គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់ញតិ្តទៅរដ្ឋសភាករណីលុបបឹងតាមោក

​លោក យ៉េង វីរៈ ជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពេល​ធ្វើ​បទសំភាស​ដល់​អ្នក​កាសែត។

លោក យ៉េង វីរៈ ជា​ប្រធាន​គណបក្ស​រួម​និង​សហការី បាន​យក​ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី​១១ ខែ​មិថុនា ឆ្នាំ ២០១៩​នេះ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា លើ​ករណី​លុប​បឹង​តាមោក ដែល​ជា​បឹង​ធំ​ជាង​គេ​ចុង​ក្រោយ​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​គម្រោង​អភិវឌ្ឍ​ផ្សារ​បន្លែ​និង​គម្រោង​អភិវឌ្ឍ​ផ្សេងៗ។

 

ក្រោយ​ពី​បាន​ដាក់​ញត្តិ​នៅ​ខុទ្ធការល័យ​ប្រធាន​រដ្ឋសភា​រួច​មក លោក យ៉េង វីរៈ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា បឹង​តាមោក​ជា​បឹង​ធំ​ចុង​ក្រោយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ការលុប​បឹង​កន្លង​មក​មាន​បឹង​កក់​ជាដើម កន្លង​មក​ធ្លាប់​មាន​ការអះ​អាង​ថា លុប​តែ​មួយ​ភាគ​ដប់​នៃ​បឹង តែ​ក្រោយ​មក​គឺ​ត្រូវ​បាន​លុប​អស់ ឃើញ​តែ​សំណង់​អីចឹង​ទៅ។ ដូច្នេះ​គណបក្ស​ប្រជាធិតេយ្យ​មូលដ្ឋាន​មាន​ការខ្វល់​ខ្វាយ អំពី​ការលុប​បឹង​នេះ។

 

លោក​បន្ត​ថា នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​គឺ ថែ​រក្សា​បឹង​ធម្មជាតិ ហេតុ​នេះ​បាន​ជា​យើង​សរសេរ​លិខិត​នេះ​ដាក់​ជូន​សម្តេច​ប្រធាន​រដ្ឋសភា​ដើម្បី​សុំ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល​ឲ្យ​ធ្វើ​ការបំភ្លឺ តើ​មាន​ផែនការ​ច្បាស់​លាស់​យ៉ាង​ណា ក្នុង​ការអភិវឌ្ឍ​នេះ? សុំ​ឲ្យ​ខាង​រាជរដ្ឋាភិបាល​ជា​អ្នក​បំភ្លឺ​ថា​តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ។

 

លោក​បញ្ជាក់​ថា ពាក្យ​ថា​លុប​បឹង លុប​បាត់​ដូច​បឹង​កក់ ​គឺ​ថា​មាន​បឹង​ហើយ​បាត់​បឹង គឺ​ខុស​គ្នា​មែន​ទែន។ គណបក្ស​ចង់​ឲ្យ​រាជរដ្ឋា​ភិបាល​បង្ហាញ​ប្លង់​មេ នៃ​គម្រោង​អភិវឌ្ឍ​នេះ។ តើ​អភិវឌ្ឍ​ទំហំ​ប៉ុន​ណា? នៅ​សល់​បឹង ឬ​បាត់​បឹង​ដូច​បឹងកក់។ សម្រាប់​យើង​គឺ​ថា កែ​លំអ​តិច​តួច​បំផុត និង​យើង​មាន​គោលការ​រក្សា​បឹង​ធម្មជាតិ ធ្វើ​ផ្លូវ​សម្រាប់​ជិះ​កង់ សម្រាប់​ដើរ​កម្សាន្ត​អី គឺ​គ្រប់​គ្រាន់​ហើយ មិន​ចាំ​បាច់​ធ្វើ​អី​លើស​ពី​នេះ​ទេ។

 

សូម​បញ្ជាក់​បឹង​តាមោក​ស្ថិត​ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជា​គោលការណ៍​យក​ដី​ចំនួន​២០​ហិតា នៅ​បឹង​តាមោក ដើម្បី​សាង​សង់​ជា​ផ្សារ​ផ្គត់​ផ្គង់​បន្លែ ផ្លែ​ឈើ និង​ជា​ចំណត​រថយន្ត និង​អនុញ្ញាត​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើមគរ ទៅ​ផ្សារ​ថ្មី​នៅ​បឹង​តាមោក​វិញ ព្រម​ទាំង​មាន គម្រោង​សាង​សង់​អាង​ទឹក​ដ៏​ធំ​ប្រចាំ​តំបន់។ ក្រៅ​ពី​នេះ​ក៏​មាន​គម្រោង​ក្រុមហ៊ុន​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ឆ្ពោះ​ទៅ​កាន់​តំបន់​នេះ​ផងដែរ ដើម្បី​ជា​ការឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ទីផ្សារ​ដែល​កំពុង​មាន​ភាពរំជើប​រំជួល​យ៉ាង​ខ្លាំង​នៅ​តំបន់​នេះ៕

Add new comment

1 + 10 =

Please wait while the page is loading