ជំងឺគ្រុន​ឈាម​រយៈ​ពេល​៦ខែ ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន១៣​៨៤៣​ករណី ២៤នាក់ស្លាប់

ក្នុងរយៈ​ពេល៦ខែ ចាប់ពីខែមករា ដល់ខែ មិថុនា គិតត្រឹមសប្តាហ៍ទី២១ ក្នុងឆ្នាំ២០១៩នេះ មា​នចំនួន​សរុប១៣.៨៤៣ករណី បណ្តាល​​ឲ្យ​២៤នាក់ស្លាប់ (អត្រាស្លាប់០,២%) បាន​ន័យថា ប្រហែល​៥ដង កើន​ឡើង​ច្រើន​ជាង​ឆ្នាំ២០១៨ ដែល​មាន​តែ២.៥៣០​ករណី ៧​នាក់​ស្លាប់។

 

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ប្រាប់សារព័ត៌​មាន​ក្នុង​ស្រុកកាល​ពីម្សិល​មិញ​ថា បើប្រៀប​ធៀបទៅ​នឹង​ប្រទេស​ក្នុ​ង​តំបន់​អាស៊ី​ប៉ា​ស៊ីហ្វិក គឺអត្រា​ឈឺនា​បច្ចុប្បន្ន នៅ​មានកម្រិត​ទាបជាងប្រទេស​យ៉ាង​ច្រើន ឬ​ក៏ប្រហាក់​ប្រហែល​នឹងប្រទេស​សឹង្ហបុរី (អត្រា​ឈឺ​កម្ពុជា ០,៧៧ទល់​នឹងសិ​ង្ហបុរី ០,៦៥) និង​អត្រាស្លាប់​ស្ទើរតែទាប​ជាងគេ​ទាំង​អស់ សម្រាប់​ប្រទេស​ដែល​មាន​ករណី​ស្លាប់។ ស្ថាន​ភាពករណី​ជំងឺ​ឆ្នាំ២០១៩​នេះ កំពុង​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ២០១២ តែ​ឆ្នាំ២០១២ មាន​ស្លាប់​ច្រើន​ដល់ទៅ​៥០នាក់ (អត្រា​ស្លាប់០,៤%) ប៉ុន្តែ​សន្ទុះ​កំណើន​ប្រចាំខែ​យឺត ជាង​ឆ្នាំ​២០១២ (គឺឆ្នាំ២០១៩​កើន​៦៥៨ករណី​/ខែ តែឆ្នាំ២០១២​កើន​១៥៤៩ករណី/​ខែ)។ ខេត្ត​ដែល​មាន​ភូមិ​សាស្ត្រ​ជំងឺ​គ្រុន​ឈាមច្រើន​ជាងគេ គឺរាជធា​នីភ្នំពេញ ខេត្ត​កំពង់ធំ ខេត្ត​កណ្តាល ខេត្ត​សៀមរាប ខេត្ត​កំពង់​ចាម ខេត្ត​បាត់​ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​ព្រះសីហនុ។ និង​អ្នកជំងឺ​ស្លាប់ មក​ពីខេត្តត្បូង​ឃ្មុំ ខេត្ត​កំពង់ធំ ខេត្ត​កំពង់ស្ពឺ ខេត្ត​ព្រះវិ​ហារ ខេត្ត​ព្រៃវែង និង​ខេត្ត​ប៉ៃលិន។

 

លោកវេជ្ជ​បណ្ឌិត ហ៊ុយ រ៉េកុល បាន​បន្ថែម​ទៀតថា ស្ថានភាព​ជំងឺបាន​កើនឡើង​គ្រប់រាជ​ធានី ខេត្ត នៅឆ្នាំ​២០១៩នេះ បើប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៨ ប៉ុន្តែ​មិនមែន បាន​ន័យថា ជំងឺគ្រុនឈាម​មាន​ទូទាំង​ផ្ទៃ​ប្រទេស​នោះទេ គឺ​កើតមាន​រាយប៉ាយ​ដុំៗតាម ភូមិ នៃ​ភូមិសាស្ត្រ​ឃុំ សង្កាត់ ឬមួយ ពីរ ឃុំ សង្កាត់ នៃ​ភូមិសាស្ត្រ ស្រុក ខណ្ឌជាដើម។ សកម្មភាព​អន្តរាគមន៍​ត្រូវ​បាន​អនុវត្តន៍​ជា​បន្តបន្ទាប់​តាមយុទ្ធសាស្ត្រ​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនឈាម ចាប់តាំង​ពីដើម​ខែ​ឧសភា រហូត​មក​ដល់​បច្ចុប្បន្ន។ ជា​គោល​ការណ៍ ស្ថាន​ភាព​នៃជំងឺ នឹងអាច​ចាប់ផ្តើម​វាយ​តម្លៃ​ស្ថានភាព​ប្រែប្រួល​បានបន្ទាប់​ពី៣០ថ្ងៃ ក្រោយ​នៃប្រ​សិទ្ធ​ពល​កិច្ច​អន្តរាគមន៍​លើ​ទីតាំង​នោះ​ជា​បន្ត​បន្ទាប់។ តាម​ការ​វិភាគ​ឃើញ​ថា ចាប់​ពីសប្តាហ៍​ទី២០–២១ គឺល្បឿន​កំណើន​ជំងឺគ្រុន​ឈាម​បាន​ថយចុះ​នៅ៦ខេត្ត (ខេត្តកំពង់ធំ កែប កំពង់ស្ពឺ ព្រះវិហារ ព្រៃវែង និងក្រចេះ) ឬក៏នៅ​ថេរ​ចំនួន​៧ខេ​ត្ត (ខេត្តត្បូងឃ្មុំ ពោធិ៍សាត់ ឧត្តរមានជ័យ ភ្នំពេញ សៀមរាប តាកែវ និងមណ្ឌលគីរី)។ ចំពោះ​ខេត្ត​ដែល​មិន​ទាន់​ថយចុះ គឺ​អាច​ដោយ​សារ​ទីតាំង​នោះ ទើប​តែបាន​អន្តរាគមន៍ ឬ​ក៏មាន​ទីតាំង​ខ្លះត្រូវ​ពិនិត្យ​តាមដាន​បន្តថា​ជាទីតាំង​ថ្មី ឬយ៉ាងណា​។

 

ប្រធានមជ្ឈមណ្ឌលជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និងបាណ​កសាស្ត្រ រូបនោះ​បាន​បញ្ជាក់​ទៀតថា ករណី​ជំងឺ​ស្លាប់ទាំង​២៤នាក់ ក្នុង​ឆ្នាំ២០១៩នេះ គឺ​សុទ្ធតែ​ជាករណីដែល​បានមក​ស្លាប់​នៅមនី្ទរ​ពេទ្យថ្នាក់ជាតិ ឬ​ថ្នាក់ខេត្ត (បានន័យថា ជាមនី្ទរ​ពេទ្យ​មានសមត្ថភាព និងគុណ​ភាព​សេវា​ល្អខ្ពស់) ដោយ​សារ​តែ​ចូល​មក​ទទួល​សេវា​យឺតយ៉ាវ​ពេលវេលា និងស្ថាន​ភាពជំងឺ​បានវិវត្ត​ទៅ​ជាធ្ងន់​ធ្ងររួចខ្លាំង​ពេកដល់​ដំណាក់​កាលចុងក្រោយ រួមផ្សំ​ជាមួយ​ផលវិបាក​ដែល​ទទួល ឥទ្ធិពល​មកពីការ​ទទួលសេវា​ព្យាបាល​ក្នុងអំឡុង៤–៦ថ្ងៃដំបូង មិន​បានត្រឹមត្រូវ​ដោយសារ​តែគ្រួសារ​អ្នកជំងឺ​ព្យាយាម ព្យាបាល​ដោយ​ខ្លួន​ឯង លេបថ្នាំ​មិនត្រឹម​ត្រូវ​គ្មាន​វេជ្ជបញ្ជា ឬ ពន្យា​ពេលនៅ​ទទួល​សេវាព្យាបាល​សេវាឯកជនខ្លះ ដែលគ្មាន​សមត្ថភាព​វិជ្ជាជីវៈ​ត្រឹម​ត្រូវក្នុង​ការធ្វើរោគ​វិនិច្ឆ័យព្យាបាល និងថែទាំ​ជំងឺ​គ្រុន​ឈាម។ អ្នកជំងឺ​បានស្លាប់​នៅមនី្ទរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ ១២នាក់ មនី្ទរពេទ្យ​ជ័យ​វរ្ម័ន ២នាក់ មនី្ទរ​ពេទ្យកុមារ​ជាតិ ២នាក់ និងមនី្ទរ​ពេទ្យ​ខេត្ត ៨នាក់។ ចូរចង​ចាំ​ថា ជំងឺគ្រុនឈាម គ្មាន​ថ្នាំ​ពិសេស​ណា សម្រាប់​សម្លាប់​វីរុស​គ្រុនឈាម បាន​នៅ​ឡើយ​នោះទេ ហើយនឹង​ប្រឈម​បាត់បង់​អាយុជីវិត​គ្រប់ពេល ប្រសិន​បើគ្មាន​ការពិនិត្យ​ព្យាបាល និងថែ​ទាំ​ត្រឹមត្រូវ ឬក៏មិន​មកទទួល​សេវាត្រឹម​ត្រូវរបស់រដ្ឋ (មណ្ឌលសុខភាព និងមនី្ទរ​ពេទ្យដែល​នៅជិត​បំផុត) បាន​ទាន់ពេល​ក្នុងអំឡុង​៤៨ម៉ោង បន្ទាប់​ពីមាន​ក្តៅខ្លួន​នោះទេ៕

Add new comment

1 + 0 =

Please wait while the page is loading