សន្តសិលា កានីសស៊ីអូស (St. Peter Canisius, 1521-1597)

សន្តសិលា កានីសស៊ីអូស (St. Peter Canisius)

សន្តសិលា កានីស ជាសន្តឧបការី៖ ប្រទេសអាល្លឺមង់ កាសែតកាតូលិក អ្នកនិពន្ធលទ្ធិជំនឿកាតូលិក។

 

លោកជាបុគ្គលសំខាន់ម្នាក់ក្នុងសតវស្សទី ១៦។ លោកជាបូជាចារ្យក្រុមបព្វជិតសហជីវិនព្រះយេស៊ូ និងជាគ្រូបាធ្យាយរបស់ព្រះសហគមន៍ ព្រោះលោកជាអ្នកធ្វើធម្មទេសនា ជាអ្នកនិពន្ធ ជាអ្នកផ្តល់ការអប់រំ ជំនឿយ៉ាងរឹងមាំនៅប្រទេសអាល្លឺម៉ង់ អូទ្រីស ស្វីស និងប្រទេសក្នុងអឺរ៉ុបកណ្តាល ដែលកំពុងមានបញ្ហាអំពីជំនឿនាពេលនោះ។

 

លោកកើតនៅប្រទេសហូឡង់ នៅឆ្នាំ ១៥២១។ ឪពុករបស់លោកជាមន្ត្រីរាជការមានឋានៈខ្ពស់ ប៉ុន្តែម្តាយរបស់លោកបានស្លាប់ ក្រោយបង្កើតលោកមិនយូរប៉ុន្មានទេ។ លោកបញ្ចប់ការសិក្សាពីសកល​វិទ្យាល័យនៅក្រុងកូឡូញ ពេលនោះលោកមានអាយុ ១៥ ឆ្នាំ ហើយបានអនុបណ្ឌិតពេលលោកមានអាយុ មិនលើស ២០ ឆ្នាំ។ លោកមានមិត្តភក្តិច្រើនដែលមានជំនឿកាតូលិកមាំមួន ទោះបីមានប្រូតេស្តង់រីកចម្រើន នៅប្រទេសអាល្លឺម៉ង់ក៏ដោយ។

 

ឪពុករបស់លោកចង់ឲ្យលោករៀបការ ប៉ុន្តែលោកសម្រេចចិត្តរស់នៅលីវ។ បីឆ្នាំក្រោយមក លោកចូល ក្រុមបព្វជិតសហជីវិនព្រះយេស៊ូ។ លោកបានបង្កើតផ្ទះដំបូងរបស់ក្រុមនៅប្រទេសអាល្លឺម៉ង់។ នៅឆ្នាំ ១៥៤៦ លោកទទួលការតែងតាំងជាបូជាចារ្យ ហើយមានតួនាទីសំខាន់និង​បាន​បង្ខំឲ្យលោកអភិបាល ហើមេន (Hermann) នៅវីឌ (Wied) របស់កូឡូញលាលែងពីមុខងារ ព្រោះលោកកាន់ជំនឿតាមបែបប្រូតេស្តង់។

 

ក្រោយតែងតាំងជាបូជាចារ្យមួយឆ្នាំ លោកធ្វើការជាមួយលោកអភិបាលអូសប៊ើក (Augsburg) ទៅចូលរួមមហា​សន្និបាតក្រុងត្រង់ ក្នុងឋានៈជាទីប្រឹក្សាខាងទេវវិទ្យា។ លោកធ្វើការខ្លះជាមួយសន្ត​អ៊ីញ៉ាស់ នៅឡូយ៉ូឡា មុនធ្វើដំណើរទៅបាវ៉ារីយ៉ា​ដើម្បីបង្រៀននៅសកលវិទ្យាល័យ​អប់រំជំនឿនិងធ្វើធម្មទេសនា។ កិច្ចការខាង​ចំណេះនិងការណែនាំ ថែទាំដូចគង្វាល​របស់លោកនៅតែបន្តនៅក្រុង​វីយ៉ាណា។ លោកទៅសួរសុខទុក្ខ និងជួយការងារនៅតាមព្រះវិហារក្នុងប្រទេសអូទ្រីសជាច្រើន ព្រោះអត់មានលោកបូជាចារ្យ។

 

នៅឆ្នាំ ១៥៥០ លោកទៅប្រកាសដំណឹងល្អនៅក្រុងប្រាក ហើយបង្កើតសាលារៀនក្រុមសហជីវិនព្រះយេស៊ូនៅទីនោះ ហើយមួយកន្លែងទៀតនៅបាវ៉ារីយ៉ា និងម៉ិវនិក។ ឆ្នាំ ១៥៥៥ សន្ត​អ៊ីញ៉ាស់ បានតែងតាំងលោកជាប្រធានធំរបស់ក្រុមគ្រួសារ។ លោកបំពេញមុខងារនេះរហូតដល់ឆ្នាំ ១៥៦៩។ លោកបានបោះពុម្ពលទ្ធិជំនឿកាតូលិកដែលលោកបានសរសេរ។ សៀវភៅនេះក្រោយមក បានបន្តការបោះពុម្ព រាប់រយដង ហើយប្រើយូរ​ច្រើនសតវស្ស។

 

លោកធ្វើការធ្ងន់ ដើម្បីឲ្យគោលការណ៍ពីមហាសន្និបាតក្រុងត្រង់ អនុវត្តនៅប្រទេស​អាល្លឺម៉ង់។ លោកព្យាយាមមិនចេះនឿយហត់ជាងម្ភៃឆ្នាំ ដោយស្តារជំនឿកាតូលិកឡើងវិញ។ នៅឆ្នាំ ១៥៨០ លោកចង់ធ្វើបែបនេះដូចគ្នានៅក្រុង Freibourg នៅប្រទេសស្វីស។

 

លោកមានបទពិសោធខាងផ្លូវវិញ្ញាណយ៉ាងជ្រៅ។ នៅឆ្នាំ ១៥៨៤ លោកឈប់ធ្វើដំណើរហើយរស់នៅ នៅប្រទេសស្វីសនៅចុងក្រោយនៃជីវិតរបស់លោក។ លោកកសាងព្រះសហគមន៍នៅ Freibourg ដោយធ្វើ​ធម្មទេសនា បង្រៀននិងសរសេរសៀវភៅ។ លោកទទួលមរណភាពនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៥៩៧។

 

សម្តេចប៉ាបពីយ៉ូទី ១១ ប្រកាសតែងតាំងលោកជាសន្តបុគ្គលនិងជាគ្រូបាធ្យាយរបស់ព្រះសហគមន៍ នៅឆ្នាំ ១៩៥២។

 

រិះគិត៖

+ ការរស់នៅដោយមានជំនឿស្មោះត្រង់ គឺជាព្រះអំណោយទានយ៉ាងខ្លាំង របស់គ្រីស្តបរិស័ទកាតូលិក ដែលមានព្រះសហគមន៍បន្តជំនឿពីសន្តសិលា មានព្រះគម្ពីរនិងប្រពៃណីព្រះសហគមន៍។ តើយើងឈ្វេង​យល់ជីវិតបែបកាតូលិកយ៉ាងណា ហើយជំនឿរបៀបនេះជួយបងប្អូនទេ?

+ ជួនកាលយើងមិនសូវច្បាស់លាស់អំពីជំនឿ ព្រោះយើងអត់សូវយល់ច្បាស់ដែរ ដូច្នេះ សូមឲ្យសន្ត​សិលា កានីស ជួយអង្វរព្រះជាម្ចាស់ឲ្យយើងផង។

 

អធិដ្ឋាន៖

+ បពិត្រព្រះជាម្ចាស់ សូមឲ្យជំនឿតាមរយៈព្រះសហគមន៍កាតូលិក ជួយឲ្យខ្ញុំជឿជាក់ថា ព្រះអង្គកំពុង ដឹកនាំព្រះសហគមន៍របស់ព្រះអង្គផង តាមរយៈសន្តបុគ្គលរបស់ព្រះអង្គ។

+ សូមឲ្យយើងខ្ញុំឈ្វេងយល់កាន់តែច្រើនតាមព្រះបន្ទូល និងតាមគំនិតរបស់មហាសន្និបាត ដើម្បីឲ្យយើងខ្ញុំ ជាពន្លឺរបស់ព្រះអង្គក្នុងលោកនេះផង។

Add new comment

1 + 0 =

Please wait while the page is loading