ថៃបញ្ចេញសាច់ប្រាក់៤,៧៦​ពាន់លាន​ដុល្លារ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​

រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​នេះ​គឺ​លោក អ៊ុត​តា​ម៉ា សាវ៉ា​ណា​យ៉ាណា បាន​និយាយ​ថា​គណៈរដ្ឋមន្ត្រី​បានអនុម័ត​កញ្ចប់​សំណើ​ថវិកា​របស់​ក្រសួង​ហិរញ្ញវត្ថុ ដែល​រួមមាន​វិធានការ​បី ​ក្រោយ​ពី​វា​ត្រូវ​គេ​ព្យាករណ៍​ថា​​សេដ្ឋកិច្ច​សកល​ទំនងជា​នៅ​តែ​ស្ថិតក្នុង​ស្ថានភាព​ប្រែប្រួល និង​បន្ថែម​សម្ពាធ​លើ​ថៃ​។​

 

​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​ទី​២៦ខែ​វិច្ឆិកា លោក​អ៊ុត​តា​ម៉ា​បាន​និយាយថា​«​គោលបំណង​នៃ​ការដាក់ចេញ​វិធានការ​នេះ​ គឺដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​នៅ​​សេសសល់​នៃ​ឆ្នាំ និង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​ក្រោយ​»​។​

 

​វិធានការ​ជំរុញ​សេដ្ឋកិច្ច​ទី​១ ដែល​បំបែក​ជា​គំរោង​តូចៗ​៣ មានបំណង​ពង្រឹង​សេដ្ឋកិច្ច​មហាជន​ និង​ បង្កើន​គុណភាព​ហេដ្ឋារចនាសម្ពន្ធ​តាម​ភូមិ​ដែល​មាន​តំលៃ​១៤,៣​ពាន់​លាន​បាត​។ ​សរុប ភូមិ​ចំនួន​៧១.៧៤២​នឹង​ទទួលបាន​ប្រាក់​២​សែន​បាត​ក្នុង​មួយ​ភូមិៗ​នៅក្រោម​គំរោង​នេះ​។​ ប្រាក់​នេះ​មានបំណង​លើកទឹកចិត្ត​ការវិនិយោគ​ហេ​ដ្ឋា​រចនា​​សម្ពន្ធ​និង​បង្កើត​ការងារ​នៅក្នុង​សហគមន៍​តូចៗ។​

 

​គំរោង​មួយទៀត គឺ​ការផ្តល់​ប្រាក់កំចី​ពី​ធនាគារ​កសិកម្ម​និង​សហករណ៍​ប្រមាណ​៥សែន​លាន​បាត ជាមួយនឹង​អត្រា​ការប្រាក់​ប្រចាំឆ្នាំ​០,០១​ភាគរយ​សម្រាប់​ពេល​៣​ឆ្នាំ​។ ​វា​នឹង​ផ្តល់​​សំរាប់​សមាជិក​មូលនិធិ​ភូមិ​និង​សហគមន៍​ជាតិ សហករណ៍​កសិកម្ម​និង​កសិករ​។​

 

​វិធានការ​ទី​២ ពាក់ព័ន្ធ​នឹង​ការ​រៃ​ប្រាក់​២៦,៧​ពាន់​លាន​បាត​សំរាប់​ឧបត្ថម្ភ​ប៉ះប៉ូវ​ថ្លៃ​ផលិតផល​របស់​កសិក​រ​និង​ធ្វើអោយ​ការបង្កបង្កើន​ផល​ឆ្នាំ​២០១៩/២០២០​ល្អប្រសើរ​ឡើង​។ ​គ្រួ​​សារ​កសិករ​មួយៗ​នឹង​ទទួលបាន​ការឧបត្ថម្ភ​៥០០​បាត​ក្នុង​ផ្ទៃ​ដី​មួយ​រ៉ៃ។​ គ្រួសារ​កសិករ​ចំនួន​៤,៣១​លាន ដែល​ទទួលខុសត្រូវ​លើ​ផ្ទៃដី​៣,៤​លាន​រ៉ៃ ត្រូវ​រំពឹងថា​នឹង​ទទួលបាន​ប្រាក់​​ឧបត្ថម្ភ​។​​

 

​រដ្ឋាភិបាល​ក៏​បាន​អនុម័ត​ថវិកា​បន្ថែម​២,៦​ពាន់​លាន​បាត​ដើម្បី​គាំទ្រ​ថ្លៃ​ផលិត​ស្រូវ​សំ​រាប់​ឆ្នាំ​២០១៩/២០២០ ដោយសារ​តែ​កសិករ​កា​ន់​តែ​ច្រើន​បាន​ចុះឈ្មោះ​សំរាប់​គំរោង​នេះ​៕

Add new comment

14 + 5 =

Please wait while the page is loading