នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញពលរដ្ឋទទួលទាននំបញ្ចុក នៅចុងសប្តាហ៍នេះ

សម្តេច​ហ៊ុន សែន ទទួល​ទាន​នំបញ្ចុក​នៅ​តាម​ទី​ប្រជុំ​ជន។ PM FB-Page

នាព្រឹក​មិញនេះ ក្នុងពិធី​ចែក​សញ្ញា​ប័ត្រ​ជូន​និស្សិត​នៃ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា សម្តេច ហ៊ុនសែន បាន​រំពឹង​ទុក​ថា​នឹង​មាន​មនុស្ស​ចន្លោះ​ពី ៧ ទៅ ៨ លាន​នាក់​ដែល​នឹង​ចូល​រួម​បរិភោគ​នំ​បញ្ចុក​នៅ​ចុង​សប្តាហ៍​នេះ  បន្ទាប់​ពី​សារ​របស់​លោក​បាន​ចេញ​ផ្សាយ​កន្លង​ទៅ ឲ្យ​ពលរដ្ឋ​មក​ទទួល​ទាន នំ​បញ្ចុកសាមគ្គី​និង​ឯកភាព​ជាតិ។

 

សម្តេច​មាន​ចេតនា​ក្នុង​ការជំរុញ​ចលនា​នេះ​ដើម្បី​ទទួល​បាន​នូវ​កំណត់​ត្រា​ពិភពលោក​ថ្មី។ សម្តេច​តេជោ​ ហ៊ុន សែន បាន​បញ្ជាក់​ថា សង្ឃឹម​ថា​ឆ្លង​កាត់​នៃ​ចលនា​នំ​បញ្ចុក​សាមគ្គី​ភាព​ឯកភាព​ជាតិ​នេះ គឺ​នឹង​គ្មាន​ការលាបពណ៌​គ្នា​នោះ​ទេ ឬ​អាច​និយាយ​បាន​ថា​នឹង​ជំរុញ​ឲ្យ​មាន​ចលនា ដើម្បី​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ ហើយ​ប្រហែល​ជា​លើក​នេះបំបែក​ឯកត្តកម្ម​ពិភពលោក​តែ​ម្ដង។ ព្រោះ​តែ​នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ប្រមាណ ១០ លាន​នាក់ មាន​ប្រមាណ ៧ ទៅ ៨ លាន​នាក់​មក​ហូប​នំ​បញ្ចុក។

 

កាល​ពី ថ្ងៃទី ៣ ខែ​មិថុនា ឆ្នាំ ២០១៩ លោក​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវ​នាវ​ឱ្យ​សមាជិក​គណបក្ស​នេះ​ទាំង​អស់ មក​បរិភោគ​នំ​បញ្ចុក នៅ​ថ្ងៃ​ទី ៩ ខែ​មិថុនា ឆ្នាំ ២០១៩។ សម្តេច​តេជោ​ហ៊ុន សែន​បាន​ហៅ​ព្រឹត្តិការណ៍​នេះ ជា​ការឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​មួយ​ដែល​បាន​កំណត់​ថ្ងៃ​នេះ​ឱ្យ​បរិភោគ​នំ​បញ្ចុក សម្រាប់ការលើក​ទឹក​ចិត្ត​ខាង​នយោបាយ​របស់​ពួក​គេ។

 

ទាក់​ទង​នឹង​ប្រតិកម្ម​នយោបាយ​មួយ​ចំនួន​ចំពោះ​ចលនា​នេះ​សម្តេច​តេជោ​ហ៊ុន សែន​បាន​និយាយ​ថា​កុំ​ច្រឡំ ហើយ​គ្មាន​នរណា​ម្នាក់​នៅ​ពី​ក្រោយ​ឆាក​នៃ​ចលនា​នេះ​ទេ។ សម្តេច​តេជោ ហ៊ុន សែន​បាន​គូស​បញ្ជាក់​ថា៖ «អ្នកខ្លះគិតថាវាជា​​ជំហានដល់ការចរចានយោបាយស្អីៗ។ សូមកុំភ័ន្តច្រឡំខ្ញុំនិយាយរឿងនំបញ្ចុកសុទ្ធសាតនិងសាមគ្គីភាព ឯកភាពជាតិតាមរយៈនៃការទទួលទាននំបញ្ចុកថ្ងៃ ៩ មិថុនានេះតែម្ដង»

 

គួរ​រំលឹក​ថា ក្រោយ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល និង គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បច្ចុប្បន្ន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ក៏​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​និង​អ្នក​គាំទ្រ​ខ្លួន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍ ហូប​នំ​បញ្ចុក​នេះ​ទាំង​អស់​គ្នា​ដែរ៕

Add new comment

10 + 5 =

Please wait while the page is loading