ចូរយើងស្វែងរកវប្បធម៌រួមគ្នានៃធម្មជាតិ

សត្វរំពេ​ហើរ​ក្នុង​ទន្លេ​នៅប្រទេស​មីយ៉ាន់ម៉ា។

ជា​លើក​ទី​មួយ ក្នុង​ប្រវត្តិ​សាស្រ្ត អ្នក​ជំនាញ​បរិស្ថាន​បាន​បញ្ជាក់​ថា ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ជា​គ្រឹះ​នៃ​ទស្សន​វិស័យ គុណ​តម្លៃ និង​គំរូ​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​យើង​ចំពោះ​ពិភព​លោក​ទេ​នោះ យើង​នឹង​មិន​អាច​ទទួល​បាន​នូវ​គោលដៅ​ចីរភាព​ណា​មួយ ដែល​ត្រូវ​បាន​គេ​អនុម័ត​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ទេ ពីព្រោះ​ធម្មជាតិ​នឹង​រង​ការ​ខូច​ខាត។ ហើយ​ធម្មជាតិ​តែង​មាន​តម្លៃ​ខ្លាំង​ក្លា​ចំពោះ​យើង​ដែល​ជា​មនុស្ស​ជាតិ។​

 

របៀប​របប​រស់​នៅ​របស់​យើង​សព្វ​ថ្ងៃ មិន​​ធ្វើ​ឲ្យ​យើង​បាន​ដើរ​លេង​ច្រើន​នៅ​ក្នុង​ធម្មជាតិ​នោះ​ទេ...ហើយ​​សម្រាប់​ក្មេងៗ គឺ​ជា​វ័យ​ដែល​ការទាក់​ទង​ជាមួយ​ធម្មជាតិ​គឺ​មាន​ភាព​រស់រវើក​ជា​ទី​បំផុត ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ ពួក​គេ​បាន​ចេញ​ទៅ​លេង​ខាង​ក្រៅ​កាន់​តែ​តិច​ទៅៗ។

 

យើង​ក៏​ភ្លេច​ផង​ដែរ​ថា ឪពុក​ម្តាយ​និង​ជីដូន​ជីតា​របស់​យើង​បាន​ចំណាយ​ពេល​វេលា​ភាគ​ច្រើន​របស់​ពួកគាត់​ជាមួយ​ធម្មជាតិ។ ជារឿយៗ យើង​ប៉ាន់​ប្រមាណ​ថា ទីកន្លែង​ដែល​យើង​ផ្តល់​ឲ្យ​ពួកគាត់​រស់​នៅ គឺល្អ និង​ល្មម​គ្រប់​គ្រាន់​ហើយ ដោយ​មិន​បាន​គិត​ថា វា​គឺ​ខ្សោយ​ណាស់​បើ​គិត​ទៅដល់​ជំនាន់​ពួកគាត់។ នេះ​គឺជា​អ្វី​ដែល​សាស្រ្តាចារ្យ ចិត្ត​វិទ្យា ភីតធឺ កាន់ រំឭក៖ “ការ​បាត់បង់​ការ​ចងចាំ​បរិស្ថាន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ”។ ធម្មជាតិ​គឺ​ជា​ប្រភព​ដែល​មិន​ចេះ​រីង​ស្ងួត​សម្រាប់​ការស្រមើ​ស្រមៃ។ នេះ​គឺ​ជាការ​បំភ្លេច​អំពី​សេវាកម្ម​ដ៏​ទូលាយ​ដែល​ផ្តល់​ដោយ​ធម្មជាតិ​សម្រាប់​សង្គម​មនុស្ស៖ ពី​ចំណី​អាហារ​រហូត​ដល់​ការ​បន្សុទ្ធ​ខ្យល់​ដោយ​ឆ្លង​កាត់​តាម​រយៈ​ទឹក។ ដោយ​គ្មាន​ធម្មជាតិ យើង​នឹង​មិន​ស្គាល់​នូវ​លក្ខខណ្ឌ​ជីវិត​ដូចគ្នា​ដូច​ជា​ពេល​នេះ​នោះ​ទេ។

ចូរ​ប្រកាន់​យក​ឧទាហរណ៍​មួយ​ចំនួន​ផ្ទាល់។ តួ​យ៉ាង ធម្មជាតិ​បាន​ធ្វើ​ល្អ និង​ផ្តល់​ផល​ល្អ​ចំពោះ​យើង។ អ្នក​ចិត្ត​វិទ្យា និង​អ្នក​ប្រសាទ​វិទ្យា បាន​បញ្ជាក់​អំពី​រឿង​នេះ។ នៅ​ពេល​មនុស្ស​ស្ថិត​នៅ​ក្នុង​​លំហ​បៃតង ការផ្តោត​អារម្មណ៍​ខាង​ផ្លូវ​ចិត្ត​មាន​ភាព​ប្រសើរ​ឡើង។ ធម្មជាតិ កាត់​បន្ថយ​ស្រ្តេស​របស់​យើង ជួយ​យើង​ឲ្យ​មាន​ថាមពល​កាន់តែ​រហ័ស និង​ភាព​រហ័ស​រហួន។ ចំណែក​ជំងឺ​ក៏​ឆាប់​ជា​សះ​ស្បើយ។

 

ម្យ៉ាង​វិញ​ទៀត​សម្រាប់​ក្មេងៗ ធម្មជាតិ​បាន​ជំរុញ​ឲ្យ​គេឲ្យ​មាន​ការស្រមើ​ស្រមៃ​ខ្ពស់។ តើ​យើង​នៅ​ចង​ចាំ​​ពេល​ដែល​យើង​រត់​លេង​នៅ​ខាង​ក្រៅ ហើយ​មានរឿងរ៉ាវ​ជាច្រើន​ដែល​យើង​អាច​រៀប​រាប់​នៅ​ពេល​យើង​ដើរ​រុក​ព្រៃ ភាពប្រថុយ​ប្រថាន​ដែល​យើង​ត្រូវ​ឆ្លង​ស្ទឹង​ពេល​ខ្លះ​មាន​ក្រពើ​​ទៀត ភាព​រីករាយ​ដែល​យើង​មាន​នៅ​ពេល​យើង​បរិភោគ​ជាមួយ​ឪពុក​ម្តាយ​​នៅ​ក្រោម​​ដើម​ឈើ ឬ​នៅ​ពេល​យើង​លេង​គ្រាប់​គ្រួស​ ដី ទឹក មាន​ជាប់​ស្មៅ​ខ្លះ និង​ស្លឹក​ឈើ​ខ្លះ...

 

ដោយសារ​តែ​វា​មិន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស ធម្មជាតិ​បាន​បង្កើត​ភាព​ដែល​អាច​ទៅ​រួច​ជា​ច្រើន​អនេក។ ធម្មជាតិ​បើក​ចំហ សម្រាប់​គ្រប់​ការផ្សង​ព្រេង និង​គ្រប់ការ​ស្រមើ​ស្រមៃ។ ដូច​ដែល​លោក​ល្វី ឆឡា អ្នក​ចិត្ត​វិទូ​នៃ​បរិស្ថាន រឭក​យើង​ថា ក្មេង​ម្នាក់​ដែល​លេង​នៅ​ខាង​ក្រៅ ដោយ​សេរី និង​គ្មាន​ការបង្ខិត​បង្ខំ មាន​ទំនុកចិត្ត​លើ​រាងកាយ​ខ្លួនឯង​ដោយ​ហ៊ាន​ធ្វើការ​ផ្សង​ព្រេង និង​សាក​ល្បង​សមត្ថភាព​របស់​ខ្លួន។ ដូច្នេះ​គេ​អាច​ជម្នះ​បាន​ដោយ​សមត្ថភាព និង​ស្វ័យ​ភាព។

 

ចុងក្រោយ​ដោយ​របៀប​មុជ​ឲ្យ​កាន់​តែ​ជ្រៅ ជ្រមុជ​ចូល​ដោយ​បទពិសោធ​ជាមួយ​ធម្មជាតិ ដោយ​មិន​មែន​គ្រាន់​តែ​មាន​ស្មារតី ប៉ុន្តែ​ក៏​ត្រូវ​មាន​រំជួល​អារម្មណ៍ និង​ការពិចារណា អាច​ដោយ​គ្មាន​ការសង្ស័យ ភ្ជាប់​យើង​ជាមួយ​នឹង​ភាវរស់​ដែល​មិនមែន​ជា​មនុស្ស ដែល​យើង​មិន​ទាន់​អាច​គ្រប់គ្រង​បាន​ទាំង​ស្រុង និង​យើង​មិន​ទាន់​យល់​បាន​អស់។ ហើយ​ភាវរស់​ទាំង​នោះ មាន​ទំនាក់​ទំនង​ស្មុគ​ស្មាញ និង​ប្រកប​ដោយ​ថាមភាព​ជាមួយ​យើង។ ធម្មជាតិ​ពេល​ខ្លះ​ដែល​យើង​ហៅ​វា​ថា ជា​ពពួក​ព្រៃ ប៉ុន្តែ​ដូច​ដែល​ទស្សន​វិទូ វៀហ្ស៊ីនី ម៉ារីស រំឭក​អំពី​រឿង​នេះ​ថា​ វា​គឺ​ជាពពួក​ព្រៃ។ ប៉ុន្តែ​ទី​បំផុត វា​ព័ទ្ធ​ជុំវិញ​យើង​គ្រប់​ទីកន្លែង។

យើង​ត្រូវ​ហ៊ាន​និយាយ​អំពី​ធម្មជាតិ! យើង​ទាំងអស់​គ្នា​បាន​រស់​នៅ​ដោយ​មាន​បទពិសោធ​ជាមួយ​ធម្មជាតិ ដែល​ជាទូទៅ​យើង​បាន​រក្សា​ទុក​សម្រាប់​ផ្ទាល់​ខ្លួន​របស់​យើង។ និយាយ​អំពី​ធម្មជាតិ និង​ស្ថាន​ជីវចម្រុះ នៅ​ក្នុង​សង្គម​ទំនើប ជារឿយៗ វា​ហាក់​ដូចជា​យើង​ស្រមើ​ស្រមៃ សិល្បករ ជា​កូន​ក្មេង... ឬ​មួយ​ជា​អ្នក​មិន​ខិត​ខំ​ពុះពារ​ប្រឹង​ប្រែង​ដើម្បី​ជោគជ័យ។ ការ​អង្គុយ​​រវើ​រវាយ​នៅ​មាត់​សមុទ្រ ឬ​នៅ​ស្ងៀម​ស្ងាត់​ស្តាប់​ចាប​យំនៅ​កណ្តាល​វាល​ស្រែ វា​ដូច​ជា សកម្មភាព​រវើ​រវាយ​ពេក។

 

ប៉ុន្តែ​ពិភពលោក​ដែល​គ្មាន​ស្ថាន​ជីវចម្រុះ និង​ធម្មជាតិ​នឹង​ជា​ពិភព​លោក​ដែល​មាន​រចនាបទ​សាច់​ភ្លេង​តែ​មួយ​ប្រភេទ...ពិភព​លោក​ដែល​គ្មាន​ពាក្យ​និយាយ​ដើម្បី​ពិព័ណនា ឬ​និយាយ​អំពី​ធម្មជាតិ។ នេះ​គឺ​ជា​ពិភពលោក​ដែល​ត្រូវ​បាន​គេ​បំភ្លេច​យ៉ាង​ពិត​ប្រាកដ។

 

វា​គឺ​ជា​ដំណឹង​ល្អ​ដោយសារ​តែ​ស្ថាន​ជីវ​ចម្រុះ​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​អំពី​សកម្មភាព​យ៉ាង​រស់​រវើក ៖ ចាប់​តាំង​ពី​គេ​មាន​ការ​ព្រួយ​បារម្ភ វា​ក៏​ចាប់​ផ្តើម​ស្ថាបនា​ខ្លួន​ឡើង​វិញ។ នៅ​ពេល​ដែល​អ្នក​​ឈប់​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​នៅ​ក្នុង​សួន​ផ្កា​របស់​អ្នក មេ​អំបៅ​នឹង​ត្រឡប់​មក​វិញ​ក្នុង​រវាង​មួយ​ឆ្នាំ ឬពីរ​ឆ្នាំ។ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​ជារួម​នឹង​ព្យួរ​ការនេសាទ​ត្រីតុង​ក្រហម​នៅ​សមុទ្រ​មេឌីទែរ៉ាណេ ចំនួន​របស់​ត្រី​បាន​កើន​ឡើង​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ រហូត​ដល់​ការនេសាទ​អាច​ចាប់​ផ្តើម​ឡើង​វិញ​បាន​នៅ​ឆ្នាំ​នេះ។

 

ប៉ុន្តែ​គេ​ត្រូវ​តែ​ទៅឲ្យ​លឿន មុន​នឹង​អ្វីៗ​ត្រូវ​បាត់​បង់។ ទាំង​នេះ​គឺជា​សំណើរ​របស់​យើង។ សូម​ចាប់​ផ្តើម​ទាក់​ទង​ជាមួយ​ធម្មជាតិ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដោយ​កុំ​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​ខាត​ពេល​វេលា បន្ទាប់​មក​និយាយ​អំពី​ធម្មជាតិ ដូច​គ្នា​នឹង​អ្វី​ដែល​យើង​បាន​រក​ឃើញ ទោះបី​វិជ្ជមាន​ក្តី ឬ​អវិជ្ជ​មាន​ក្តី៕

Add new comment

1 + 3 =

Please wait while the page is loading