បែកធ្លាយរឿងអាស្រូវពុករលួយបក្ខពួកគ្រួសារនិយមប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង

ភ្នំពេញៈ មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រៃវែង បានកើតទុក្ខមិនសុខចិត្តទម្លាយរឿងអាស្រូវពុករលួយបក្ខពួកគ្រួសារនិយម របស់លោកសេង បញ្ញាឫទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង។

យោងតាមលិខិតអនាមិកចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ដែលRVAKhmer ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា មានខ្លឹមសារទាំងស្រុងដូចតទៅ : ​ពួកយើងទាំងអស់គ្នាជាមន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្តព្រៃវែងមានការកើតទុក្ខមិនសុខចិត្តចំពោះ លោកបណ្ឌិត សេង បញ្ញាឬទ្ធិ ជាប្រធានមន្ទីរ
សុខាភិបាលខេត្តព្រៃវែង ចំពោះទង្វើ និងអកប្បកិរិយាខុសឆ្គងមួយចំនួន របស់គាត់ដូចខាងក្រោម៖
I-ប្រព្រឹត្តអំពើពុករលួយដោយបង្កកទឹកប្រាក់ជាច្រើនលានរៀលមិនផ្ដល់អោយទៅតាម មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យស្រុក និង មណ្ឌលសុខភាព។ ផ្តល់អោយតិចតួចមិនគ្រប់តាមទំហំទឹកប្រាក់ដែលរដ្ឋផ្តល់អោយគ្រប់ស្ថាប័នសុខាភិបាលទេ ធ្វើអោយសឹងគ្រប់មន្ទីរពេទ្យខ្វះខាតថវិការសំរាប់ដំណើរការជា!ហេតុធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់គុណភាពនៃសេវា សុខាភិបាលក្នុងការ ថែរក្សាសុខភាពប្រជាជន។

II-ជួយសំរួលនិងបង្កលក្ខណៈដល់មន្ត្រីសុខាភិបាលមួយចំនួនជា វេជ្ជបណ្ឌិតគ្រូពេទ្យ ឱសថការី ចំនួនប្រហែល ១០០នាក់ មិនមកធ្វើការតាមស្ថាប័នសុខាភិបាលទេ តែជាថ្នូរ នឹងកាតបើកប្រាក់ខែ (កាតATM)។ បញ្ហានេះធ្វើអោយបាត់ធនធានមនុស្សយ៉ាងច្រើន ដែលរាជរដ្ឋាភិបាលខិតខំជ្រើសរើសមន្ត្រីរាជការអោយមកបំរើសុខភាពប្រជាជន។ ម៉្យាងទៀត វាធ្វើអោយបាត់បង់ថវិកាជាតិជាច្រើនលានរៀលជារៀងរាល់ខែ។ បង្ខិតបង្ខំអោយមន្ត្រីរាជការ ដែលមកជាប្រចាំ ត្រូវបង្កើនសកម្មភាពការងារហួសកំរិតដើម្បីបំពេញបន្ថែមលើអ្នក ដែលមិនមកធ្វើការ នេះជាអំពើអយុត្តិធម៌ណាស់។

III-មន្ទីរសុខាភិបាលខេត្តព្រៃវែងសព្វថ្ងៃជាមន្ទីររបស់គ្រួសារលោកបណ្ឌិត សេង បញ្ញាឬទ្ធិ ទៅហើយ ដោយ៖
-ប្រពន្ធគាត់ជាប្រធានសុខាភិបាលក្រុងព្រៃវែង
-បងថ្លៃគាត់ជាអនុប្រធានមន្ទីរសុខាភិបាល
-ប្អូនជីដូនមួយជាប្រធានគណនេយ្យមន្ទីរសុខាភិបាលខេត្ត ម្នាក់ទៀតជាប្រធាន គណនេយ្យ មន្ទីរពេទ្យខេត្ត។
-បងគាត់ម្នាក់ទៀតជាប្រធានសុខាភិបាលស្រុកពាមជរ។
-ប្រធានសុខាភិបាលគ្រប់ស្រុក សុទ្ធសឹងជាមិត្តភ័ក្ររបស់គាត់។

IV-បញ្ជូននិស្សិតខ្មែរជាច្រើននាក់ ប្រហែល២០០) ទៅរៀននៅខេត្តដុងថាប់​ នៃប្រទេសវៀតណាមដោយរៀនយ៉ាងខ្លីបំផុត(សៅរ៍-អាទិត្យ)​ រយៈពេល៦-៧សប្តាហ៍​និងបានសញ្ញាប័ត្រគ្រូពេទ្យមធ្យម។ ពួកយើងទាំងអស់គ្នាដែលធ្វេីជាពេទ្យតាំងពីឆ្នាំ១៩៧៩មក មិនដែលលឺថាមានវគ្គរៀនជាគ្រូពេទ្យខ្លី ដូចនេះទេ។

លោកប្រធានមន្ទីរប្រកាសថា នឹងអនុញ្ញាតិអោយបើកសេវាពិនិត្យព្យាបាលជំងឺក្នុងខេត្តព្រៃវែង បើទោះបីជាថ្នាក់ជាតិ ឬ ក្រសួង មិនទទួលស្គាល់សញ្ញាប័ត្រនេះក៏ដោយចុះ។ តាំងពីជាងមួយឆ្នាំមកហើយពួកនិស្សិតទាំងនោះ ដែលបានរៀនចប់ជាបណ្តើរៗបានមកបើកសេវាព្យាបាលជំងឺគ្រប់ទិសទី ក្នុងខេត្តព្រៃវែង ធ្វើអោយ ប៉ះបាល់ ដល់សុខភាពប្រជាជនយ៉ាងខ្លាំង។

V-អាកប្បកិរិយា ផ្ដាច់ការ ឆេវឆាវ ក្រអឺតក្រទម ប្រមាថមើលងាយមន្ត្រីក្រោមបង្គាប់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។​

ឧទាហរណីជាក់ស្តែងដូចការរ៉ាយរ៉ាប់របស់លោកវេជ្ជបណ្ឌិត ហួរ​ ដា ជា​ប្រធានសុខាភិបាលស្រុកស្វាយអន្ទរ ដដែលគាត់ដាច់ចិត្តផ្សាយផ្ទាល់តាហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជាភស្តុតាងស្រាប់។​ 

ជាសរុបពួកយើងទាំងអស់គ្នាចង់បញ្ជាក់ថាមិនមានគំនុំបុគ្គល ឬនិយាយបំផ្លើសពីទង្វើររបស់លោកប្រធានមន្ទីរសុខាភិបាលទេ។​ ការរ៉ាយរ៉ាប់ទាំងអំបាលម៉ានសុទ្ធជាការពិតទាំងអស់។

បើតាមប្រភពពីមន្ត្រីរាជការនៅមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ពួកគាត់សំណូមពរឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ចុះធ្វើអធិការកិច្ចនិងចាត់ វិធានការទៅលើប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង។

ចំណែកលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។

ទាក់ទងការចោទប្រកាន់ខាងលើនេះ លោកសេង បញ្ញាឫទ្ធិប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចសុំការអត្ថាធិប្បាយបានទេ៕

Add new comment

1 + 4 =

Please wait while the page is loading