ប្ទាស្ទីក មាននៅគ្រប់ទីកន្លែង!

កម្ទេច សម្រាមនៅក្នុងទឹកសមុទ្រ

សកលវិទ្យាល័យ តាករ៉ាហ្គូន នៃប្រទេសអេស្ប៉ាញ ទើបតែអង្កេតឃើញមីក្រូប្លាស្ទីកនៅក្នុង​ខ្សាច់នៃឆ្នេរតំបន់ កាតាឡូញ។ ប៉ុន្មានសប្តាហ៍មុន ក៏គេរកឃើញនៅក្នុងតំបន់ពីរ៉ានេប្រទេស​បារាំង ដែលបង្ហាញនូវភស្តុតាងអំពីការបំពុលសាយភាយដោយមើលមិនឃើញ។

 

វាអាចមានប្រភពពីម៉ាស៊ីនសំអាត ឬបោកគក់។ អ្នកសិក្សាស្រាវជ្រាវនៃសកលវិទ្យាល័យ រ៉ូវីរ៉ា អ៊ី វៀហ្ស៊ីលី នៃតំបន់តាករ៉ាហ្គូន ប្រទេសអេស្ប៉ាញ បានរកឃើញប្លាស្ទីកនៅក្នុងទឹកសមុទ្រ ខ្សាច់ និងកំណកកករនៅឆ្នេរ​នៃ​តំបន់កាតាឡូញ ហើយពួកគេបានរកឃើញប្លាស្ទីកតូចៗ នៅ​ក្នុង​កន្លែងផ្សេងៗ ដែល ស្រដៀង គ្នា នឹង អ្វីដែល គេរក ឃើញនៅ​តាមផ្លូវនានានៅតំបន់​បាសេឡូនផងដែរ។ នេះ​ក៏​ជា​លទ្ធផលនៃការសិក្សាដែលត្រូវ បានបង្ហាញឡើងនៅក្នុងសមាជ នៃអង្គការសង្គមគីមី និងជាតិ​ពុលបរិស្ថាន ដែលប្រារព្ធធ្វើឡើងនៅទីក្រុង ហេលស៊ីនស្គី ប្រទេ សហ្វាំងឡង់ កាលពីចុងខែឧសភា។

 

អ្វីដែលដែលអ្នកវិទ្យាសាស្រ្តនៃមន្ទីរពិសោធន៍​តិចណា តូសា អាចលាតត្រដាងដោយការ​រក​ឃើញ​នៅតំបន់សំរាម ដែលអាចចាត់ទុកជាទ្វីប​ទី៧ គឺ​សំរាមធំបំផុត និងមើលឃើញច្បាស់ ដែលត្រូវបានបង្កើតឡើងនៅកណ្តាលមហាសមុទ្រ។ ចំណែកអ្វីដែលគេនិយាយនៅទីនេះ វា​ក៏​ជាមីក្រូប្លាស្ទីក ដែលមានទំហំស្ថិតនៅក្រោម ៥មីលីម៉ែត្រ និងណាណូ ប្លាស្ទីក​ដែល​មាន​ទំហំ​តូចជាង ៧០០ មីក្រុង។ ការបំពុលដែលមើលមិនឃើញ​នេះ មានប្រភពមួយ គឺ ម៉ាស៊ីន​បោក​គក់ និងម៉ាស៊ីនសំអាត។ ព្រោះថា ៥៧% នៃសំណាកដែលប្រមូលបាន មានប្រភព​មក​ពី​សម្លៀក​បំពាក់ធ្វើ​សំយោគ​ និងកើតមានឡើងនៅក្នុងអំឡុងពេលបោកគក់។ សរសៃត្រូវបាន​ផ្តាច់​ចេញទៅតាមទឹកកខ្វក់​ដែលមិនត្រូវចាប់បានដោយស្ថានីយ៍បន្សុទ្ធ និងដូច្នេះ ត្រូវបានហូរ​ចូល​ទៅក្នុងទន្លេមុន​ពេលហូរទៅសមុទ្រ ហើយទើរលើឆ្នេរ។ ផ្លាស្ទីកទាំងនេះ គឺ ៤២% ផ្សំ​ឡើង​ដោយជ័រ ប៉ូលី​ប្រូពីឡែ ៣៧% ជ័រ ប៉ូលីស្ទីរ៉ែន និង១៦% ប៉ូលីអេទីឡែន។

 

ប្លាស្ទីកដែលមើលដោយភ្នែកទទេមិនឃើញ មាននៅគ្រប់ទីកន្លែងនៅក្នុងបរិស្ថាន។ ការ​បំពុល​ដែលអាចនៅគ្រប់ទីកន្លែង ម្តងបន្តិចៗ កាន់តែប្រសើរឡើង ត្រូវបានកំណត់​លក្ខណៈ​វិនិច្ឆ័យ និងបានក្លាយជាវិស័យនៃការសិក្សាស្រាវជ្រាវមួយផ្នែក ឬទាំងអស់។ លោកចននី ហ្គាស្ពឺរី អ្នកសិក្សាស្រាវជ្រាវនៅមន្ទីរពិសោធន៍ទឹក បរិស្ថាន និង​ប្រព័ន្ធចម្រោះទឹកទីក្រុង នៃ​សកល​វិទ្យាល័យប៉ារីសខាងកើត ប្រទេសបារាំង បង្ហាញថា ៖ “នៅឆ្នាំ២០១៥ យើងបាន​កំណត់​ជាលើកដំបូងនៃវត្តមានសរសៃជ័រតូចៗ ដែលរសាត់នៅក្នុងខ្យល់ នៅបរិយាកាស​ជុំវិញ​ផ្ទះ ដែលយើងបានវាស់វែងរកឃើញមាន រហូតដល់ ៦០សរសៃជ័រក្នុងខ្យល់ ១ម៉ែត្រ គូប”។ 

 

ទឹកដែលចេញពីម៉ាស៊ីនបោកគក់ បានបង្ហាញឲ្យឃើញ​នូវភាគល្អិតតូចៗរបស់ប្លាស្ទីក”។ ដូច្នេះ​​មីក្រូប្លាស្ទីកទាំងនេះ សាយភាយនៅក្នុងបរិយាកាស និងនៅក្នុងមជ្ឈដ្ឋានទឹក។ ហើយ​វាហាក់ដូចជាសាយភាយទៅកាន់គ្រប់ទីកន្លែង។ ព្រោះថាការសិក្សារបស់​អេស្ប៉ាញ បញ្ជាក់​អំពី​លទ្ធផលដូច្នេះ ហើយ​វាត្រូវ​ប្រមូលបាន ដោយ​សាលា​​ជាតិជាន់ខ្ពស់នៃវិទ្យាសាស្រ្ត​កសិកម្ម​នៃ​ទីក្រុងទូលូ ដែលទស្សនាវដ្តីវិទ្យាសាស្រ្តភូមិសាស្រ្តធម្មជាតិ បានផ្សព្វផ្សាយកាល​ពីថ្ងៃទី​១៥ ខែមេសា កន្លងទៅ។ អ្នកសិក្សា​ស្រាវ​ជ្រាវទាំង​នេះបាន​ទៅដក​យក​ព្រិល​ដែលធ្លាក់​​នៅ​ជិត​​​ស្ថានី​យ៍​ឧតុនិយម​​សាស្រ្ត នៃភ្នំប៊ែរណាឌូ ដែលស្ថិតនៅកម្ពស់ ១៤២៥ម៉ែត្រ នៅក្នុង​កន្លែង​មួយ​នៃប្រជុំភ្នំពីរ៉ានេ ស្ថិតនៅ ៦គីឡូម៉ែត្រពីភូមិដែលនៅជិតបំផុត និង ១២០គីឡូម៉ែត្រ ពី​ទីក្រុងទូលូ។

 

ការដកយកមកត្រួតពិនិត្យគឺមានរយៈពេល ៥ខែ ដើម្បីគ្របដណ្តប់លើស្ថានភាពប្រែប្រួលនៃ​ឧតុនិយម។ ជាមធ្យម ជារៀងរាល់ថ្ងៃ ក្រុមអ្នកសិក្សាស្រាវជ្រាវបានប្រមូលយកច្រើនជាង ៣៥០បំណែក និងកំទេចជ័រប្លាស្ទីកក្នុងខ្យល់មួយម៉ែត្រគូប។ ការវិភាគនៃផ្លូវធ្វើចរាចរណ៍នៃ​ទំហំខ្យល់ បានបង្ហាញថា ការបំពុលនេះ បាន​ធ្វើ​ដំណើរ​យ៉ាង​ហោច​ណាស់ ៩៥ គីឡូម៉ែត្រ នៅក្នុងខ្យល់ ពីកន្លែងប្រភព។

 

មនុស្សបានស្រូបយកបរិមាណប្លាស្ទីកទាំងនេះដោយនេះជារឿងមិនគួរធ្វេសប្រហែល។ នៅ​ក្នុងប៉ុន្មានថ្ងៃខាងមុខ ក្រុមការងារ​មួយនឹងត្រូវបញ្ជូនទៅកាន់បឹងពីរ​នៅលើប្រជុំភ្នំអាល់​ដើម្បី​សិក្សា​​ស៊ីជម្រៅនៃសេចក្តី​សន្និដ្ឋាន​ទាំងនេះ។ អ្នកសិក្សាស្រាវជ្រាវលើកនេះនឹងដកយកមកត្រួតពិនិត្យពីសំណាកនៅក្នុងខ្យល់ ទឹក និង​កំណក​កករនៃមាឌទឹកដែលស្ថិតនៅកម្ពស់លើសពី ២០០០ម៉ែត្រនៃកម្ពស់ទឹក​សមុទ្រ។ លោក​ចននី ហ្គាស្ពឺរី អធិប្បាយជាមុនមុននឹង​ត្រូវទៅចូលរួមក្នុងប្រតិបត្តិការនេះថា ៖ “យើង​មិន​ភន្តច្រឡំច្រើននោះទេ។ យើងនឹងរក​ឃើញប្លាស្ទីក។ នៅទីនេះ ដំណើរការគឺពីធម្មជាតិ ដោយសារតែ គ្រប់មជ្ឈដ្ឋាននៅក្នុងបរិស្ថាននឹងត្រូវបាន​សិក្សា។

 

វត្តមាន​នៃមីក្រូប្លាស្ទីកទាំងនេះនៅក្នុងខ្យល់ក៏ដូចជា នៅក្នុង​ទឹក​បានផ្តល់នូវចំណោទបញ្ហា​ដ៏​ធំធេង​​នៃសុខភាពសាធារណៈ។ ព្រោះថា​ភាគច្រើននៃ​ភាគ​ល្អិត​តូចៗទាំងនេះ ត្រូវបានគ្រប​ដណ្តប់​ដោយជាតិពណ៌ លោហៈធ្ងន់ និងមូលេគុលសរីរាង្គ។ ពួកវាងាយស្រួលនឹងត្រូវបាន​ស៊ី​ដោយ​ពពួកខ្យង និងត្រី។ ដូច្នេះ ក៏ចូលទៅក្នុងចង្វាក់ចំណី​អាហារដែលមានមនុស្សផងដែរ។ ដូច្នេះបើតាមការរាប់របស់អង្គការមូលនិធិសត្វព្រៃពិភពលោក សកលវិទ្យាល័យញូវ ខាសល់ អូស្រ្តាលី បានកំណត់ថា ភាវរស់នីមួយៗ ធ្លាប់បានស៊ីប្រមាណជា ២០០ បំណែកតូចៗនៃ​ប្លាស្ទីកជារៀងរាល់សប្តាហ៍ ឬ២១ក្រាមក្នុងមួយខែ ២៥០ក្រាម ក្នុងមួយឆ្នាំ។ សព្វថ្ងៃនេះ ឥទ្ធិពល​របស់វាទៅលើសុខភាពមនុស្សនៅមិនទាន់បានស្គាល់ច្រើន និងសិក្សាបានតែបន្តិច​បន្តួច​ប៉ុណ្ណោះ។

Add new comment

1 + 10 =

Please wait while the page is loading