃក្រុមសាសនទូតយ៉ារ៉ូម៉ាល់​ នឹង​​ទទួលខុសត្រូវបន្ត​លើ​ព្រះវិហារនៅប៉ៃលិន និងស្នឹង ហើយ​​បានអនុញ្ញាត​ឲ្យលោកបូជាចារ្យកូឡូស ស្នាក់នៅក្នុង​ព្រះវិហា​រ​ប៉ៃលិនផង​ដែរ។

 

លោកអភិបាលក៏បានផ្តាំផ្ញើដល់គ្រីស្តបរិស័ទ បងប្រុស បងស្រី ឲ្យយកចិត្តទុកដាក់​ថែរក្សារូប​នេះ​ផងដែរ។ លោកបន្តថា "នេះជាលើកទីមួយដែល​មានបូជាចារ្យមកស្នាក់ផ្ទាល់នៅព្រះវិហារប៉ៃលិននេះ។ សូមជួយថែរក្សាលោក ដើម្បីឲ្យគាត់ នៅបម្រើបងប្អូន​បានយូរអង្វែង"។

 

ព្រះសហគមន៍កាតូលិកនៅខេត្តប៉ៃលិនបានចាប់ផ្តើមពីដំបូង​ជាមួយប្រាំបីគ្រួសារដែល​បានធ្វើចំណាកស្រុកមកពីខេត្តបាត់ដំបង ក្រោយ​ពេល​ សមាហរណកម្មឈប់បាញ់ រវាងខ្មែរក្រហម និងកងកម្លាំងរាជរដ្ឋាភិបាល ក្នុងឆ្នាំ ១៩៩៦ ។ សូមបញ្ជាក់ថា ខេត្តប៉ៃលិនជាមូលដ្ឋានដ៏រឹងមាំ របស់ខ្មែរក្រហម និង​ជាស្រុកមួយក្នុង​ខេត្តដំបងក្នុង​សម័យ​សង្គ្រាម។ ដំបូងឡើយព្រះសហគមន៍​បានជួលផ្ទះដើម្បីជួបជុំគ្នា ហើយ​បន្តិចម្តងៗក៏បានរៀប​ចំឲ្យមានដីធ្លី និងកសាងព្រះវិហារមួយឡើង ព្រមទាំងអាគារនានា សម្រាប់សកម្មភាពព្រះសហគមន៍​កាតូលិករហូត​ដល់សព្វថ្ងៃ៕

 

ដោយ​លី សុវណ្ណា

Add new comment

3 + 0 =

Please wait while the page is loading