ការលួច​បរ​បាញ់​សត្វល្មើស​ច្បាប់​ធ្វើ​ឲ្យ​អ្នក​មាន​អាជីព​ខាង​ទេសចរណ៍នៅអាហ្វ្រិកព្រួយបារម្ភ

នៅ​ទ្វីប​អាហ្រ្វិក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បរ​បាញ់​សត្វ​ល្មើស​ច្បាប់​ គឺ​នៅ​ចំណុច​ស្នូល​នៃ​ការ​ព្រួយ​​បារម្ភ​របស់​អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍។ ប៉ុន្តែ​សកម្មភាព​បរ​បាញ់​សត្វ​ល្មើស​ច្បាប់ ​មាន​ជា​អាទិ៍ ការ​បរ​បាញ់ សត្វ​រមាស និង​ដំរី នៅ​តែ​មាន​ចំនួន​ច្រើន។

 

រឿង​នេះ​ក៏​បាន​ធ្វើឲ្យ​អ្នក​មាន​អាជីព​ខាង​វិស័យ​ទេសចរណ៍​​មាន​ការ​ព្រួយ​បារម្ភ។ ពួកគេ​បាន​ដាក់​ការ​សង្ស័យ​ថា រឿង​នេះ​នឹង​រាំង​ខ្ទប់​លំហូរ​អ្នក​ទេសចរណ៍​បរទេស​មក​លេង​ទ្វីប​អាហ្វ្រិក​នេះ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​យ៉ាង​ច្រើន។  

 

លោក​ណា​ឡឺ​ឌី ខា​បូ ប្រធាន​សមាគម​ទេសចរណ៍​អាហ្វ្រិក នៅ​ឱកាស​កិច្ច​ប្រជុំ​កំពូល​វិស័យ​​ទេសចរណ៍​នៅ​អាហ្វ្រិក​ខាង​ត្បូង បាន​និយាយ​ដោយ​សង្ខេប​ថា ៖ “វា​ជា​ការពិត ទង្វើ​នេះ​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​វិស័យ​ទេសចរណ៍”។ លោក​ណា​ឡឺ​ឌី ខាបូ បន្ថែម​ថា ៖ “មិន​ថា​ជា​ការ​ស្លាប់​របស់​មនុស្ស ឬ​សត្វ ដោយសារ​ហេតុ​ផល​អ្វី​ ស្លាប់​ដូច​គ្នា តែ​នឹង​ផ្តល់​វិបាក​ដ៏​ធ្ងន់​ធ្ងរ​មក​លើ​សកម្មភាព​របស់​យើង​ខាង​វិស័យ​ទេសចរណ៍”។

 

ការ​ស្លាប់​របស់​សត្វ​រមាស ១១​ក្បាល នៅ​ប្រទេស​កេនយ៉ា កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ការចង​ចាំ​នៅ​ឡើយ។ នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ព្រឹត្តិការណ៍​ជាច្រើន​បាន​ធ្វើ​ឲ្យ​ស្រអាប់​​រូប​ភាព​តំបន់​ការពារ​សត្វ​ព្រៃ​នៃ​ទ្វីប​អាហ្រ្វិក ដែល​ជា​តំបន់​ទាក់​ទាញ​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​តំបន់​ទាក់​ទាញ​ទេសចរណ៍​ជា​ច្រើន។​ ជា​ដំបូង​គឺ​ការ​បរាជ័យ​ក្នុង​ការ​ដឹក​ជញ្ជូន​ដែល​ត្រូវ​បាន​រៀប​ចំ​មិន​បាន​ល្អ​នូវ​រមាស​ចំនួន ១១​ក្បាល នៃ​ឧទ្យាន​កេន​យ៉ា​ទៅ​ទី​កន្លែង​ដទៃ​ទៀត ដែល​​បណ្តាល​ឲ្យ​សត្វ​រមាស​ស្លាប់​ដោយ​សារ​ការ​ខ្វះ​ជាតិ​ទឹក។ លោក​ណាជីប បាឡាឡា រដ្ឋ​មន្ត្រី​​ក្រសួង​​ទេសចរណ៍​នៃ​ប្រទេស​កេនយ៉ា បាន​ទទួល​ស្គាល់​ថា ៖ “នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​​​ណាស់...។ វា​ច្បាស់​ណាស់​ថា កិច្ចការ​នេះ​អនុវត្ត​មិន​បាន​ល្អ​ដោយ​មន្រ្តី​របស់​ខ្ញុំ ហើយ​យើង​​បាន​ប្រកាន់​យក​វិធាន​ការ​ផ្សេងៗ​ដើម្បី​ជួស​ជុល​រឿង​នេះ”។  

 

បន្ទាប់​មក​មាន​រឿង​រ៉ាវ​​​អំពី​សត្វ​ដំរី​នៅ​ប្រទេស​បូស្វាណា ដែល​ជា​ជម្រក​នៃ​សត្វ​ដំរី​ច្រើន​បំផុត​នៅ​ទ្វីប​អាហ្វ្រិក។ ប្រទេស​នេះ​មាន​កម្លាំង​ប្រដាប់​អាវុធ​ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​​ ដែល​បាន​​ប្រែ​ក្លាយ​ប្រទេស​នេះ​ជា​គំរូ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការបរ​បាញ់​ខុស​ច្បាប់។ ប៉ុន្តែ​នៅដើម​ខែ​កញ្ញា ឆ្នាំ២០១៨ អង្គការ​មួយ​បាន​បរិហារ​អំពី​ការស្លាប់​របស់​ដំរី​រមាស​រាប់​រយ​ក្បាល​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​មួយ​ដែល​មិន​ដែល​ធ្លាប់​មាន ដែល​ការ​ស្លាប់​នេះ​ទាក់​ទង​​នឹង​ការ​​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​ក្នុង​ការ​ដក​ហូត​អាវុធ​ពី​អាវុធ​ហត្ថ​របស់​ខ្លួន។ ចំណែក​រដ្ឋាភិបាល​ហ្គាបុង និងអ្នក​វិទ្យាសាស្រ្ត​បាន​ចោទ​សួរ​អំពី​ការ​ពិត​នៃ​ការ​ស្លាប់​រង្គាល​នេះ។ សត្វ​ជា​ច្រើន​បាន​ស្លាប់​ដោយ​ដើម​ហេតុ​ធម្មជាតិ ប៉ុន្តែ​យឺត​ពេល​ហើយ​កិត្តិនាម​របស់​ប្រទេស​នេះ​បាន​ទទួល​របួស​អំពី​ឧប្បត្តិ​វ​ហេតុ​នេះ​ទៅ​ហើយ។

ឥឡូវ​មាន​កិច្ច​ប្រឹង​ប្រែង​ថែ​រក្សា​ដោយ​កម្លាំង​ដែល​ត្រូវ​ចល័ត​រហូត។ ឧក្រិដ្ឋកម្ម​បរិស្ថាន​មាន​តម្លៃ​ច្រើន​ជាង ៧០​ពាន់​លាន ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ។ ទ្វីប​អាហ្រ្វិក​គឺ​ជា​​ផ្ទាំង​ស៊ីប​សម្រាប់​អ្នក​បរបាញ់​ខុស​ច្បាប់ ដែល​ប្រមូល​យក​ភ្លុក​ដំរី និង​ខ្នាយ​រមាស​ដើម្បី​​គ្រាន់​តែ​ធ្វើ​ជា​វត្ថុ​កំសាន្ត​ដែល​មាន​តម្លៃ​ខ្ពស់ និង​សម្រាប់​តម្រូវ​ការ​វេជ្ជសាស្រ្ត​បុរាណ​របស់​ទ្វីប​អាស៊ី។  ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ដែល​ទទួល​យក​អ្នក​ទេសចរណ៍​មក​មើល​សត្វ​ព្រៃ បាន​ពង្រឹង​យ៉ាង​ខ្លាំង​ក្លា​នូវ​មធ្យោបាយ​របស់​ពួកគេ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំនួញ​​​ខុស​ច្បាប់​ខាង​ភ្លុក​ដំរី។

 

ការ​ខិត​ខំ​ប្រឹង​ប្រែង​គឺ​ត្រូវ​ការ​កង​កម្លាំង​ដែល​តម្រូវ​ឲ្យ​ចល័ត​ជា​ប្រចាំ។ លោក​ណា​ឡឺ​ឌី ខាបូ ពន្យល់​ថា ៖ “វា​មាន​សារៈ​សំខាន់​ដែល​ថា រដ្ឋាភិបាល និង​អ្នក​មាន​អាជីព​ខាង​​ទេសចរណ៍​ចូល​រួម​​គ្នា​ប្រកាន់​យក​វិធាន​ការ​ខ្លាំង​ក្លា និង​ដាក់​ទោស​ឲ្យ​បាន​ធ្ងន់​ធ្ងរ​សម្រាប់​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។”

 

យោង​តាម​អ្នក​និពន្ធ​រឿង​ខ្លី​នៃ​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​នៅ​ទ្វីប​អាហ្វ្រិក កញ្ញា អានីតា មេន​ឌីរ៉ាត​តា បាន​ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​នឹង​អ្នក​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់ និង​អ្នក​បរ​បាញ់​សត្វ​ព្រៃ​​ខុស​ច្បាប់​ក៏​ជា​សំណើរ​របស់​អ្នក​ទស្សនា​ចរ​ផង​ដែរ។ កញ្ញា​អានីតា មេនឌី​រ៉ាតតា បញ្ជាក់​ថា ៖ “អ្នក​ទេសចរណ៍​បាន​ប្រាប់​យើង​ថា វា​មិន​ល្អ​ទាល់​តែ​សោះ ដែល​សត្វ​ព្រៃ​នៅ​តែ​ស្លាប់។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បរបាញ់​ខុស​ច្បាប់​គឺ​នៅ​ចំ​កណ្តាល​នៃ​ក្តី​ព្រួយ​បារម្ភ​របស់​យើង។”  សេនា​ជន​ការពារ​បាន​ប្រែ​ក្លាយ​ជា​ធាតុ​យ៉ាង​សំខាន់​នៃ​ឧស្សាហកម្ម​ទេសចរណ៍​​​របស់​យើង”។

 

អតីត​កង​អាវុធ​ហត្ថ​តង់​សានី ដែល​ប្តូរ​មក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ទស្សនា​សត្វ​ព្រៃ លោក ឡូសឺរៀន ឡេហ្សឺ គិត​ថា ការ​អភិរក្ស​ជ្រុល​បំផ្លាញ​​ទេសចរណ៍​ទៅ​វិញ​ទេ។ លោក​ឡូសឺរៀន ឡេហ្សឺ បរិយាយ​ថា នៅ​ក្នុង​ឧទ្យាន​ជាតិ​ដ៏​ល្បី​ល្បាញ​នៃ​ទ្វីប​អាហ្រ្វិក​ខាង​ត្បូង គ្រូហ្សឺ អ្នក​ទស្សនា​ទាំងឡាយ​បាន​ត្អូញ​ត្អែរ​នឹង​សំឡេង​យន្ត​ហោះ​ឈ្លប​ការណ៍​មើល​សត្វ ដែល​ហោះ​​ក្រវែល​ចុះ​ឡើង។  លោក​ឡូសឺរៀន ឡេហ្សឺ​បន្ថែម​ថា ៖ “ប៉ុន្តែ​យើង​បាន​ឈ្នះ​ការ​ប្រឈម​មុខ។ ខ្ញុំ​សូម​អបអរសាទ​ចំពោះ​អ្នក​អភិរក្ស​សត្វ​ព្រៃ។ មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​យល់​ថា វា​មាន​សារៈ​សំខាន់​ចាំ​បាច់​ខាន​មិន​បាន​ក្នុង​ការ​អភិរក្ស​សត្វ​ដើម្បី​វិស័យ​ទេសចរណ៍។ ប៉ុន្តែ​គេ​ត្រូវ​សាក​ល្បង​ការពារ​សត្វ​តាម​របៀប​ដែល​កាន់​តែ​ឆ្លាត​វាង​វៃ។ 

 

លោក​ឡូសឺរៀន ឡេហ្សឺ វិនិច្ឆ័យ​ថា ការ​បរ​បាញ់​ខុស​ច្បាស់​មិន​មែន​ជា​រឿង​តែ​មួយ​ដែល​គំរាម​កំហែង​ដល់​សត្វ​ព្រៃ​នោះ​ទេ។ លោក​ឡូសឺរៀន ឡេហ្សឺ បញ្ជាក់​ថា ៖ “បញ្ហា​គឺ​ការ​សាង​សង់​កាន់​តែ​ច្រើន​ឡើងៗ​នូវ​ហេដ្ឋា​រចនា​សម្ពន្ធ​ដើម្បី​ទទួល​យក​អ្នក​មក​ទស្សនា​សត្វ​នៅ​ទ្វីប​អាហ្រ្វិក។ រឿង​នេះ​ក៏​បាន​បំផ្លាញ​បរិស្ថាន និង​ទី​កន្លែង​របស់​សត្វ​ផង​ដែរ។ ដូច្នេះ​គេ​ត្រូវ​តែ​គ្រប់​គ្រង​ឲ្យ​បាន​នូវ​ការ​វិវត្តន៍​នេះ”៕

Add new comment

12 + 2 =

Please wait while the page is loading