កម្ពុជាមិនមានផែនការបិទប្រទេសនៅឡើយទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ថា កម្ពុជានៅមិនទាន់មានផែនការបិទប្រទេសនៅឡើយទេ ប៉ុន្តែក៏មិនច្រានចោលលទ្ធភាពនេះដែរ ប្រសិនបើស្ថានការណ៍ឈានដល់ស្ថានភាពដែលមិនអាចគ្រប់គ្រងបាន។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យសម្តេចតេជោស្ម័គ្រចិត្តប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលគ្មានផែនការបិទទីផ្សារ យានដ្ឋាន ហាងកាហ្វេនិងរោងចក្រនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនៅតែរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ក៏ប៉ុន្តែហាមមិនឲ្យមានការជួបជុំ។

ទាក់ទិននឹងស្ថានភាពនៃការគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ១៩ សម្តេចតជោ ហ៊ុន សែន មិនបានច្រានចោលនូវលទ្ធភាពដាក់ប្រទេសនៅក្នុងគ្រាអាសន្ននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងពិនិត្យទៅមើលមាត្រា ២២ នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រដាក់ប្រទេសនៅក្នុងគ្រាអាសន្ត ប្រសិនបើការវិវន្តន៍នៃការរីករាលដាល ឈានទៅដល់ដំណាក់កាលរបស់វា។

នៅក្នុងពេលជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលបានប្រកាសថាកម្ពុជានឹងព្យាបាលអ្នកឆ្លងកូវីដ ១៩ដោយមិនគិតថ្លៃទោះបីជាជនបរទេសក៏ដោយ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាក្រ ប៉ុន្តែចិត្តធំ អ្នកណាកើតជំងឺនៅលើដីយើងៗចេញលុយព្យាបាល យើងមិនទារលុយពីអ្នកជំងឺនោះទេ។ នយោបាយយើងគឺខុសប្រទេសដទៃទៀត ដែលគេបានយកលុយពីអ្នកជំងឺបរទេស។

ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មកដល់ពេលនេះកម្ពុជាបានត្រៀមបន្ទប់សម្រាប់ផ្តល់ការព្យាយាលអ្នកជំងឺដែលឆ្លងកូវីដនៅតាមខេត្តក្រុងនានា សរុបចំនួនជាង ៣០០០ បន្ទប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទប់ទាំងនោះ គឺត្រូវបានរៀបចំប្រែក្លាយពីសណ្ឋគារ ផ្ទះសំណាក់ សាលារៀន និងអាគារសាធារណៈមួយចំនួន ដោយឡែកនៅរាជធានីភ្នំពេញមាន ចំនួនទាំងអស់ ៤ ទីតាំងពី ពេទ្យរុស្ស៊ី មណ្ឌលសុខភាពចាក់អង្រែ មន្ទីពេទ្យយោធាព្រះកេតុមាលា និង អតីតសណ្ឋាគាហ្រ្គេដឌុក៕

Add new comment

4 + 8 =

Please wait while the page is loading